ភេរវកម្មនៅឡុងដ៍៖ នគរបាលបង្ហាញពីអត្តសញ្ញាណភេរវករ
- ដោយ: សេក មនោរកុមារ ([email protected]) - ប៉ារីស ថ្ងៃទី២៤ មីនា ២០១៧
- កែប្រែចុងក្រោយ: March 24, 2017
- ប្រធានបទ: ភេរវកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នគរបាលអង់គ្លេស នៅរសៀលថ្ងៃព្រហស្បត្តិ៍ បានសម្រេចចិត្តបំបែកភាពមន្ទិល ចំពោះអត្តសញ្ញាណ របស់ភេរវករ ដែលបានវាយប្រហារ សម្លាប់មនុស្សបីនាក់ និងធ្វើឲ្យរបួសមនុស្សច្រើននាក់ នៅលើស្ពាន «Westminster» និងនៅមុខអាគាររដ្ឋសភាជាតិ កាលពីល្ងាចថ្ងៃពុធកន្លងមក។ ជនបង្ករូបនេះ មានឈ្មោះ «Khalid Masood» អាយុ៥២ឆ្នាំ កើតនៅក្នុងតំបន់ «Kent» ស្ថិតនៅភាគអាគ្នេយ៍ នៃចក្រភពអង់គ្លេស។
សេចក្ដីប្រកាសព័ត៌មាន របស់នគរបាលអង់គ្លេស បានឲ្យដឹង នៅថ្ងៃព្រហស្បត្តិ៍ថា «Khalid Masood» រស់នៅចុងក្រោយបង្អស់ នៅក្នុងតំបន់ «West Midlands» ស្ថិតនៅភាគកណ្ដាល នៃចក្រភព។ បុរសវ័យកណ្ដាលរូបនេះ មិនស្ថិតក្រោមការស៊ើបអង្កេតណាមួយ ពីសំណាក់នគរបាលនោះទេ។ ចារកម្មអង់គ្លេសក៏ពុំមានដំណឹងណាមួយ ពីជនម្នាក់នេះ ពាក់ព័ន្ធនឹងគម្រោង ឬការដឹកនាំ ធ្វើភេរវកម្មនោះដែរ។
ផ្ទុយទៅវិញ ជននេះធ្លាប់រងការចោទប្រកាន់ ជាច្រើនដង ទាក់ទងនឹងការកាន់អាវុធខុសច្បាប់ និងបទល្មើសវាយតប់ ប្រើហិង្សា ក្នុងពេលកន្លងមក។ សេចក្ដីប្រកាសព័ត៌មាន បានសរសេរឲ្យដឹងថា៖ «នគរបាលបានស្គាល់ជននេះ តាមរយៈការផ្ដន្ទាទោសមួយចំនួន ទាក់ទងនឹងការប្រើអំពើហិង្សា (...) ការកាន់អាវុធខុសច្បាប់ និងការបង្កឲ្យខូចសណ្ដាប់ធ្នាប់សាធារណៈ។ (...) ជននេះ មិនដែលត្រូវបានផ្តន្ទាទោស ទាក់ទងនឹងបទល្មើសភេរវនិយមនោះទេ។»។
ក្នុងរសៀលថ្ងៃព្រហស្បត្តិ៍ដដែល ក្រុមរដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យកាត់បារាំងហៅ EI អង់គ្លេសហៅ ISIS) បានចេញមុខមកប្រកាសទទួលស្គាល់ ថាជនបង្កខាងលើ គឺជាយុទ្ធជនម្នាក់ របស់ពួកគេ។ សេចក្ដីប្រកាសព័ត៌មានមួយ របស់ទីភ្នាក់ងារ «Amaq» ដែលជាម៉ាស៊ីនឃោសនា របស់អង្គការភេរវនិយមមួយនេះ បានចេញផ្សាយឲ្យដឹងថា៖ «អ្នកវាយប្រហារ នៅមុខរដ្ឋសភាអង់គ្លេស កណ្ដាលរាជធានីឡុង គឺជាយុទ្ធជនដ៏អង់អាច របស់ក្រុមរដ្ឋអ៊ីស្លាម ហើយប្រតិបត្តិការនេះ ត្រូវបានដឹកនាំធ្វើ ដើម្បីឆ្លើយតបទៅនឹងការអំពាវនាវ ឲ្យធ្វើការសងសឹក ទៅលើក្រុមប្រទេសសម្ព័ន្ធមិត្ត (Editor's Note: ដែលបានធ្វើប្រតិបត្តិការយោធា ប្រឆាំងក្រុមរដ្ឋអ៊ីស្លាម នៅក្នុងប្រទេសស៊ីរី និងអៀរ៉ាក់)»។
នេះ ជាការវាយប្រហារ លើកដំបូងបង្អស់ នៅលើទឹកដីចក្រភពអង់គ្លេស ដែលក្រុមរដ្ឋអ៊ីស្លាម បានចេញមុខប្រកាសទទួលស្គាល់។ ក្នុងពេលកន្លងមក ក្រុមភេរវនិយមមួយនេះ បានអំពាវនាវ ឲ្យមានការសងសឹក ឬការងើបឡើងប្រយុទ្ធ ប្រឆាំងនឹងក្រុមប្រទេសសម្ព័ន្ធមិត្ត ដែលបានចូលរួម ក្នុងប្រតិបត្តិការយោធាកំទេចក្រុមខ្លួន ដែលបានមកតាំង «ទឹកដីព្រះជាម្ចាស់» របស់ពួកគេ នៅក្នុងប្រទេសស៊ីរី និងប្រទេសអៀរ៉ាក់។
ចាប់ខ្លួនជនសង្ស័យ សរុបបាន៩នាក់...
នៅក្នុងយប់ថ្ងៃពុធ ចូលមកព្រឹកថ្ងៃព្រហ្បត្តិ៍ នគរបាលអង់គ្លេស ដែលជឿថា ជនខាងលើបានធ្វើភេរវកម្មនេះ តែម្នាក់ឯងនោះ បានតាមប្រមាញ់ ស្វែងរកចាប់ខ្លួន បានជនសង្ស័យ៨នាក់ ពី៦កន្លែងផ្សេងគ្នា នៅលើផ្ទៃប្រទេស ជាពិសេសនៅរាជធានី ឡុងដ៍ និងនៅក្រុង «Birmingham» ដែលស្ថិតនៅភាគពាយ័ព្យ នៃរាជធានី ឡុងដ៍។ នៅព្រឹកថ្ងៃសុក្រនេះ អាជ្ញាធរបានប្រកាស ឲ្យដឹងទៀតថា ជនពីរនាក់ទៀត ត្រូវបានចាប់ខ្លួនបន្ថែម ខណៈស្ត្រីមួយរូប ត្រូវបានដោះលែងវិញ។
អ្នកស្រី ថេរីសា មេ (Theresa May) នាយករដ្ឋមន្ត្រីអង់គ្លេស បានថ្លែងនៅមុខរដ្ឋសភាជាតិ កាលពីព្រឹកថ្ងៃព្រហស្បត្តិ៍ថា៖ «តាំងពីច្រើនឆ្នាំមកហើយ ជននេះធ្លាប់ត្រូវបានអង្កេត ដោយចារកម្មលើផ្ទៃប្រទេស របស់ក្រសួងមហាផ្ទៃ (Military Intelligence - section 5 ហៅកាត់ថា MI5) ទាក់ទងនឹងនឹង "អំពើជ្រុលនិយម ដែលមានចរិតហិង្សា"»។ ប៉ុន្តែអ្នកស្រីបានអះអាងបន្តថា នៅក្នុងអង្កេត នាពេលនោះ ជននេះគ្រាន់តែជា តួអង្គបន្ទាប់បន្សំម្នាក់ប៉ុណ្ណោះ៕