តើស្ត្រីម្នាក់នេះ ដែលត្រូវបានថតផ្សាយពេញផែនដី ជានរណា?
- ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី២៥ មីនា ២០១៦
- កែប្រែចុងក្រោយ: March 25, 2016
- ប្រធានបទ: ភេរវកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មុខមាត់របស់នាង ប្រកបដោយភាពភ័យភិត និងប្រលាក់ដាបដោយឈាម ផ្តិតនៅក្នុងរូបថតខាងលើ ត្រូវបានផ្សាយចេញ នៅគ្រប់ជ្រុងជ្រោយទាំងអស់ ក្នុងពិភពលោក។ អង្គុយនៅលើកៅអីមួយ ដែលនៅមិនឆ្ងាយប៉ុន្មាន ពីទីកន្លែងបំផ្ទុះគ្រាប់បែក ដោយភេរវជនអត្តឃាតពីរនាក់ ក្នុងព្រលានយន្ដហោះអន្តរជាតិ ស្ត្រីរូបនេះបានក្លាយជានិមិត្តរូបយ៉ាងសំខាន់ ជំនួសឲ្យជនរងគ្រោះទាំងឡាយ នៅក្នុងអំពើភេរវកម្ម ជាពិសេសភេរវកម្មនៅ រាជធានី ប្រ៊ុយសែល ប្រទេសប៊ែលហ្សិក កាលពីព្រឹកថ្ងៃអង្គារកន្លងមកនេះ។
បើតាមសារព័ត៌មានប៊ែលហ្សិក «Sudinfo.be» ដែលចេញផ្សាយ តាមបណ្ដាញអ៊ិនធើណែត បានឲ្យដឹងថា ស្ត្រីរងគ្រោះរូបនេះ ឈ្មោះ នីឌី ឆាផេការ (Nidhi Chaphekar) មានសញ្ជាតិឥណ្ឌា និងធ្វើការជាស្ត្រីបម្រើការ នៅក្នុងយន្ដហោះ តាំងពីជាង១៥ឆ្នាំមកហើយ ឲ្យក្រុមហ៊ុនអាកាសចរណ៍ «Jet Airways»។
» រូបថតនាង នីឌី នាពេលកន្លងមក៖
ត្រូវឡើងទៅបម្រើការ លើយន្ដហោះ...
មានលំនៅដ្ឋាន ក្នុងទីក្រុង ម៉ុមបៃ (ប្រទេសឥណ្ឌា) និងមានកូនពីរនាក់ នាង នីឌី ត្រូវឡើងទៅបម្រើការ នៅក្នុងយន្ដហោះ ដែលភ្ជាប់ជើងហោះហើរលេខ «9W228» ឆ្ពោះទៅកាន់ក្រុង «Newark» ក្នុងរដ្ឋ «New Jersey» សហរដ្ឋអាមេរិក នៅព្រឹកថ្ងៃកើតហេតុ។ យន្ដហោះរបស់នាង គ្រោងហោះចេញ ពីរាជធានី របស់ប្រទេសប៊ែលហ្សិក នៅវេលាម៉ោង ១០និង១៥នាទី។
ប៉ុន្តែនាវេលាម៉ោងជិត៨ព្រឹក នៅពេលនាង បានដើរកាត់សាលធំ ដែលមានបញ្ជរសម្រាប់ទទួលចុះឈ្មោះ នៃអ្នកធ្វើដំណើរចាកចេញនោះ ក្រុមភេរវជនបានបំផ្ទុះគ្រាប់បែកឡើង ធ្វើឲ្យនាងរងរបួសយ៉ាងធ្ងន់ធ្ងរ ជាពិសេសអាវក្រៅរបស់នាង បានប៉ើងឡើង និងរហែកអស់ពាក់កណ្ដាល។
នៅពេលនោះ អ្នកសារព័ត៌មាន ជាតិហ្សរជីម្នាក់ នាង កេតេវ៉ាន់ ការដាវ៉ា (Ketevan Kardava) បានថតរូបរបស់នាង ដែលកំពុងរងរបួស និងកំពុងអង្គុយនៅលើកៅអី (Editor's Note ៖ គឺរូបថតទីមួយខាងលើ ដែលត្រូវបានផ្សាយ នៅពាសពេញពិភពលោក) មុននឹងអ្នកសារព័ត៌មានស្រីរូបនេះ ចូលទៅយកអាសារ ដោយបានជួយហៅ អ្នកជួយសង្គ្រោះមកពិនិត្យ និងដឹកនាងទៅកាន់មន្ទីពេទ្យ។ នាង នីឌី បានដង្ហោយឡើងថា៖ «សូមជួយយើងផង!»។
រីឯក្រុមហ៊ុន «Jet Airways» វិញ បានថ្លែងប្រាប់ទៅគ្រួសាររបស់នាង នីឌី ក្នុងប្រទេសឥណ្ឌាថា បុគ្គលិកស្ត្រីរបស់ខ្លួន ត្រូវបានជួយសង្គ្រោះហើយ។ បើតាមសារព័ត៌មានអង់គ្លេស «Sun» បានស្រង់ប្រភពមួយ មកបញ្ជាក់ថា៖ «ក្រុមគ្រួសាររបស់នាង ទទួលរងនូវការតក់ស្លុតយ៉ាងខ្លាំង ហើយនៅមិនទាន់បានជួបជជែកផ្ទាល់ ជាមួយនាងនៅឡើយ។ ប៉ុន្តែស្ថានទូតឥណ្ឌា បានអះអាងថា ពលរដ្ឋរបស់ខ្លួន នាង នីឌី បានរួចផុតពីគ្រោះថ្នាក់ ជាស្ថារពរ។»៕