ត្រឡប់មើលសង្គ្រាមរវាងម្ចាស់សម្ដី«ដូចព្នង» និងអ្នក«ព្នង» នៅក្នុងកម្មវិធីពិភាក្សាវិទ្យុ
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: August 04, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មន្ត្រីជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជា លោក ឈាង វុន បានប៉ះតទល់គ្នាជាមួយ នឹងគូរបដិបក្ខនយោបាយរបស់លោក គឺលោកសុន ឆ័យ មកពីគណបក្សសង្គ្រោះជាតិ ហើយបានបង្កការជជែកគ្នាយ៉ាងតឹងសសៃករ នៅក្នុងវេទិកាអ្នកស្ដាប់របស់ វិទ្យុសេរី រវាងអ្នកទាំងពីរ និងរវាងលោក ឈាន វុន និងគ្រប់គ្រងកម្មវិធីរបស់វិទ្យុនេះ។ មនោរម្យព័ងអាំងហ្វូ សូមត្រឡប់មកបកស្រាយឡើងវិញ ជុំវិញជំនួបពិភាក្សា ដ៏គួរឲ្យហួសចិត្តនេះ។
ខាងឆ្វេង លោក ឈាង វុន និងលោក សុន ឆៃ។ (រូបថត MONOROOM.info/ O. Vary)
អ្វីដែលប្រិយមិត្តអ្នកស្ដាប់ទូទៅទន្ទឺងរងចាំ ក្នុងកម្មវិធីតុមូលរបស់វិទ្យុអាស៊ីសេរី នៅយប់ថ្ងៃទី៤ខែសីហានេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល និងធ្វើឲ្យយល់កាន់តែច្បាស់ ពីអត្តចរិកផ្ទាល់ និងសារជាតិពិតប្រាកដនៃឥស្សរជនអ្នកនយោបាយខ្មែរ ដែលបានចូលខ្លួន មកជជែកពិភាក្សា។ ការជជែកដែលបានបញ្ចប់ទៅ ដោយភាពតឹងតែង និងមានការប្រើប្រាស់ពាក្យធ្ងន់ៗ ដូចជា«ជន ឬរបបផ្ដាច់ការ» និងឈានទៅដល់«អោយក្ដ»គ្នានោះជាដើម។
សូមរលឹកថា លោក ឈាង វុន បានបណ្ដេញលោក សុន ឆៃ ចេញពីរដ្ឋសភាដោយចំមុខ នៅពេលដែលមន្ត្រីគណបក្សប្រឆាំងរូបនេះ ចូលទៅអង្គុយស្ដាប់លោក ឈាង វុន ធ្វើសន្និសិទការសែត និងបន្ទាប់មកបានជួបជាមួយអ្នកការសែត នៅក្រៅបន្ទប់។ សូមអានព្រឹត្តិការណ៍នេះឡើងវិញ ដោយចុចនៅលើទីនេះ។
«ជាមនុស្សព្រៃផ្សៃដូចព្នង»
នៅក្នុងកិច្ចពិភាក្សាវិទ្យុ លោក ឈាង វុន បានចាត់ទុកថា ក្រុមគណបក្សប្រឆាំង មិនចេះច្បាប់ឲ្យគ្រប់ជ្រុងជ្រោយ ខណៈដែលលោកខ្លួនឯងបានបកស្រាយពីច្បាប់មួយចំនួន តែមិនដឹងមានចែងនៅមាត្រាទីប៉ុន្មាន (Sic) ទាក់ទងនឹងការដកហូតអសនៈតំណាងរាស្ត្រ របស់គណបក្សប្រឆាំង ទៅឲ្យគណបក្សផ្សេងទៀត ក្នុងករណីគ្រាន់តែគណបក្សប្រឆាំង«មិនចូល»ប្រជុំសភាលើកដំបូង។ លោកសុន ឆ័យ បានប្រើប្រាស់ចំណុចខ្សោយនេះ ដើម្បីវាយបកទៅវិញដោយចាត់ទុកថា ការបកស្រាយរបស់លោក ឈាង វុន មិនយល់ និងមិនសមស្របទៅនឹងខ្លឹមសារ និងគោលការណ៍នៃច្បាប់។
ក្នុងការថ្លែងជាសាធារណៈរបស់ អនុប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន កាលពីប៉ុន្មានថ្ងៃមុននេះ ស្ដីពីការបង្កើតរដ្ឋាភិបាលតែឯង ដោយមិនត្រូវការវត្តមានគណបក្សប្រឆាំង ក៏ត្រូវបានរងនូវការរិះគន់ដែរថា ជាការលើកឡើងស្រេចតែនឹងចិត្ត យកសម្ដីខ្លួនមកដាក់ខ្ពស់ជាងច្បាប់នោះជាដើម។ អ្នកច្បាប់ឯករាជ្យជាច្រើន បានបកស្រាយផ្ទុយ ពីពាក្យសម្ដីរបស់លោក ហ៊ុន សែន ដោយពួកគេទាំងនោះបានចាត់ទុកថា ជាការបកស្រាយ មិនបានយោងតាមគតិយុត្តិពិតប្រាកដ នៃការចែងរបស់ច្បាប់ឡើយ។ សូមអានអត្ថបទនេះឡើងវិញ ដោយចុចលើទីនេះ។
វាគ្មិនមកពីគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ ថែមទាំងបានលើកយករឿងអាស្រូវមួយរបស់ លោក ឈាង វុន មកនិយាយរំឮកក្នុងកម្មវិធីវិទ្យុ បែបចំអកថា «កុំយកខ្លឹមសារ ដូចករណីព្នងថាជារឿងធម្មតា ធ្វើព្នងខឹងអស់ម៉ានគរនោះ»។
ឃ្លានេះបានធ្វើឲ្យគេនឹកឃើញ ពីកិច្ចប្រជុំរដ្ឋសភាកាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០១២ ដែលលោក ឈាង វុន បានប្រើពាក្យប្រមាថត្មៈដៀលទៅលើលោក កឹម សុខា ដែលកាលនោះជាអ្នកតំណាងរាស្រ្តនិងជាប្រធានគណបក្សសិទ្ធិមនុស្ស ថា«ជាមនុស្សព្រៃផ្សៃដូចព្នង»។ សេចក្ដីថ្លែងនេះ ត្រូវបានសហគមន៏ជនជាតិភាគតិចចាត់ទុកថា ជាការប្រមាថមាក់ងាយពួកគេ ហើយបានទាមទារឲ្យលោក ឈាន វុន ធ្វើការសុំទោសជាសាធារណៈ ។
«គាត់ឲ្យក្ដខ្ញុំក្នុងរដ្ឋសភា»
ទំនងជាក្ដៅស្លឹកត្រជៀក ដោយត្រូវបានអ្នកគ្រប់គ្រងកម្មវិធី បញ្ជាឲ្យគេបិទមីក្រូជាញឹកញ៉ាប់ផងនោះ លោកឈាង វុន បានខ្ជាក់មកមួយឃ្លាទាំងផ្ទាំងថា «ខ្ញុំប្រើពាក្យព្នង ខ្ញុំទទួលយក។ តែអ្វីដែលឯកឧត្តមសុន ឆៃ មិននិយាយ គឺគាត់អោយ"ក្ដ"ខ្ញុំក្នុងរដ្ឋសភា» មុននឹងត្រូវបានម្ចាស់កម្មវិធី ប្រកាសផ្អាកកម្មវិធីនេះ (ព្រោះដល់ម៉ោងបញ្ឈប់ការផ្សាយ)។
បើទោះជាមានការប្រកែកពី លោក សុន ឆៃ ក្ដី ក៏លោក ឈាន វុន នៅតែជំនះ ដោយបានបន្ថែមពាក្យមួយទៀត ជាពាក្យបារាំងមានន័យថា បត់ដុំដៃ (Bras de fer?) ដែលមានលក្ខណៈជាសញ្ញាប្រទេចផ្ដាសារ របស់ជនជាតិលោកខាងលិច។
សូមស្ដាប់កិច្ចពិភាក្សាដ៏ចម្លែកនេះ ដោយចុចលើទីនេះ។
ប្រតិកម្មភ្លាមៗពីអ្នកស្ដាប់
នេះជាភាសាដ៏ចម្លែកមួយ ដែលគេកម្រនឹងបានលឺ ចេញពីមាត់អ្នកនយោបាយ ជាពិសេសត្រូវបានផ្សាយផ្ទាល់តាមវិទ្យុថែមទៀត។ លោក ព្រាប កុល ប្រធានអង្គការតម្លាភាពកម្ពុជា បានសរសេរនៅទំព័រហ្វេសប៊ុក របស់លោក ទំនងជាចំអកទៅនឹងអ្នកនយោបាយ ដែលប្រើភាសាបែបនេះថា «សំណូមពរមួយដល់អ្នកគ្រប់គ្រងវិទ្យុអាស៊ីសេរី គឺត្រូវបង្កើតវិន័យតឹងរ៉ឹងមួយជាដាច់ខាត គឺ "វាគ្មិនណាដែលស្រវឹងស្រា មិនអោយចូលរួមក្នុងវេទិការពិភាក្សាឡើយ"»។
យុវជនយុវនារីមួយចំនួនដែលតាមដានកិច្ចពិភាក្សានេះ ក៏សម្ដែងការងើងឆ្ងល់ដែរ ដោយបានសួរគ្នាទៅវិញទៅមក ថាតើវាចំណេញអ្វី ដែលមកបកអាក្រាតគ្នាតាមវិទ្យុបែបនេះ? តើកម្រិតចេះដឹងរបស់អ្នក ដែលរាស្ត្រធ្លាប់ឲ្យតម្លៃធ្វើជាតំណាងនេះ មានចំណេះចេះប្រើតែពាក្យបែបនេះទេ ឬយ៉ាងណា? យុវជនខ្លះបានសម្ដែងការខឹងសម្បារ និងខ្លះទៀតបានសរសេរក្នុងហ្វេសប៊ុករបស់ខ្លួន ថា«ជាកិច្ចពិភាក្សា ដែលហាមក្មេងអាយុក្រោម១២ឆ្នាំស្ដាប់»។
វប្បធម៌នៃការមិនគោរពពេលវេលាស្មើភាព ក្នុងការនិយាយ ព្រោះធ្លាប់ខ្លាំងក្នុងសភា?
ទាក់ទងនឹងក្រិត្យក្រមពេលវេលានៃកម្មវិធី អ្នកគ្រប់គ្រងកម្មវិធីវិទ្យុឧបត្ថម្ភធនដោយសភាអាមេរិក លោក ជុន ច័ន្ទបុត្រ បានប្រកាសជាមុនរួចជាស្រេចហើយ សម្រាប់វាគ្មិនម្នាក់ៗ ស្ដីពីការកំណតពេលក្នុងការនិយាយឆ្លើយ។ តែនៅតែមិនអាច គ្រប់គ្រងបាន។ មិនត្រឹមតែប៉ុណ្ណោះ អ្នកគ្រប់គ្រងកម្មវិធីរូបនេះ បានព្រមានទៅលោក ឈាង វុនថា «ឯកឧត្តម ទីនេះមិនមែនជារដ្ឋសភាទេ ជានាទីរបស់ខ្ញុំ» ដែលទំនងជាចង់មានន័យថា លោក ឈាង វុន អាចធ្វើអ្វីបានស្រេចតែនឹងចិត្តនៅក្នុងស្ថាប័នរដ្ឋដ៏ធំនោះ ដោយសារតែលោកជាសមាជិកគណបក្សកាន់អំណាច។
តែអ្វីដែលកាន់តែចម្លែកនោះ គឺការបែងចែកពេលនិយាយឲ្យស្មើភាពគ្នា នៅតាមប្រព័ន្ធផ្សព្វផ្សាយនេះ មិនមែនជារឿងមួយថ្មីទេ សម្រាប់លោកវាគ្មិនទាំងពីររូប ដែលសុទ្ធតែធ្លាប់រស់នៅ ក្នុងប្រទេសប្រកាន់លិទ្ធិប្រជាធិបតេយ្យ ដូចយ៉ាងប្រទេសបារាំង និងអូស្ត្រាលីនោះ។
ក្នុងប្រទេសបារាំង ការកំណត់ពេលស្មើគ្នាក្នុងការនិយាយ ឬឃោសនាពីគណបក្សរបស់ខ្លួន ក្នុងអំឡុងពេលបោះឆ្នោត មិនត្រឹមតែត្រូវបានគេអនុវត្ត តែពេលជជែកពិភាក្សាគ្នាបែបនេះទេ តែវាជាច្បាប់ ដែលត្រូវតែប្រតិបត្តិតាមដោយខានមិនបាន នៅគ្រប់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ (ទាំងរដ្ឋទាំងឯកជន) ប្រសិនបើមានការលើកយកមកជជែកគ្នា ទាក់ទងនឹងការបោះឆ្នោត។
គេក៏អាចដឹងបានដែរ ថាការជជែកតឹងតែងរវាងលោក ឈាង វុន និងលោក សុន ឆៃ នៅពេលនេះ អាចបណ្ដាលមក ពីកង្វះបច្ចេកទេសមួយចំនួន របស់អ្នករៀបចំកម្មវិធី។ គេគួរតែបំពាក់នូវប្រព័ន្ធបង្ហាញពេលវេលា ឲ្យមានសុក្រិត្យភាពជាងនេះ ទៅវាគ្មិនចូលរួមទាំងអស់ ដើម្បីឲ្យគាត់ដឹងដោយខ្លួនឯង ថាខ្លួនមានពេលប៉ុន្មាន ត្រូវថែម និងខ្វះប៉ុន្មាន៕
-----------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ