ចម្បាំងដណ្ដើមក្រុង មូស៊ូល ពី ISIS ចាប់ផ្ដើមហើយ និងអាចប្រើពេលយូរ

- ដោយ: សេក មនោរកុមារ ([email protected]) - បារីស ថ្ងៃទី១៧ តុលា ២០១៦
- កែប្រែចុងក្រោយ: October 17, 2016
- ប្រធានបទ: ប្រឆាំងភេរវនិយម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រោមកិច្ចអន្តរាគមន៍ ពីសំណាក់កងកម្លាំងសម្ព័ន្ធមិត្តអន្តរជាតិ នៅថ្ងៃនេះ កងទ័ពរបស់ប្រទេសអៀរ៉ាក់ បានបើកការវាយលុក ជាលើកទីមួយ និងមានទ្រង់ទ្រាយធំ ជាងពេលណាទាំងអស់ សំដៅដណ្ដើមទីក្រុង មូស៊ូល (Mossoul) ដែលជាមូលដ្ឋានដ៏សំខាន់ទីពីរ របស់ក្រុមរដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យកាត់បារាំងហៅ EI ពាក្យកាត់អង់គ្លេសហៅ ISIS) យកមកកាន់កាប់វិញ។ នេះ បើតាមការប្រកាសឲ្យដឹងដោយផ្ទាល់ ពីសំណាក់លោក «Haider al-Abadi» នាយករដ្ឋមន្ត្រីអៀរ៉ាក់ កាលពីយប់ម៉ិញ។
រំដោះក្រុង មូស៊ូល...
លោកនាយករដ្ឋមន្ត្រី បានថ្លែងឡើង តាមកញ្ចក់ទូរទស្សន៍ថា៖ «ពេលវេលានៃជ័យជំនះ បានមកដល់ ហើយយុទ្ធនាការដើម្បីរំដោះក្រុង មូស៊ូល បានចាប់ផ្ដើម»។ លោក «Haider al-Abadi» មិនបានបញ្ជាក់ ឲ្យបានលំអិតពីចម្បាំងនេះ ថានឹងធ្វើឡើងយ៉ាងដូចម្ដេចនោះទេ។ គេគ្រាន់តែដឹងថា ចម្បាំងនឹងត្រូវចាប់ផ្ដើម ដោយការឡោមព័ទ្ធក្រុង មុននឹងចាប់ផ្ដើមវាយលុកដោយថ្មើរជើង នៅតាមដងផ្លូវនានា។
លោក «Stephen Townsend» មេបញ្ជាការថ្មី នៃកងកម្លាំងសម្ព័ន្ធមិត្ត ដែលដឹកនាំដោយកងទ័ពអាមេរិក បានថ្លែងឲ្យដឹង នៅថ្ងៃចន្ទថា៖ «យុទ្ធនាការវាយលុកនេះ មានបំណងដើម្បីដណ្ដើម យកមកកាន់កាប់វិញ នូវទីក្រុងធំទីពីរ របស់ប្រទេសអៀរ៉ាក់ ហើយអាចមានរយៈពេលច្រើនសប្ដាហ៍ ឬអាចច្រើនខែ។ (...) ជាចម្បាំងដ៏យូរ និងដ៏ពិបាក។ តែកងទ័ពអៀរ៉ាក់ បានត្រៀមខ្លួនរួចជាស្រេច ហើយពួកយើងនឹងនៅជិត ដើម្បីជួយពួកគេ។»។
រង់ចាំតែឱកាស...
កងទ័ពសម្ព័ន្ធមិត្ត ដែលមានប្រទេសចូលរួម ជាង៦០ប្រទេស នៅក្នុងពិភពលោក និងដែលដឹកនាំ ដោយសហរដ្ឋអាមេរិក បានធ្វើការវាយប្រយុទ្ធ មិនឈប់ឈរ រាប់ចាប់តាំងពីក្រុង មូស៊ូល ដែលស្ថិតនៅភាគខាងជើង នៃប្រទេសអៀរ៉ាក់ (ខាងកើតប្រទេសស៊ីរី) បានធ្លាក់ចូល ទៅក្រោមការកាន់កាប់ របស់ក្រុមភេរវនិយមរដ្ឋអ៊ីស្លាម កាលពីពីរឆ្នាំមុន។ ប៉ុន្តែការប្រយុទ្ធទាំងនោះ កងទ័ពសម្ព័ន្ធមិត្តមិនមានលទ្ធភាពខ្លាំង សម្រាប់ការធ្វើចម្បាំងថ្មើរជើងឡើយ។ លោកមេបញ្ជាការ «Stephen Townsend» បានថ្លែងឲ្យដឹងថា សម្រាប់យុទ្ធនាការលើកនេះ កងទ័ពសម្ព័ន្ធមិត្ត នឹងជួយវាយប្រហារតាមផ្លូវអាកាស ជួយបង្វឹក និងផ្ដល់អាវុធ ទៅឲ្យកងទ័ពថ្មើរជើង របស់ប្រទេសអៀរ៉ាក់ ដែលមានចំនួនប្រមាណជា ៥ម៉ឺន៤ពាន់នាក់។
យ៉ាងណាក៏ដោយ ក៏កងទ័ពរបស់ប្រទេសអៀរ៉ាក់ ត្រូវបានដាក់ពង្រាយ នៅជុំវិញក្រុង មូស៊ូល តាំងពីច្រើនខែមកហើយ ហើយពួកគេរង់ចាំ តែឱកាសមកដល់ នឹងអាលធ្វើការវាយលុកដណ្ដើម យកក្រុងនេះ មកវិញតែប៉ុណ្ណោះ។ កាលពីចុងខែសីហាកន្លងទៅ កងទ័ពអៀរ៉ាក់បានវាយយកបានក្រុង «Qayyarah» ដែលជាមូលដ្ឋានរនាំង ចំងាយ ៦០គីឡូម៉ែត្រ នៅភាគខាងត្បូងក្រុង មូស៊ូល។
ចំពោះក្រុមរដ្ឋអ៊ីស្លាមវិញ ដែលបានដឹងរួចជាស្រេច ពីការវាយលុកនេះ ក៏ទំនងជាបានត្រៀមខ្លួនរួចហើយដែរ។ ក្រុមយុទ្ធជនស្ម័គ្រប្រយុទ្ធ ដើម្បីព្រះជាម្ចាស់ (ហៅ Djihad) ចំនួនជាង៥០០០នាក់ របស់អង្គការភេរវនិយមមួយនេះ កំពុងមានវត្តមាន នៅក្រុងមូស៊ូល និងមានបំពាក់ដោយសព្វាវុធធ្ងន់ៗ ដើម្បីត្រៀមទទួល និងតបតរ នូវការវាយប្រហារណាមួយ ពីសំណាក់កងទ័ពអៀរ៉ាក់ និងកងទ័ពសម្ព័ន្ធមិត្ត មិនថាពេលនេះ ឬពេលណាឡើយ។
វិបត្តិមនុស្សធម៌...
នៅក្នុងស្ថានភាពនេះ អង្គការសហប្រជាជាតិ បានសម្ដែងក្ដីកង្វល់របស់ខ្លួន ជាពិសេសចំពោះជោគវាសនា របស់បណ្ដាជនប្រមាណជា ១,៥លាននាក់ ដែលកំពុងរស់នៅក្នុងក្រុង មូស៊ូល។ លោក «Stephen O'Brien» អគ្គលេខាធិការរង របស់អង្គការពិភពលោកនេះ បានថ្លែងឡើងថា៖ «គ្រួសារបស់ពួកគេ នឹងត្រូវប្រឈម ទៅនឹងគ្រោះហនិភ័យដ៏ធំធេង ជាពិសេសពួកគេត្រូវស្ថិត នៅចន្លោះកណ្ដាល រវាងភាគីទាំងសងខាង»។ ក្ដីកង្វល់កើតឡើងខ្លាំង ដោយសារតែគ្រោះភ័យ ប្រហាក់ប្រហែលគ្នានេះ កំពុងកើតមាន រហូតមកដល់សព្វថ្ងៃ នៅឯក្រុង អាឡិប ភាគខាងជើង នៃប្រទេសស៊ីរី ដែលជាទីលានសម្រាប់ការប្រទាញប្រទង់ រវាងកងកម្លាំងរដ្ឋាភិបាលស៊ីរី និងក្រុមប្រឆាំងស៊ីរី៕