ភេរវកម្មនៅស្ដុកខុល៖ រកឃើញគ្រាប់បែកក្នុងរថយន្ដដឹកទំនិញ ដែលបើកបុកសម្លាប់មនុស្ស
- ដោយ: សេក មនោរកុមារ ([email protected]) - ប៉ារីស ថ្ងៃទី០៨ មេសា ២០១៧
- កែប្រែចុងក្រោយ: April 08, 2017
- ប្រធានបទ: ភេរវកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ទូរទស្សន៍ «SVT» ក្នុងប្រទេសស៊ុយអែដ បានស្រង់ប្រភពមួយស្និតនឹងការស៊ើបអង្កេត មកបញ្ជាក់ថា នគរបាលស៊ុយអែដ ទំនងជាបានរកឃើញគ្រាប់បែកឆ្នៃមួយសម្រាប់ នៅក្នុងរថយន្ដដឹកទំនិញ ដែលត្រូវបានប្រើប្រាស់ យកមកបំបុកចូលក្នុងហ្វូងមនុស្ស កាលពីរសៀលថ្ងៃសុក្រ ទី៧ ខែមេសា ម្សិលម៉ិញ កណ្ដាលរាជធានី ស្ដុកខុល (Stockholm) បណ្ដាលឲ្យមនុស្សយ៉ាងហោច ៤នាក់ស្លាប់ និង១៥នាក់ផ្សេងទៀតរងរបួស។
អ្នកនាំពាក្យនគរបាលស៊ុយអែដ អ្នកស្រី «Lars Byström» មិនបានបញ្ជាក់ ពីព័ត៌មានខាងលើនេះទេ នៅពេលដែលទីភ្នាក់ងារព័ត៌មាន អាល្លឺម៉ង់ «DPA» បានសាកសួរសុំប្រតិកម្ម។ អ្នកស្រីគ្រាន់តែនិយាយថា៖ «យើងមិនដែលធ្វើអត្ថាធិប្បាយ ពីអ្វីដែលយើងរកឃើញនោះទេ»។
ប្រភព ដែលស្រង់សំដីដោយទូរទស្សន៍ស៊ុយអែត បានអះអាងបន្ថែមថា គ្រាប់បែកនោះ មិនបានផ្ទុះឡើងទេ តែត្រូវបានរកឃើញ នៅក្នុងស្បោងមួយ ក្នុងរថយន្ដបង្កហេតុ ដែលបាន«បាត់» កាលពីប៉ុន្មានម៉ោងមុន។ គេជឿថា រថយន្ដខាងលើ ត្រូវបានលួច ដើម្បីយកមកប្រើប្រាស ក្នុងការវាយប្រហារ។
NEW FOOTAGE | Moments after the Truck that rammed people struck a building in #Stockholm.pic.twitter.com/mi9OWvwH03
— Vocal Europe (@thevocaleurope) 7 avril 2017
អង្គការភេរវនិយម រដ្ឋអ៊ីស្លាម មានជាប់ពាក់ព័ន្ធ?
ជនសង្ស័យម្នាក់ ដែលនគរបាលគិតថា ជាអ្នកបើកបររថយន្ដនោះ ត្រូវបានឃាត់ខ្លួន កាលពីយប់ថ្ងៃសុក្រ ក្នុងក្រុង «Märsta» ភាគខាងជើងនៃតំបន់ជាយក្រុង របស់រាជធានី ស្តុកខូល។ ជននេះ ត្រូវបានបញ្ជូនទៅឃុំខ្លួន ជាបណ្ដោះអាសន្ន ក្នុងព្រឹកថ្ងៃសៅរ៍នេះ ក្រោមបទចោទប្រកាន់ ថាប្រព្រឹត្តអំពើមនុស្សឃាត ដោយមាន«លក្ខណៈជាភេរវកម្ម»។ នេះ បើតាមអ្នកនាំពាក្យម្នាក់ទៀត របស់អាជ្ញាធរស៊ុយអែដ ដែលបានថ្លែងឲ្យដឹង តាមរយៈវិទ្យុសម្លេងក្នុងស្រុកមួយ។
ប្រភពផ្សេងទៀត ដែលត្រូវបានប្រព័ន្ធផ្សព្វផ្សាយ ស្រង់សំដីមកអះអាងដែរនោះ បានបញ្ជាក់ថា ជនសង្ស័យម្នាក់នេះ អាយុ៣៩ឆ្នាំ មានដើមកំណើតពីប្រទេសអ៊ូបេគីស្ដង់ និងជាអ្នកជិតដិតមួយរូប របស់ក្រុមរដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យកាត់បារាំងហៅ EI អង់គ្លេសហៅ ISIS)។
ការិយាល័យស៊ើបអង្កេត របស់ព្រះរាជអាជ្ញានៃប្រទេសស៊ុយអែដ នៅមិនទាន់បំភ្លឺឲ្យបានលំអិត ទាក់ទងនឹងអត្តសញ្ញាណរបស់ជនសង្ស័យនៅឡើយ។ ប៉ុន្តែការលើកបង្ហាញ ពីអត្តសញ្ញាណរបស់ជននេះ ដោយប្រព័ន្ធផ្សព្វផ្សាយ មានលក្ខណៈដូចគ្នា សឹងតែទាំងស្រុង ជាមួយនឹងរូបភាព កាម៉េរ៉ាសុវត្ថិភាព ដែលបានថតជាប់ នៅនឹង (ឬនៅជុំវិញ) កន្លែងកើតហេតុ និងដែលត្រូវបានយកមកផ្សាយ ដើម្បីស្វែងរកចាប់ខ្លួនជននេះ នៅក្រោយការវាយប្រហារភ្លាមៗ។
អ្នកស្រី «Lars Byström» បានអះអាងថា មកដល់វេលានេះ មានតែជនសង្ស័យខាងលើម្នាក់គត់ ដែលត្រូវបានអាជ្ញាធរចាប់ខ្លួន៕
Ekots reporter fångade kaoset efter att en lastbil kört in i folkmassa i centrala Stockholm https://t.co/i3Ij9rgcW7 pic.twitter.com/0saPOiWuCC
— SR Ekot (@sr_ekot) 7 avril 2017