វិទ្យុនិងសារព័ត៌មានកម្ពុជា៖ ព័តមានសំខាន់ៗ ចេញផ្សាយចុងសប្ដាហ៍នេះ
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: April 20, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅក្នុងសប្តាហ៍នេះមានព្រិត្តិការណ៍ និងព័ត៌មានសំខាន់ៗជាច្រើន បានកើតឡើង។ ទាំងប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុក ក្រៅស្រុក ទាំងឯករាជ្យ ស្រប និងជំទាស់ បានធ្វើរបាយការណ៍ និងបញ្ចេញនូវទស្សនៈផ្សេងៗ ទាក់ទងនឹងហេតុការណ៍ទាំងនោះ។
កាសែត សារពត៌មានក្នុងស្រុក នៅកម្ពុជា។
វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី១៩ នេះបានចាប់អារម្មណ៍ជំនួបរវាងកម្ពុជា-ថៃ ករណីប្រាសាទព្រះវិហារ នៅតុលាការយុត្តិធម៌អន្តរជាតិ។ វិទ្យុនេះបាន សរសេរថា «លោក ហោ ណាំហុង បារម្ភខ្លាចតុលាការយុត្តិធម៌អន្តរជាតិមិនឯករាជ្យ»។ វិទ្យុនេះបន្តថាលោកហោ ណាំហុង ដែលជាប្រធានប្រតិភូកម្ពុជា បានស្នើរអោយតុលាការធ្វើការបក ស្រាយសាលក្រមឆ្នាំ១៩៦២ អោយបានច្បាស់។ លោកក៏សង្ឃឹមថា តុលាការនឹងទទួលយកតាមសំណើរបស់កម្ពុជាក្នុងករណីនេះ។ តែអ្វីដែលលោកបារម្ភនោះ ខ្លាចតែតុលាការពិភពលោកនេះមិនឯករាជ្យ។
វិទ្យុអាស៊ីសេរី បានស្រង់សម្ដីលោកហោ ណាំហុងថាថៃ មិនបានអនុវត្តសាលក្រមឆ្នាំ១៩៦២ និងមិនធ្វើតាមសេចក្តីសម្រេចចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១១ របស់តុលាការក្រុងឡាអេទេ។ ដោយលោកវន្ថែមថា ការរំលោភបំពាននេះ បានធ្វើអោយមានមនុស្សស្លាប់ និងរារាំងដល់ការរស់ប្រកបដោយសុខសន្តិភាព និងការអភិវឌ្ឍរបស់ប្រជាពលរដ្ឋ នៅក្នុងតំបន់នេះ។ លោកក៏លើកឡើងទៅអង្គតុលាការថា សន្តិភាព និងសន្តិសុខរវាង ប្រទេសជិតខាងទាំងពីរនេះ ពឹងផ្អែកទាំងស្រុងទៅលើការបកស្រាយសាលក្រមនេះ។
«ប្រទេសថៃ ព្រមានតុលាការអន្តរជាតិ ក្នុងការទទួលយកផែនទីកម្ពុជា» នេះជាចំណងជើងអត្ថបទ របស់វិទ្យុសម្លេងប្រជាធិបតេយ្យ ហៅកាត់ជាភាសាអង់គ្លេងស វីអូឌី (VOD)។ នៅថ្ងៃទីម្ភៃនេះ វីអូឌីបានលើកឡើងថា ភាគីថៃ ព្រមានដល់តុលាការអន្តរជាតិទីក្រុងឡាអេ ចំពោះការពិចារណា លើផែនទីឧបសម្ព័ន្ធI ដែលដាក់ដោយភាគីកម្ពុជា។ វិទ្យុនេះបន្តថា ភាគីថៃ បានចោទប្រកាន់កម្ពុជា ថាប្រើប្រាស់ផែនទីក្លែងក្លាយ ដើម្បីឲ្យតុលាការបកស្រាយសាលក្រមឆ្នាំ១៩៦២ តែភាគីកម្ពុជា បានបដិសេធ និងប្រាប់តុលាការថា ភាគីថៃ បានប្រើប្រាស់ផែនទី៨៥D ខុសពីផែនទីរបស់សាលក្រមឆ្នាំ១៩៦២ និងបានដាក់លួសបន្លាក្បែរប្រាសាទព្រះវិហារ លើដីទំហំ៤.៦គីឡូម៉ែត្រ ដែលថៃកំពុងតែទាមទារ ដោយគ្មានការអនុញ្ញាត។
ក្រៅពីសំនុំរឿងព្រំដែន រីឯវិទ្យុបារាំងឯណោះវិញ បានចាប់អារម្មណ៍នឹងរឿងនយោបាយក្នុងស្រុក ដោយបានដាក់ចំណងជើងរបាយការណ៍មួយរបស់ខ្លួនថា «លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រតិកម្មនឹងសារនយោបាយ របស់លោកសម រង្ស៊ី»។ វិទ្យុបន្តថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ចេញប្រតិកម្ម ដោយមិនចេញឈ្មោះ តែសំដៅទៅលើមេបក្សប្រឆាំងលោក សម រង្ស៊ី ពាក់ព័ន្ធនឹងអ្វី ដែលលោកនាយករដ្ឋមន្ត្រី ហៅថាជានយោបាយទឹកឡើង ត្រីស៊ីស្រមោច ទឹកខោច ស្រមោចស៊ីត្រី របស់លោកសមរង្ស៊ី កាលថ្ងៃទី១៩ ខែមេសា ក្នុងពិធីសម្ពោធសមិទ្ធផលនានា និងកាត់ឫសសីមា ឆ្លងព្រះវិហារ នៅវត្តអម្ពិលវ័ន្ត ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ ប្រតិកម្មនេះ ក្រោយពីលោក សមរង្ស៊ី ក្នុងពិធីជួបជុំ នៅវាលពិឃាតជើងឯក កាលពីថ្ងៃទី១៧មេសា បានប្រកាសថា នៅពេលរដ្ឋាភិបាលថ្មីរបស់លោក ឡើងដឹកនាំប្រទេស តាមរយៈការបោះឆ្នោតនៅខែកក្កដា នោះមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា រួមមាន៖ រដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី និងនាយករដ្ឋមន្ត្រី ដែលលោកសមរង្ស៊ី ថាជាអតីតមេដឹកនាំខ្មែរក្រហម និងជាជនឧក្រិដ្ឋ នឹងត្រូវនាំមកកាត់ទោស។
កាសែតដើមអំពិល ដែលគេស្គាល់ថាមាននិន្នាការផ្អៀង ទៅខាងបក្សកាន់អំណាច បានចាប់អារម្មណ៍ជាមួយនឹងការវាសវែងដីធ្លី ដោយ បានដាក់ចំណងជើងអត្ថបទរបស់ខ្លួនថា«យុវជនសម្តេចតេជោ បន្តយុទ្ធនាការ វាស់វែងដីធ្លីជាលើក ទីពីរវគ្គទីពីរ»។ ថ្ងៃទី២០ ខែមេសានេះ ក្រុមយុវជនស្ម័គ្រចិត្ត លោក ហ៊ុន សែន បានចេញដំណើរ បន្តយុទ្ធធនាការ ចុះវាស់វែងដីធ្លីជូន ដល់ប្រជាពលរដ្ឋ វិញហើយ បន្ទាប់ពីពួកគេ បានឈប់សម្រាក់និង ចូលរួមបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ អស់រយៈពេលជាច្រើនថ្ងៃមកនោះ។ ក្រុមយុវជនដែល ចេញ បេសកម្មបន្តជាលើកទីពីរ វគ្គទីពីរនេះ មានចំនួន១៦៨ក្រុម ស្មើនឹង ២០១២នាក់។ កាសែតនេះបន្តថា ក្នុងការចេញដំណើរដោយរថយន្ត ១២១គ្រឿង ក្នុងបេសកម្មចុះវាស់វែងដីធ្លីជូនប្រជាពលរដ្ឋចំនួន១៨ខេត្តក្រុងរួមមានខេត្តរតនគិរី ស្ទឹងត្រែង មណ្ឌលគិរី ក្រចេះ កំពង់ចាម ស្វាយរៀង ព្រះវិហារ ឧត្តរមានជ័យ សៀមរាប កំពង់ធំ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង ព្រះសីហនុ កោះកុង កំពង់ស្ពឺ និងខេត្តកំពត ។
«កិច្ចសហប្រតិបត្តិការរបស់កម្ពុជា គួររក្សាឯករាជ្យភាពពេញលេញ មិនត្រូវរណបបរទេសទាំងនយោបាយ និងទាំងសេដ្ឋកិច្ចនោះទេ» ជាខ្លឹមសារអត្ថបទ ចេញផ្សាយកាលពីថ្ងៃទី១៩នេះ ដោយកាសែតមនសិការខ្មែរ ដែលគេស្គាល់ថា ជា«កាសែតប្រឆាំង»នោះ។ កាសែតមនសិការបន្តថា លោក ហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជា ទៅកាន់ប្រទេសចិនពីថ្ងៃទី០៦ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៣ ។ ទំនាក់ទំនងកម្ពុជា-ចិននេះ បាន សម្រេចបង្កើតគណៈកម្មាធិការ សម្របសម្រួល អន្តររដ្ឋាភិបាលដើម្បីអនុវត្តន៍ផែនការ សកម្មភាព សហប្រតិបត្តិការភាព ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួន។
កាសែតមនសិការបានបន្តថា ចំណុចគួរឱ្យកត់សម្គាល់នោះ រដ្ឋាភិបាលក្រុងប៉េកាំងបានផ្តល់ប្រាក់កម្ចី និងជំនួយយ៉ាងច្រើនសម្រាប់រដ្ឋាភិបាលលោក ហ៊ុន សែន ធ្វើឱ្យក្រុមអ្នកសង្កេតការណ៍ឯករាជ្យ និងមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង សម្តែងសេចក្តីព្រួយបារម្ភពីឥទ្ធិពលនយោបាយ និងសេដ្ឋកិច្ចរបស់ចិនគ្របសង្កត់លើរដ្ឋាភិបាលកម្ពុជា។ ព្រោះតែបច្ចុប្បន្ននេះ មានក្រុមហ៊ុនចិនជាច្រើន បានដាក់ទុនវិនិយោគនៅកម្ពុជា ប៉ុន្តែមិនបានផ្តល់ជាផលប្រយោជន៍អ្វីសម្រាប់ ប្រជាពលរដ្ឋកម្ពុជាឡើយ។ ផ្ទុយទៅវិញក្រុមហ៊ុនចិនខ្លះ កំពុងបំផ្លាញព្រៃឈើ និងធនធានរ៉ែរបស់កម្ពុជាយ៉ាងមហន្តរាយ។ សំណង់ស្ពាន ថ្នល់ និងប្រព័ន្ធធារាសាស្ត្រដែលប្រើប្រាស់ជំនួយ និងប្រាក់កម្ចីពីប្រទេសចិនភាគច្រើនប្រឈមនឹងការរិះគន់ថាជាសំណង់ គ្មានគុណភាពមិនសមទៅនឹងទឹកប្រាក់ ដែលបានចំណាយនោះទេ៕
---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី២០ មេសា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ