សង្គ្រាម​ប្រឆាំង​ក្រុមហ៊ុន​ចិន ដើម្បី​រក្សា​អត្តសញ្ញាណ​ខ្លួន នៅ​​ព្រះ​វិហារ

អង្រឹងនិងខ្ទមមួយចំនួន បានលេចរូបរាងកណ្តាលព្រៃ ស្ថិតក្នុងឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ របស់​ជនជាតិភាគតិចគួយ ដែលបាននាំគ្នាក្រោកឈរ ប្រឆាំងជាមួយក្រុមហ៊ុនចិនចំនួន៥ ដែលបានទទួលដី​សម្បទាន​សេដ្ឋកិច្ចពីរដ្ឋាភិបាលលោក ហ៊ុន សែន និងដែលបានកំពុងឈូសឆាយដីព្រៃ របស់សហគមន៍ និងបំផ្លាញប្រាសាទ​បុរាណ នៅក្នុងតំបន់ក្នុងរបស់ពួកគេ។
Loading...
  • ដោយ: លោក គិន
  • កែប្រែចុងក្រោយ: March 18, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អង្រឹងនិងខ្ទមមួយចំនួន បានលេចរូបរាងកណ្តាលព្រៃ ស្ថិតក្នុងឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ របស់​ជនជាតិភាគតិចគួយ ដែលបាននាំគ្នាក្រោកឈរ ប្រឆាំងជាមួយក្រុមហ៊ុនចិនចំនួន៥ ដែលបានទទួលដី​សម្បទាន​សេដ្ឋកិច្ចពីរដ្ឋាភិបាលលោក ហ៊ុន សែន និងដែលបានកំពុងឈូសឆាយដីព្រៃ របស់សហគមន៍ និងបំផ្លាញប្រាសាទ​បុរាណ នៅក្នុងតំបន់ក្នុងរបស់ពួកគេ។


តង់ជម្រករបស់ជនជាតិភាគតិច គួយ ដែលទៅបោះការពារដីរប្បធម៌ខ្លួន នៅក្នុងព្រៃ។ (រូបថត MONOROOM.info/ Kin.Br)

វិបត្តិដីសម្បទាន - សក់រួច ក្រមាជាប់និងស្មា អ្នកស្រី ជ័យ ភ័ក្ភ អាយុ ៤៤ឆ្នាំ ជនជាតិគួយ បានថ្លែងឲ្យដឹងថា ពលរដ្ឋ​បាននាំគ្នាមកដេក​នៅក្នុងព្រៃ អស់រយៈពេលជិតបីខែទៅហើយ ប៉ុន្តែពុំមាននណាម្នាក់ ចេញមកមកស្វែងរក​ដំណោះ​ស្រាយឲ្យនោះទេ ក្រៅពីឈូសប្រាសាទវប្បធម៌របស់ពលរដ្ឋចោល។ អ្នកស្រីបានរៀបរាប់ថា៖ «មិនដែលមាន​អ្នក​ណា ហ៊ានប៉ះពាល់​ប្រាសាទដែលជាកន្លែងគោរពបូជា និងព្រៃនៅក្នុងតំបន់នេះទេ ទើបតែក្រុមហ៊ុនចិននេះ មកគេ​បំផ្លាញខ្ទិចខ្ទីរ​គ្មាន​សល់។ ដំបូងគេបំផ្លាញព្រៃនិងដីរបស់យើងអស់ ឥឡូវគេចាប់ផ្តើមបំផ្លាញប្រាសាទយើងទៀត ខ្ញុំ​ស្តាយៗរកពាក្យ​និយាយមិនកើត។ គេធ្វើយើងនេះ គឺចង់កប់យើងទាំងរស់តែម្តង គឺកប់ទាំងវប្បធម៌កប់​ទាំង​មនុស្ស។»

អ្នកស្រីថា ខាងក្រុមហ៊ុន នៅពេលដែលឈូសឆាយប្រាសាទហើយ ពួកគេបានយកទៅទុកនៅក្នុងក្រុមហ៊ុនរបស់គេ ប៉ុន្តែពួកគេ បានយកមកដាក់នៅកន្លែងដើមវិញ នៅពេលអាជ្ញាធរចុះមកធ្វើការស្រាវជ្រាវ។ អ្នកស្រីបានថ្លែងឲ្យ​ដឹង​ទៀតថា៖ «អាជ្ញាធរបានទុកដីនៅជុំវិញប្រាសាទ១ហិកតា មិនឲ្យក្រុមហ៊ុនធ្វើការឈូសឆាយ ហើយក៏មិនពលរដ្ឋ​ប៉ះ​ពាល់ដែរ បើអ្នកណាជីករំលើងកន្លែងប្រាសាទបន្ថែមទៀត អ្នកនោះគឺជាអ្នកទទួលខុសត្រូវចំពោះមុខច្បាប់»។

អ្នកស្រី ជ័យ ភ័ក្ភ បានថ្លែងឲ្យដឹងទៀតថា ប្រាសាទដែលក្រុមហ៊ុនឈូសបំផ្លាញនោះ មានផ្ទាំងលឹង្គព្រះឥសូ គេ​កំពុង​តែបំផ្លាញវប្បធម៌របស់ពួកជនជាតិគួយ ដែលបានថែរក្សាតាំងពីដូនតា។

អ្នកភូមិម្នាក់ទៀត លោក បុន ចាន់ហម ដែលកំពុងតែតស៊ូក្នុងការស់នៅក្នុងព្រៃនោះ បានឲ្យដឹងថា រស់នៅក្នុង​ព្រៃ​វាលំបាក មិនដូចការរស់នៅក្នុងផ្ទះនោះទេ ក្តៅក៏ក្តៅហើយគ្មានទឹកទៀត គឺត្រូវដឹកទឹកពីភូមិដើម្បីហូប រូចនៅពេល​យប់រងារ។ ប៉ុន្តែពួកលោក ត្រូវតែទ្រាំដើម្បីការពារដី និងព្រៃ​ដែលនៅសល់តិចតួច ដើម្បីទុកឲ្យកូននិងក្មេងៗជំនាន់ ក្រោយឲ្យគេស្គាល់ថា តើស្អីទៅជាព្រៃអារក្ស ចំការវិលជុំ ដីកប់ខ្មោច។ លោកបានបកស្រាយទៀតថា៖ «បើយើងមិន​អាចការពារដីនិងព្រៃនេះបានទេ គឺយើងនឹងបាត់វប្បធម៌យើង ពីព្រោះប្រាសាទគេឈូសអស់ហើយមានអីសល់ទៀត នៅពេលដែលអស់អ្វីទាំងអស់ ក្មេងជំនាន់ក្រោយ អាចនឹងចេះធ្វើចំណាកស្រុកដូចជនជាតិខ្មែរទៅធ្វើខ្ញុំគេ បើទោះ​ជា​វប្បធម៌ពួកយើង មិនដែលដើរចេញពីភូមិស៊ីឈ្នួលគេក៏ដោយ តែជម្រើសចុងក្រោយគ្មានអ្វី​ទាំងអស់ មានតែធ្វើ​ដូច្នេះ»។

លោកបាននិយាយបន្តថា ក្រុមហ៊ុនទោះបីជាចង់អភិវឌ្ឍន៍ ក៏អភិវឌ្ឍន៍ទៅ គឺធ្វើយ៉ាងណា តាមគោលការណ៍របស់ដី​សម្បទាន​ ដូចលោកនាយករដ្ឋមន្ត្រីថា ស្បែកខ្លាគឺត្រូវឃ្វៀលដីរបស់ពលរដ្ឋចេញ បើប៉ះដីពលរដ្ឋ មិនមែនយកទាំង​អស់​នោះទេ។ លោកបានបញ្ជាក់ថា៖ «ព្រៃនេះ ពីមុនចេញពីផ្ទះទៅ យកតែអំបិលទៅជាមួយ មិនខ្វះម្ហូបទេ តែឥឡូវ​គ្មានអីទេក្រៅពីចំការអំពៅក្រុមហ៊ុន ហើយព្រៃវិញ នៅពេលណាដែលកាប់ធ្វើផ្ទះ ធ្វើឲ្យពលរដ្ឋឈឺលុះត្រាតែសែន​ឲ្យ​គេ ​ទើបជា។ តែបើក្រុមហ៊ុនឈូសអស់ទាំងឬស គ្មានឃើញកម្មករណាមួយឈឺទេ ខ្ញុំឆ្ងល់សែនឆ្ងល់តែម្តង។»

លោក អ៊ុង វីរៈ អនុប្រធានមន្ទីរវប្បធម៌ខេត្ត បានថ្លែងឲ្យដឹងថា ចំពោះករណីកម្មករឈូសប៉ះពាល់ប្រាសាទ​នោះ​គឺ​អាជ្ញាធរលោកបានចុះទៅ ស្រាវជ្រាវនិងដោះស្រាយរួចហើយ ដោយកំណត់ដី១០០ម៉ែត្របួនជ្រុង មិនឲ្យប៉ះពាល់​ព្រមទាំងដឹកយកទម្រប្រាសាទបុរាណនោះមកទុកនៅមន្ទីរហើយ។ មន្ត្រីរូបនេះ បានថ្លែងប្រាប់អ្នកការសែតថា៖ «តាមពិតអាជ្ញាធរ រឺក៏កម្មករ គ្មានចេតនាឈូសបំផ្លាញនោះទេ ប៉ុន្តែឈូសទៅវាប៉ះ គ្មានអ្នកណាចង់ទៅបំផ្លាញ​អត្តសញ្ញាណគាត់នោះ ទេ ចំណែកឯវិធានការយ៉ាងណា ចំពោះកម្មករទាំងនោះយើងរងចាំ អាជ្ញាធរខេត្ត​មិនដឹង​ថាតើត្រូវធ្វើយ៉ាងណានោះទេ»

តាមការស្រាវជ្រាវរបស់អង្គការក្រៅរដ្ឋាភិបាលបានឲ្យដឹងថា ក្រុមហ៊ុនចំនួន៥ ដូចជាក្រុមហ៊ុន ឡាន ហ្វេង ខេមបូឌា អ៊ីនធឺណេហ្សិនណល ខមភេនី លីមីធីត ក្រុមហ៊ុន រូយ ហ្វេង ខេមបូឌា អ៊ីនធឺណេហ្សិនណល ខមភេនី លីមីធីត ក្រុមហ៊ុន ហេង យូ ខេមបូឌា អ៊ីនធឺណេហ្សិនណល ខមភេនី លីមីធីត ហេង រូយ ខេមបូឌា អ៊ីនធឺណេហ្សិនណល ខមភេនី លីមីធីតនិង ក្រុម ហ៊ុន ហេង ណុង គឺជាក្រុមហ៊ុនតែមួយ ដោយសារតែអាស័យដ្ឋាន​របស់ក្រុមហ៊ុន​ស្នើរសុំ​ទៅរដ្ឋបាលព្រៃឈើតែមួយ។

លោក ស៊ៀ កងគេង (XIE KANQING) អគ្គនាយកក្រុមហ៊ុន ឡាន ហ្វេង ខេមបូឌា អ៊ីនធឺណេហ្សិនណល ខមភេនី លីមីធីត មិនអាចទំនាក់ទំនងដើម្បីធ្វើការអត្ថាធិប្បាយបានទេ។

លោក ចាន់ សុវ៉េត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់ សមាគមការពារសិទ្ធិមនុស្សអាដហុក ដែលបានចុះអង្កេតដល់កន្លែង​តែម្តងនោះ បានថ្លែងឲ្យដឹងថា អ្វីដែលលោកឃើញជាក់ស្តែង គឺលោកមានការកណ្តោចកណ្តែងតែម្តង ដោយសារ​តែ​ជនជាតិគួយទាំងអស់នោះ ចង់បានដីជាសមូហភាព ដើម្បីការពារដីនិងព្រៃ បានចាកចេញពីផ្ទះមកដេកក្នុងព្រៃ ដើម្បី​ប្រឆាំងជាមួយក្រុមហ៊ុន មិនឲ្យឈូសឆាយដីដែលជាប្រពៃណីរបស់គាត់បន្តទៀត។ ចំណែកឯអាជ្ញាធរវិញ ពុំ​បាន​ផ្តល់យុត្តិធម៌ណាមួយសម្រាប់ពួកគាត់ឡើយ ប៉ុន្តែបានជាធ្វើមិនឃើញដើម្បីបើកដៃឲ្យក្រុមហ៊ុនកាប់បំផ្លាញព្រៃ​ ដើម្បី​យកដី សូម្បីតែប្រាសាទបុរាណក៏ក្រុមហ៊ុននេះឈូសបំផ្លាញ។

មន្ត្រីសិទ្ធិមនុស្សរូបនេះ បានពន្យល់ទៀតថា៖ «អាជ្ញាធរមិនបានផ្តល់យុត្តិធម៌ ដល់ពួកគាត់នោះទេ គឺហាក់បីដូច​ជា​ជីក​កប់ពួកគាត់ចោលកណ្តាលព្រៃ ដូចដែលក្រុមហ៊ុនជីកកប់ និងជីកកាយប្រាសាទបុរាណរបស់ពួកគាត់អញ្ចឹងដែរ។យើងមើលទង្វើរបស់អាជ្ញាធរ គឺដូចជាចង់បំបាត់អត្តសញ្ញាណ ជនជាតិគួយ ពួកគាត់តែម្តង ដោយពុំបានយកច្បាប់​ជន​ជាតិ​ដើមភាគតិច មកជួយគាត់ទេ៕»

------------------------------
ដោយ គិន ង៉ុយ (ទំនាក់ទំនង [email protected]) - ភ្នំពេញ ថ្ងៃទី១៨ មីនា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...