អ៊ុយក្រែន៖ វិបត្តិ​នៅ​គ្រីមៀ ចូល​ដល់​ដំណាក់​កាល​«ផ្ទុះអាវុធ»

នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក អាសឺនី អៀតសឺនីអ៊ុក (Arseni Iatseniouk) បានថ្លែងថា ជម្លោះជាមួយប្រទេសរ៉ូស្សី នៅលើដែនដីគ្រីមៀ បានឈានដល់ដំណាក់កាល ត្រូវប្រើប្រាស់យោធា បន្ទាប់ពីការផ្ទុះអាវុធបានកើតឡើង សំដៅទៅលើបន្ទាយទាហានរបស់អ៊ុយក្រែន។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: March 19, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក អាសឺនី អៀតសឺនីអ៊ុក (Arseni Iatseniouk) បានថ្លែងថា ជម្លោះជាមួយប្រទេសរ៉ូស្សី នៅលើដែនដីគ្រីមៀ បានឈានដល់ដំណាក់កាល ត្រូវប្រើប្រាស់យោធា បន្ទាប់ពីការផ្ទុះអាវុធបានកើតឡើង សំដៅ​ទៅលើបន្ទាយទាហានរបស់អ៊ុយក្រែន។


ទាហានឈរយាម នៅតាមដងផ្លូវ នៅក្នុងតំបន់គ្រីមៀ។ (រូបថត AFP)

វិបត្តិនៅអ៊ុយក្រែន - នៅល្ងាចថ្ងៃអង្គារនេះ ទាហានអ៊ុយក្រែនមួយរូបត្រូវបានសម្លាប់ នៅពេលដែលការប៉ុនប៉ង​វាយ​សម្រុកមួយបានធ្វើទៅលើកងទ័ពអ៊ុយក្រែន នៅទីក្រុង ស៊ីហ្វេរ៉ូប៉ូល (Simféropol)។ នេះបើតាមសេចក្ដីប្រកាសមួយ របស់អ្នកនាំពាក្យក្រសួងការពារជាតិ របស់ប្រទេសអ៊ុយក្រែន ប្រចាំនៅតំបន់គ្រីមៀ។ អគ្គមេបញ្ជាការកងទ័ព​អ៊ុយក្រែន បានទូរស័ព្ទនៅពេលបន្ទាប់មក ទៅកាន់ដៃគូរសន្ទនាជនជាតិរ៉ូស្សី របស់ខ្លួន ដើម្បីបរិហាពីការគាំទ្រ និង​ការចូលរួមរបស់កងទ័ពរ៉ូស្សី នៅក្នុងការផ្ទុះអាវុធនេះ ដែលបានធ្វើឲ្យកងទ័ពអ៊ុយក្រែន រងរបួសពីរនាក់ផ្សេងទៀត។

នៅទីក្រុង ស៊ីហ្វេរ៉ូប៉ូល អ្នកថតរូបម្នាក់របស់ទីភ្នាក់ងារសារព័ត៌មានបារាំង (AFP) បានឃើញដោយផ្ទាល់ភ្នែក នូវក្រុម​មនុស្សប្រដាប់អាវុធ ប្រមាណជា១០នាក់ បានចូលទៅក្នុងបន្ទាយទាហានអ៊ុយក្រែន ដោយមានការអមការពារ​ដោយ​កងកម្លាំង ដែលស្និតនឹងរ៉ូស្សីជាច្រើននាក់ផ្សេងទៀត។ បន្ទាប់មក មានការផ្ទុះអាវុធបានកើតឡើង នៅខាងក្នុង​បន្ទាយនោះ មុននឹងរថយន្ដសង្គ្រោះចំនួនពីរគ្រឿង បានទៅដល់។ យ៉ាងណាក៏ដោយ ក៏អ្នកថតរូប អាអេហ្វប៉េ មិន​បានចូល​ទៅក្បែរនោះទេ។

មេបញ្ជាការកងទ័ពអ៊ុយក្រែន លោក ស៊ែហ្គី ហ្គេដូក (Serguiï Gaïdouk) បានថ្លែងឲ្យដឹងថា មានបន្ទាយទាហាន​អ៊ុយក្រែន ប្រមាណជា៣៨ នៅតំបន់គ្រីមៀ ប៉ុន្តែក្នុងពេលបច្ចុប្បន្នបន្ទាយទាហានទាំងនោះ ត្រូវបានរាំងខ្ទប់ដោយ​កងកម្លាំងរ៉ូស្សី ដែលបានចូលមកកាន់កាប់ គ្រីមឿ រហូតដល់ការប្រកាសភ្ជាប់តំបន់នេះ ចូលទៅក្នុងទឹកដីរបស់​ប្រទេសរ៉ូស្សី នៅថ្ងៃអង្គារនេះ។

រហូតមកដល់ថ្ងៃនេះ កងទ័ពអ៊ុយក្រែនមិនត្រូវបានអនុញ្ញាត ឲ្យប្រើប្រាស់អាវុធដើម្បីឆ្លើយតបនឹង«ការបង្ករឿង» របស់កងកម្លាំងរ៉ូស្សី ដែលចូលមកកាន់កាប់តំបន់គ្រីមៀ តាំងពីជាងពីរសប្ដាហ៍មកនោះទេ។ សេចក្ដីប្រកាសព័ត៌មាន​មួយ​របស់ក្រសួងការពារជាតិ អ៊ុយក្រែន ចេញផ្សាយនៅយប់ថ្ងៃអង្គារនេះ បានសរសេរថា «ដើម្បីការពារជីវិតរបស់​ទាហានរបស់យើង កងកម្លាំង​អ៊ុយក្រែននៅតំបន់ គ្រីមៀ ទាំងអស់ ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់អាវុធ»។ សេចក្ដី​ប្រកាសនោះបានបន្ថែមទៀតថា «ក្រុមល្មើស ដែលស្លៀកសម្លៀកបំពាក់កងទ័ពរ៉ូស្សី សុទ្ធតែបានត្រូវបំពាក់ទៅ​ដោយ​អាវុធស្វ័យប្រវត្តិ និងកាំភ្លើង​បាញ់ស៊ីប​ពីចម្ងាយ»។

«ជម្លោះបានឈានទៅដល់ដំណាក់កាល ដែលត្រូវបានប្រើប្រាស់យោធា» នេះជាការថ្លែងរបស់លោក​នាយក​រដ្ឋមន្ត្រី​អ៊ុយក្រែន។ លោក អាសឺនី អៀតសឺនីអ៊ុក បានប្រើសម្ដីខ្លាំងៗទៀតថា «នៅថ្ងៃនេះ ទាហានរ៉ូស្សីបានចាប់ផ្ដើម​បាញ់​ស្រោច​ទៅលើកងទ័ព​របស់យើង។ វាជាឧក្រិដ្ឋកម្មសង្គ្រាម។»

ដោយឡែក ប្រធានាធិបតីបណ្ដោះអាសន្នរបស់ប្រទេសអ៊ុយក្រែន លោក អូឡេសដ្រ៍ តួស៊ីនណូវ (Olexandre Tourtchinov) បានសង្កត់ធ្ងន់ថា «ប្រធានាធិបតីរ៉ូស្សី ពូទីន ជាបុគ្គលដែលត្រូវទទួលខុសត្រូវ នឹងឈាមទាហាន​អ៊ុយក្រែន ដែលបានហូរ»៕

------------------------------------
ដោយ សេក មនោរកុមារ (ទំនាក់ទំនង៖ [email protected]) - ប៉ារីស​ ថ្ងៃទី១៨ មីនា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...