ភេវរកម្មនៅប៊ូស្តុន៖ ជនសង្ស័យទីពីរ ត្រូវបានចាប់ខ្លួន តែរបួសពេញខ្លួន
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: April 20, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការចាប់ខ្លួនជនសង្ស័យទីពីរ ដែលជាប់ទាក់ទងនឹងភេវរកម្មនៅប៊ូស្តុន ត្រូវបានធ្វើនៅម៉ោងប្រមាណជា៨និង៤៥នាទី យប់ថ្ងៃសុក្រទី១៩ខែមេសា នៅបន្ទាប់ពីប្រភពពីខាងអាជ្ញាធរបានបង្ហើបឲ្យដឹងថា ជននេះ បានទៅលាក់ខ្លួនក្នុងទូកមួយ ដែលចតក្នុងសួនច្បារនៃគេហដ្ឋានមួយ នៅក្រុង វ័តធើថោន (Watertown)។
ជនសង្ស័យទីពីរ ក្នុងសម្លៀកបំពាក់ជានិស្សិតទទួលសញ្ញាប័ត្រ។
ប្រភពដែលមិនបញ្ចេញឈ្មោះ បានពន្យល់ប្រាប់អ្នកសារព័ត៌មាន អោយដឹងពីបច្ចុប្បន្នភាពនៃស្ថានការណ៍ ដោយបញ្ជាក់ថា ជនសង្ស័យដែលគេស្គាល់ថា មានឈ្មោះ ជ័កហារ ត្សាណី (Dzhokhar Tsarnaev) អាយុ១៩ឆ្នាំ ត្រូវបានចាប់ខ្លួន និងមានរបួសធ្ងន់ជាប់ខ្លួន មិនដឹងថាជននេះ រស់ឬក៏ស្លាប់នោះទេ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងពេលនេះ ជនសង្ស័យត្រូវបានបញ្ជូនទៅមន្ទីពេទ្យ និងដាក់ក្នុងការឃ្លាំមើល របស់នគរបាល។
សូមរំលឹកថា សភាពវិវត្តន៍ថ្មីៗ បានធ្លាក់ចុះបន្តមកទៀត នៅពេញមួយថ្ងៃសុក្រនេះ តែនៅម៉ោងប្រមាណជា៧យប់ ស្នូរកាំភ្លើងបានលាន់លឺឡើង ហើយរថយន្ដជួយសង្គ្រោះ និងកងកម្លាំងប្រដាប់អាវុធ បានចល័តនៅតាមបណ្ដាផ្លូវនានា ពេញទាំងក្រុងវ័តធើថោន។ ជាថ្មីម្ដងទៀត អាជ្ញាធរបានសុំទៅបណ្ដាជនរស់នៅ ក្នុងក្រុងនេះ ឲ្យសម្ងំនៅក្នុងលំនៅដ្ឋានរៀងៗខ្លួន។
ហើយប្រហែលជាមួយម៉ោងក្រោយមកទៀត ក្នុងការថ្លែងទៅកាន់អ្នកសារព័ត៌មាន អាជ្ញាធររដ្ឋម៉ាស្សាឈូសេត និងក្រុងប៊ូស្តុន បានប្រាប់អោយដឹងពីការចាប់ខ្លួន ជនសង្ស័យទីពីររូបនេះ បន្ទាប់ពីបានតាមរុករកអស់រយៈពេលជាច្រើនថ្ងៃ និងត្រួតពិនិត្យក្រុងវ័តធើថោន អស់ពេញមួយថ្ងៃមក។ នៅក្នុងឱកាសនោះដដែល លោកអភិបាលរដ្ឋម៉ាស្សាឈូសេត ដើវាល់ ប៉ាទ្រីក (Deval Patrick) បានប្រាប់ទៅអ្នករស់នៅក្នុងក្រុង ថាអាចចេញពីលំនៅដ្ឋានបាន ប៉ុន្តែគប្បីត្រូវរក្សាការប្រុងប្រយ័ត្នជាប់ជានិច្ច ព្រោះជនសង្ស័យដែលចាប់ខ្លួនបាន នៅតែជាជនម្នាក់ដែលមានគ្រោះថ្នាក់ជាទីបំផុត។ អាជ្ញាធរគិតថា នឹងរក្សាវត្តមានរបស់កងកម្លាំងប្រដាប់អាវុធ នៅក្នុងទីក្រុងនេះ ក្នុងមួយរយៈពេលខ្លីបន្ថែមទៀត ដើម្បីធានាឲ្យបាន នូវសភាពស្ងប់ស្ងៀមពិតប្រាកដ។
ដំបូងឡើយ អាជ្ញាធរគិតថា យុវជនជាជនជាតិឆេកឆិក មានសញ្ជាតិរ៉ូស្សី រូបនេះ ស្ថិតក្នុងក្រោលសេះមួយ នៅក្នុងក្រុងវ័តធើថោន ដែលមានចម្ងាយ១៦គីឡូម៉ែត្រខាងលិចទីក្រុងប៊ូស្តុន។ រថពាសដែក និងឧទ្ធម្ភាគចក្រ បានធ្វើការត្រួតពិនិត្យ និងគ្រប់គ្រងលើសភាពការណ៍នេះយ៉ាងដិតដល់ ក្រោមការដឹកនាំពីនគរបាលសហព័ន្ធអេហ្វប៊ីអាយ (FBI)។ ប្រតិបត្តិការតាមប្រមាញ់ជនសង្ស័យទីពីរនេះ បានធ្វើពេញមួយថ្ងៃ បន្ទាប់ពីបានបាញ់សម្លាប់ ជនសង្ស័យទីមួយ កាលពីយប់ថ្ងៃព្រហស្បត្តិ៍ទីកន្លងមក។
ដំណើរដើមទងខ្លះៗ
ជនសង្ស័យបងប្អូនបង្កើតទាំងពីរនាក់ ត្រូវបានសង្ស័យថា បានគម្រាមបុរសម្នាក់ នៅជិតសកលវិទ្យាល័យ និងបានបាញ់ជាច្រើនគ្រាប់ សម្លាប់ភ្នាក់ងារនគរបាលម្នាក់ នៅយប់ថ្ងៃព្រហស្បត្តិ៍ ម៉ោងប្រមាណជា១០កន្លះ។ នគរបាលរូបនោះអាយុ២៦ឆ្នាំ ត្រូវបានរកឃើញស្លាប់ នៅក្នុងរថយន្ថរបស់ខ្លួន។
ជនសង្ស័យទាំងពីរ ក៏ទំនងជាបានធ្វើអោយរបួសយ៉ាងធ្ងន់ធ្ងរ អ្នកធ្វើការក្នុងបណ្ដាញដឹកជញ្ជូនសាធារណៈម្នាក់ នៅពេលជាមួយគ្នានោះដែរ។ បន្ទាប់មកទៀត ជនសង្ស័យនេះ បានផ្ជុងកាំភ្លើងម្ចាស់រថយន្ត គម្រាមយករថយន្ដនោះមកបើក ដើម្បីរត់គេចខ្លួន ខណៈពេលកងនគរបាលបានបើកយុទ្ធនាការ តាមប្រមាញ់អ្នកដែលបានសម្លាប់សហសេវិករបស់ខ្លួន។ ដោយមានជំនួយពីឧទ្ធម្ភាគចក្រផង ជនសង្ស័យបានធ្វើឲ្យគេកត់សម្គាល់បាន ហើយការជួបប្រយុទ្ធតតាំងគ្នា ដោយអាវុធ និងគ្រាប់បែក នៅតាមដងផ្លូវក៏បានចាប់ផ្ដើមពីពេលនោះមក។
អាជ្ញាធរនិយាយថា ជនសង្ស័យទាំងពីរបានបោះបំផ្ទុះ គ្រាប់បែកជាច្រើនគ្រាប់ នៅពេលមានការប្រដេញគ្នានោះ រហូតដល់ទីក្រុងវ័តធើថោន។ ជនសង្ស័យទីមួយ អាយុ២៦ឆ្នាំ បានរងរបួសធ្ងន់នៅក្នុងពេលតតាំងគ្នានោះ តែជនសង្ស័យទីពីរបានគេចខ្លួនរួច។ ក្រោយពីបានបញ្ជូនទៅដល់មន្ទីពេទ្យ គ្រូពេទ្យបាននិយាយថា ជនសង្ស័យទីមួយ បានស្លាប់ ដោយសារបានរងច្រើនកន្លែង នូវគ្រាប់កាំភ្លើង និងអំបែងគ្រាប់ផ្ទុះ៕
-----------------------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ