ISIS ប្រកាសទទួលខុសត្រូវ ភេរវកម្មពីរកន្លែង នៅប្រ៊ុយសែល
- ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី២២ មីនា ២០១៦
- កែប្រែចុងក្រោយ: March 22, 2016
- ប្រធានបទ: ភេរវកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តុល្យភាពបណ្ដោះអាសន្ន នៅតែបន្តកើនឡើង ពីភេរវកម្មពីរកន្លែង នៅរាជធានី ប្រ៊ុយសែល (Bruxelles - ប្រទេសប៊ែលហ្សិក) នាព្រឹកថ្ងៃអង្គារទី២២ ខែមីនា ឆ្នាំ២០១៦។ ការបំផ្ទុះគ្រាប់បែកលើកទីមួយ នៅនឹងបញ្ជរចុះឈ្មោះត្រួតពិនិត្យ នៃព្រលានយន្ដហោះអន្តរជាតិ បានបង្កឲ្យមនុស្សស្លាប់យ៉ាងហោច ១៤នាក់ ខណៈការបំផ្ទុះគ្រាប់បែកទីពីរ នៅនឹងស្ថានីយរថភ្លើងក្រោមដី បានសម្លាប់មនុស្សយ៉ាងហោច ២០នាក់។ តើក្រុមណាជាអ្នកនៅពីក្រោយ និងជាអ្នកបង្កភេរវកម្មទាំងនេះ នៅកណ្ដាលបេះដូងរបស់អ៊ឺរ៉ុបដូច្នេះ?
ក្រុមអ្នកទទួលខុសត្រូវ ទៅលើភេរវកម្មខាងលើ មិនបាននៅបង្អង់យូរឡើយ។ នៅវេលាម៉ោង ១៦និង២០នាទី ម៉ោងក្នុងស្រុក ក្រុមរដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យកាត់បារាំងហៅ EI ពាក្យកាត់អង់គ្លេសហៅ ISIS) បានចេញមុខមកប្រកាស តាមរយៈប្រព័ន្ធផ្សព្វផ្សាយផ្ទាល់ របស់ក្រុមចលនាភេរវកម្មនេះថា គឺសមាជិករបស់ក្រុមរដ្ឋអ៊ីស្លាម ដែលបានបំពាក់ខ្សែក្រវាត់មានគ្រាប់បែក ចូលទៅបំផ្ទុះនៅតាមទីកន្លែងទាំងពីរ ក្នុងរាជធានី របស់ប្រទេសប៊ែលហ្សិក។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយ ដែលចេញផ្សាយ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយនោះ បានសរសេរជាអាថ៌ថា៖ «ក្រុមយុទ្ធជន របស់រដ្ឋអ៊ីស្លាម បានបង្កបង្កើត ឲ្យមានការបំផ្ទុះមួយឈុត ជាមួយនឹងខ្សែក្រវាត់ ដែលបំពាក់ដោយគ្រាប់បែក»។ អត្ថបទដដែលនេះ បានចោទចង្អុលរាជាណាចក្រប៊ែលហ្សិក ថាបានចូលរួម ក្នុងសម្ព័ន្ធមិត្តអន្តរជាតិ ដើម្បីធ្វើការវាយប្រហារ ទៅលើរដ្ឋអ៊ីស្លាម។
ក្រុមរដ្ឋអ៊ីស្លាម បានសរសេរបញ្ជាក់ទៀតថា៖ «ក្រុមយុទ្ធជន (របស់ក្រុមរដ្ឋអ៊ីស្លាម) បានបើកការបាញ់ប្រហារ នៅផ្នែកខាងក្នុងនៃព្រលានយន្ដហោះ "Zaventem" មុននឹងយុទ្ធជនមួយចំនួន បានទាញគន្លឺះខ្សែក្រវាត់ ដើម្បីបំផ្ទុះគ្រាប់បែកឡើង»។ សេចក្ដីប្រកាសព័ត៌មាន របស់ក្រុមភេរវនិយម បានបន្ថែមថា ដោយឡែក យុទ្ធជនអត្តឃាតមួយរូប បានបំផ្ទុះខ្លួន ជាមួយនឹងគ្រាប់បែក នៅក្នុងស្ថានីយរថភ្លើងក្រោមដី ដែលមានឈ្មោះថា «Maelbeek»។
ការវាយប្រហារនេះ បានកើតឡើងនៅបួនថ្ងៃ ក្រោយការចាប់ខ្លួន សាលាហ៍ អាបដេស្លាម (Salah Abdeslam) ដែលជាជនសង្ស័យចុងក្រោយបំផុត ពីក្នុងភេរវកម្មថ្ងៃទី១៣ ខែវិច្ឆិកា នៅរដ្ឋធានីប៉ារីស ប្រទេសបារាំង។ ភេរវកម្មនៅប៉ារីស កាលពីខែវិច្ឆិកានេះ ក៏ត្រូវបានប្រកាសទទួលស្គាល់ ដោយក្រុមរដ្ឋអ៊ីស្លាមដែរ។
សាក្សីជាច្រើននាក់ នៅនឹងព្រលានយន្ដហោះ បានថ្លែងឲ្យដឹងថា នៅវេលាម៉ោង៨ព្រឹក សម្លេងផ្ទុះគ្រាប់បែកជាច្រើន បានលាន់ឮឡើង នៅនឹងចំណុចចុះឈ្មោះ និងត្រួតពិនិត្យ (Check-in) សម្រាប់អ្នកដំណើរចាកចេញ។ ជនម្នាក់ទំនងជាបានស្រែកឡើង ជាភាសាអារ៉ាប់ នៅមុនការវាយប្រហារនេះ។ គ្រាប់បែកបីគ្រាប់ ត្រូវបានប្រើប្រាស់ ពីរគ្រាប់ដំបូងផ្ទុះ ក្នុងពេលតែមួយ ខណៈគ្រាប់បែកមួយទៀត មិនបានផ្ទុះឡើងទេ តែត្រូវបានរកឃើញ នៅពេលក្រោយមក។ កញ្ចក់របស់អាគារ បានបែកធ្លាក់ខ្ចាត់ខ្ចាយ ដោយសារកម្លាំងបំផ្ទុះ របស់គ្រាប់បែក។ បណ្ដាជនច្រើនសិបនាក់ នៅនឹងព្រលានយន្ដហោះ ត្រូវបានជម្លៀសចេញ ហើយអាកាសយានដ្ឋានទាំងមូល បានបិទទ្វារ។
ក្រុមអ្នកស៊ើបអង្កេតប៊ែលហ្សិក បានអះអាងថា ការវាយប្រហារខាងលើ (នៅនឹងព្រលានយន្ដហោះ) ជាភេរវកម្មអត្តឃាត ហើយបានធ្វើឲ្យមនុស្ស ១៤នាក់ស្លាប់ និងយ៉ាងតិច ៩២នាក់រងរបួស។ បើតាមទីភ្នាក់ងារព័ត៌មាន «Belga» បានស្រង់ប្រភពច្បាស់ការណ៍មួយ មកអះអាងថា មានអាវុធជាច្រើន ត្រូវបានរកឃើញ នៅក្រោយហេតុការណ៍។
ជនសង្ស័យទាំងបីនាក់ខាងលើ ដែលត្រូវបានប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បញ្ចេញឲ្យដឹងនោះ ជារូបភាពដែលផ្ដិតចេញ ពីវីដេអូសុវត្ថភាព និងត្រូវបានប្រកាស «អាចយកជាការបាន» ដោយនគរបាល និងក្រុមអ្នកស៊ើបអង្កេតប៊ែលហ្សិក។ ជនម្នាក់ដែលនៅខាងស្ដាំបំផុត នៃរូបថត កំពុងត្រូវបានអាជ្ញាធរប៊ែលហ្សិក ស្វែងរកចាប់ខ្លួន។ ស្បោងពណ៌ខ្មៅ ដែលជននេះដាក់នៅមុខរទេះរុញ មានផ្ទុកដោយគ្រាប់បែក ដែលអាជ្ញាធរបានរកឃើញ «មិនផ្ទុះ» នៅពេលក្រោយមក។
» ចំពោះហេតុការណ៍លំអិត ជុំវិញភេរវកម្មមួយកន្លែងទៀត នៅក្នុងស្ថានីយ៍រថភ្លើងក្រោមដី នារាជធានីប្រ៊ុយសែលដដែល ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នឹងត្រឡប់មកជម្រាបជូន នៅក្នុងអត្ថបទលើកក្រោយ៕