សមាជិក​ព្រឹទ្ធ​សភា​អាមេរិក៖ រ៉ូស្ស៊ី​ជ្រៀត​ជ្រែ​កចូល​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​បារាំង

ប្រធានគណៈកម្មការព័ត៌មាន ដ៏មានឥទ្ធិពល នៃព្រឹទ្ធសភាអាមេរិក លោក រីឆារដ៍ ប៊ើរ (Richard Burr) បាន​ថ្លែង​បញ្ជាក់​ថា ប្រទេសរ៉ូស្ស៊ី​កំពុង​ជ្រៀតជ្រែក ចូលក្នុងការបោះឆ្នោត ជ្រើសតាំង​ប្រធានាធិបតី នៃ​ប្រទេស​បារាំង ដែលនឹងធ្វើឡើង នៅប៉ុន្មាន​សប្ដាហ៍​ខាង​មុខ។ សមាជិក​ព្រឹទ្ធសភា​អាមេរិក មកពី​គណបក្ស​សាធារណរដ្ឋ​រូបនេះ បានជឿថា ផ្នែកព័ត៌មានវិទ្យា របស់​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ កំពុងព្យាយាម​​ប្លន់ទិន្នន័យ ដើម្បីយក​ទៅបំភ្លៃព័ត៌មាន ទៅលើ​បេក្ខជន​ប្រធានា​ធិបតី​បារាំង មួយ​ចំនួន។
សមាជិក​ព្រឹទ្ធ​សភា​អាមេរិក៖ រ៉ូស្ស៊ី​ជ្រៀត​ជ្រែ​កចូល​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​បារាំង
ពីឆ្វេងទៅស្ដាំ៖ លោក វ្លាឌីមៀរ ពូទីន ប្រធានាធិបតីរ៉ូស្ស៊ី និងលោក ហ្វ្រង់ស៊័រ ហូឡង់ ប្រធានាធិបតី​បារាំង។ (រូបថតឯកសារ)
Loading...
  • ដោយ: សេក មនោរកុមារ ([email protected]) - ប៉ារីស ថ្ងៃទី៣០ មីនា ២០១៧
  • កែប្រែចុងក្រោយ: April 01, 2017
  • ប្រធានបទ: បោះឆ្នោតនៅបារាំង
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រធានគណៈកម្មការព័ត៌មាន ដ៏មានឥទ្ធិពល នៃព្រឹទ្ធសភាអាមេរិក លោក រីឆារដ៍ ប៊ើរ (Richard Burr) ដែល​ទទួល​បន្ទុកស៊ើបអង្កេត ករណីជ្រៀតជ្រែក ពីសំណាក់ប្រទេសរ៉ុស្ស៊ី ចូលក្នុង​កិច្ចការ​​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក កាលពីខែវិច្ឆិកាកន្លង​មកនោះ បានថ្លែង​អះអា​ងនៅសប្ដាហ៍នេះ ថា រដ្ឋាភិបាលក្រុង​ម៉ូស្គូ ក៏កំពុង​ចូល​ពាក់​ព័ន្ធ​យ៉ាង​សកម្ម នៅក្នុង​ដំណើរការ​ឃោសនា​បោះឆ្នោត នៃ​ការ​បោះ​ឆ្នោត​​​ជ្រើសរើស​ប្រធានាធិបតីបារាំង ដែល​នឹង​ប្រព្រឹត្តិធ្វើ នៅប៉ុន្មានសប្ដាហ៍ខាងមុខនេះដែរ។

សមាជិក​ព្រឹទ្ធសភាអាមេរិក មកពីគណបក្សសាធារណរដ្ឋរូបនេះ បានថ្លែងឡើងថា៖ «វាមានមូលហេតុ​គ្រប់​គ្រាន់ ដែលត្រូវនិយាយ​ឡើងថា ប្រទេសរ៉ូស្ស៊ី កំពុងលូកដៃចូលពាក់ព័ន្ធ នៅក្នុង​ការ​បោះឆ្នោត របស់​ប្រទេស​បារាំង។ (...) យើងបានគិតថា វាជាការ​ទទួល​ខុស​ត្រូវ​របស់​យើង ក្នុងការថ្លែងទៅកាន់ពិភពលោក នូវអ្វីៗ ដែល​បានកើតឡើង ដោយសារយើង​កំពុង​ប្រឈម​មុខ ក្នុង​ពេល​សព្វថ្ងៃនេះ នៅ​ចំពោះ​ដំណាក់​កាល នៃ​យុទ្ធនាការ​បំភ្លៃ​បង្ខូច​ឈ្មោះ ទៅលើ​បេក្ខជន​មួយចំនួន។»

បារាំងបានត្រៀមខ្លួនរួច...

ប្រធានាធិបតីបារាំង លោក ហ្វ្រង់ស៊័រ ហូឡង់ (François Hollande) បានដាក់បញ្ជា កាលពីដើមខែមីនា ឲ្យ​ប្រើ​ប្រាស់ នូវមធ្យោបាយរដ្ឋ​ដ៏ចាំបាច់ ដើម្បីទប់ស្កាត់ នូវរាល់​ការវាយ​ប្រហារនៅ​តាម​បណ្ដាញ​អ៊ិនធើណែត ដែល​អាច​​មាន​ទំងន់ ធ្វើឲ្យប៉ះពាល់ ដល់ការ​បោះឆ្នោត​ជ្រើសតាំង ប្រធានាធិបតីបារាំង។

កាលពីសប្ដាហ៍កន្លងទៅ ក្រសួងការបរទេសបារាំង ក៏បានព្រមានផងដែរ ពីការ«លូកដៃ»ចូល ក្នុង​កិច្ចការ​បោះ​ឆ្នោតនេះ ពីសំណាក់​រដ្ឋាភិបាល​រ៉ូស្ស៊ី។ លោក ហ្សង់ម៉ាក អារ៉ូលត៍ (Jean-Marc Ayrault) រដ្ឋមន្ត្រី​ការបរទេស​បារាំង បាន​រំលឹក​ម្ដងហើយម្ដងទៀត ថាប្រទេស​បារាំង ដែលជាមហាអំណាចមួយ ពីក្នុង​ចំណោម​មហា​អំណាច​ទាំង​ប្រាំ ដែលមានអសនៈអចិន្ត្រៃយ៍ នៅអង្គការ​សហ​ប្រជាជាតិ មិន​ទទួល​យក​​បាន​ជាដាច់ខាត នូវ​ការ​«លូក​ចូល​ជ្រៀត​ជ្រែក» មកក្នុងដំណើរការ នៃការបោះឆ្នោតរបស់ខ្លួន។

បេក្ខជនប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ដែលជឿថា រូបលោកបាន​រង​គ្រោះ នឹង​យុទ្ធនាការ​វាយ​ប្រហារ នៅតាមបណ្ដាញអ៊ិនធើណែតនោះ បាន​ចេញ​មុខ​ចោទប្រទេសរ៉ូស្ស៊ី ថា​នៅ​ពី​ក្រោយ​ឧក្រិដ្ឋកម្ម ប្លន់ទិន្នន័យ ដើម្បីត្រឡប់​យក​មក​ឃោសនា វាយប្រហារលើរូបលោកវិញ។ លោក ម៉ានុយអែល ម៉ាក្រុង ជាបេក្ខជន​មាននិន្នាការ​កណ្ដាល​និយម កំពុងទទួលបានពិន្ទុ​នាំមុខ​គេ​បង្អស់ (ឬ​ប្រកិត​នឹង​បេក្ខនារី​ម្នាក់​ទៀត) នៅក្នុងរាល់ការស្ទង់មតិ សម្រាប់ការបោះឆ្នោត ដែលមាន​បេក្ខជន​ចូលរួម​ឈរ​ឈ្មោះ ចំនួន​​១១នាក់។

ក្រុងម៉ូស្គូច្រានចោល...

ប៉ុន្តែការចោទប្រកាន់ទាំងអស់ខាងលើ ធ្លាប់ត្រូវបានប្រធានាធិបតីរ៉ូស្ស៊ី លោក វ្លាឌីមៀរ ពូទីន (Vladimir Poutine) ច្រានចោល​រួច​ហើយ កាលពីសប្ដាហ៍មុន នៅក្នុងជំនួបមួយ ជាមួយ​អ្នកស្រី ម៉ារីន ឡឺពែន (Marine Le Pen) បេក្ខនារី​ប្រធានាធិបតីបារាំង មកពី​គណបក្ស​រណសិរ្យជាតិ (មាននិន្នាការ​ជាតិ​និយម​ជ្រុល ឬ​ស្ដាំ​និយម​ជ្រុល)។ លោក ពូទីន បានថ្លែងអះអាង នៅពេលនោះថា មិនមាន​ការ​ឈ្លប​ចូល ឬការលូកដៃណាមួយ ពីសំណាក់ប្រទេសរ៉ូស្ស៊ី ទៅក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ក្នុងប្រទេសបារាំងនោះទេ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...