នាយកផ្នែកសន្តិសុខជាតិអ៊ុយក្រែន ថារ៉ូស្ស៊ីនៅពីក្រោយភេរវកម្មនៅប្រ៊ុយសែល
- ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី២៤ មីនា ២០១៦
- កែប្រែចុងក្រោយ: March 25, 2016
- ប្រធានបទ: ភេរវកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការតម្លើងសម្លេងដាក់គ្នា រវាងប្រទេសអ៊ុយក្រែន និងប្រទេសរ៉ូស្ស៊ី បានកើតឡើងជាថ្មីទៀត នៅក្រោយភេរវកម្មពីរកន្លែង ក្នុងរាជធានីប្រ៊ុយសែល ប្រទេសប៊ែលហ្សិក ខណៈភេរវកម្ម ដែលធ្វើឲ្យមនុស្ស ជាង៣០នាក់ស្លាប់ និងជាង២០០នាក់រងរបួសនេះ ត្រូវបានប្រកាសទទួលខុសត្រូវ ដោយក្រុមរដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យកាត់បារាំងហៅ EI ពាក្យកាត់អង់គ្លេសហៅ ISIS)។
នាយកផ្នែកសន្តិសុខជាតិអ៊ុយក្រែន ដែលហៅកាត់ថា «SBU» បានលើកយកការអះអាងមួយ មកនិយាយថា ប្រទេសរ៉ូស្ស៊ី ជាអ្នកនៅពីក្រោយ ទង្វើភេរវកម្មដ៏រង្គាល នៅក្នុងបេះដូង នៃរាជាណាចក្រប៊ែលហ្សិក។ ប៉ុន្តែការលើកឡើងនេះ ត្រូវបាននាយករដ្ឋមន្ត្រីរ៉ូស្ស៊ី ច្រានចោល ហើយបានហៅនាយកផ្នែកសន្តិសុខរូបនោះ ថាជាមនុស្ស«ភ្លីភ្លើ»ម្នាក់។
រ៉ូស្ស៊ី នៅពីក្រោយភេរវកម្ម?
លោក វ៉ាស៊ីល ហ្គ្រីតសាក់ (Vassyl Grytsak) ដែលជាមេដឹកនាំមួយរូប ទទួលខុសត្រូវខាងសន្តិសុខ របស់ប្រទេសអ៊ុយក្រែន ត្រូវបានស្ថានីយ៍ទូរទស្សន៍ក្នុងស្រុក ស្រង់សម្ដីមកផ្សាយថា៖ «ខ្ញុំមិនចង់និយាយអ្វី ដែលគ្មានភស្ដុតាងនោះទេ។ តែខ្ញុំមិនបានសង្ស័យទេ ក្នុងករណីដែលប្រទេសរ៉ូស្ស៊ី ជាប់ទាក់ទងនឹងភេរវកម្មទាំងនេះ។»
ការប្រកាសខាងលើនេះ បានធ្វើឲ្យនាយករដ្ឋមន្ត្រីរ៉ូស្ស៊ី លោក ឌមីទ្រី ម៉េដវេដេវ (Dmitri Medvedev) ផ្ទុះកំហឹងឡើង។ លោកបានសរសេរ នៅលើទំព័រហ្វេសប៊ុកផ្លូវការ របស់លោកថា៖ «លោក ហ្គ្រីតសាក់ នាយក "SBU" ដែលនិយាយ ពីការជាប់ទាក់ទង របស់ប្រទេសរ៉ូស្ស៊ី ក្នុងភេរវកម្មនៅប្រ៊ុយសែល ជាមនុស្ស"ភ្លីភ្លើ"ម្នាក់»។
ប្រទេសទាំងពីរ មើលមុខគ្នាមិនត្រង់...
សូមរំលឹកឡើងវិញថា ចំណងទាក់ទងរវាងប្រទេសអ៊ុយក្រែន និងប្រទេសរ៉ូស្ស៊ី បានជួបនឹងភាពប្រេះឆារ តាំងពី២ឆ្នាំកន្លងមកហើយ បន្ទាប់ពីប្រទេសរ៉ូស្ស៊ីបានយកឧបទ្វីប គ្រីម៉េ (Crimée) ដែលស្ថិតក្នុងប្រទេសអ៊ុយក្រែន បញ្ចូលមកក្នុងទឹកដីរបស់ខ្លួន។ ការមើលមុខគ្នាមិនចំ នៅតែបន្តមានរហូតមកដល់សព្វថ្ងៃ ដែលបង្កមកពីជម្លោះប្រដាប់អាវុធ បានកើតឡើងខ្លាំងក្លា ក្នុងភាគខាងកើតនៃប្រទេសអ៊ុយក្រែន រវាងកងទ័ពជាតិអ៊ុយក្រែន និងក្រុមទាមទារបំបែកទឹកដី ដែលស្និតនឹងប្រទេសរ៉ូស្ស៊ី។
អាជ្ញាធរអ៊ុយក្រែនសព្វថ្ងៃ ដែលស្និតនឹងបស្ចឹមលោក បានសង្ស័យថា រដ្ឋាភិបាលក្រឹមឡាំង (Kremlin - រ៉ូស្ស៊ី) បានប្រើប្រាស់មនោរសញ្ចេតនា «ជាតិនិយម» និងប្រឆាំងសហគមន៍អ៊ឺរ៉ុប របស់បណ្ដាជនរ៉ូស្ស៊ី ដើម្បីធ្វើឲ្យសហគមន៍ដ៏ធំមួយនេះ ចុះខ្សោយ។ ជុំវិញតួនាទីខ្លួន (ទោះចេញមុខ ឬទោះនៅពីក្រោយក្ដី) នៅក្នុងវិបត្តិអ៊ុយក្រែនខាងលើ ប្រទេសរ៉ូស្ស៊ី បានរងទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ ពីសំណាក់សហគមន៍អ៊ឺរ៉ុប ដែលមាន២៨ប្រទេសជាសមាជិក៕