ចិន៖ រញ្ជួយដីដ៏ខ្លាំងនៅស៊ីឈ័ន មនុស្សយ៉ាងហោច៥៦នាក់ស្លាប់
ការរញ្ជួយដីដ៏ខ្លាំងមួយ បានវាយប្រហារជាទម្ងន់ខេត្ត ស៊ីឈ័ន (Sichuan) របស់ចិន បានសម្លាប់មនុស្សយ៉ាងហោច ណាស់៥៦នាក់ និងច្រើនជាង៦០០នាក់ទៀតរងរបួស។ គ្រោះធម្មជាតិ បានបន្ថែមទម្ងន់ទុក្ខ ទៅលើតំបន់នេះ ដែលល្បីថាជាតំបន់ក្រីក្រជាងគេ ហើយទើបនឹងរងនូវការរញ្ជួយដី កាលពីប្រាំឆ្នាំមុនមកហើយនោះ។
អាគារលំនៅដ្ឋានបានបាក់ស្រុត ដោយសារគ្រោះរញ្ជួយដី ក្នុងខេត្តស៊ីឈ័ន។
ប្រព័ន្ធផ្សព្វផ្សាយជាតិ បានអោយដំណឹងពីតុល្យភាព នៃជនរងគ្រោះ ដែលចេះតែកើនឡើង ជាលំដាប់។ ការិយាល័យឧត្តុនិយមចិន និងទូរទស្សន៍រដ្ឋ បាននិយាយថា គ្រោះថ្នាក់នេះ បានកើតឡើងនៅក្រោយម៉ោង៨ ព្រឹកថ្ងៃសៅរ៍ទី២០ខែមេសានេះ ហើយបានផ្ដួលអាគារទាំងឡាយ ដែលភាគច្រើនសង់ពីឥតថ្មនោះ។ តាមរូបថត និងវីដេអូ ដែលបានផ្សាយនៅតាមគេហទំព័រ មនុស្សជាច្រើន បានរត់នៅតាមផ្លូវ មួយចំនួនគ្របដណ្ដប់ខ្លួនជាមួយភួយ និងខ្លះទៀតមានតែខោអាវក្នុងប៉ុណ្ណោះ។
សូមទស្សនាវីដេអូ នៃការរញ្ជួយដីនេះ៖
ការិយាល័យឧត្តុនិយម បានវាយតម្លៃជាលើកដំបូងថា កម្លាំងនៃការរញ្ជួយ មានកម្រិត៧ ខណៈពេលដែលការិយាល័យឧត្តុនិយមរបស់អាមេរិក បានបង្ហាញតួលេខតិចជាង ៦,៦ តែនៅតែជាកម្រិតមួយដ៏ខ្លាំង អាចធ្វើអោយមានការខូតខាតខ្លាំង ទៅដល់អាយុជីវិត និងផ្ទះសម្បែង។
តាមទីភ្នាកងារព័ត៌មានចិន ស៊ីនហួ (Xinhua) បានអោយដឹងថា ការរញ្ជួយដីនេះ បានធ្វើអោយរង្គើ នូវអាគារទាំងឡាយ ចាប់ពីទីក្រុងឆេងឌូ (Chengdu) រហូតមកដល់១១៥គីឡូម៉ែត្រទិសខាងកើត។ ការរញ្ជួយនេះ បានបង្ខំអោយព្រលានយន្ដហោះអន្តរជាតិ បិតទ្វាជាបណ្ដោះអាសន្ន មុននឹងបើកឡើងវិញ ក្នុងរយៈពេលមួយម៉ោងក្រោយមក។
សូមរំលឹកថា គ្រោះរញ្ជួយដីក្នុងកម្រិត ៧,៩ នៅក្នុងខេត្តដដែលកាលពី ខែឧសភាឆ្នាំ២០០៨កន្លងទៅ បានធ្វើអោយមនុស្ស៩០ពាន់នាក់ ស្លាប់ បាត់ខ្លួន ឬចាត់ទុកថាស្លាប់៕
-----------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ