ចាន់ សូវេត៖ មេ​ដឹកនាំ​បក្ស​សង្រ្គោះ​ជាតិ​អាច​នឹង​ចេញ​ក្រៅ​ប្រទេស

បើទោះជាមេដឹកនាំគណបក្សសង្រ្គោះជាតិ បានបដិសេធថានឹងមិនចាកចេញពីប្រទេសកម្ពុជាក៏ដោយ ក៏មន្រ្តី​អង្គការ​សង្គមស៊ីវិល និងមជ្ឈដ្ឋានទូទៅបានលើកឡើងថា មេដឹកនាំគណបក្សជំទាស់អាចនឹងចេញក្រៅប្រទេស​ក្នុងពេលឆាប់ៗនេះ ដើម្បីស្វែងរកការអន្តរាគមន៍ពីសហគមអន្តរជាតិ ខណៈសហគមអន្តរជាតិបានធ្វើការ​ថ្កោល​ទោស ចំពោះការប្រើអំពើហិង្សារួចទៅហើយនោះ។ ប៉ុន្តែសេចក្ដីប្រកាសព័ត៌មានមួយ ដែលទើបនឹងចេញផ្សាយ​នៅព្រឹកថ្ងៃទី០៦ ខែមករានេះ ស្ដីពីសន្និសីទសារព័ត៌មានក្រោមវត្តមានរបស់មេដឹកនាំទាំងពីរ នៅថ្ងៃទី០៧ ខែមករា​ស្អែកនេះ ដូចជាបានបញ្ចប់ពាក្យចចាមអារាមនេះទៅវិញ។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: January 06, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មន្រ្តី​អង្គការសង្គមស៊ីវិល និងមជ្ឈដ្ឋានមួយចំនួនបានលើកឡើងថា មេដឹកនាំគណបក្សជំទាស់អាចនឹងចេញ​ក្រៅ​ប្រទេស​ក្នុងថ្ងៃនេះ ឬក្នុងពេលឆាប់ៗខាងមុខ ដើម្បីស្វែងរកការអន្តរាគមន៍ពីសហគមអន្តរជាតិ ខណៈពេលដែល​សហគមអន្តរជាតិបានសម្ដែងការសោកស្ដាយ និងមួយចំនួនទៀតបានធ្វើការ​ថ្កោល​ទោស ចំពោះការប្រើអំពើ​ហិង្សា​កាលពីពេលថ្មីកន្លងមក។ ប៉ុន្តែសេចក្ដីប្រកាសព័ត៌មានមួយ ដែលទើបនឹងចេញផ្សាយ​នៅព្រឹកថ្ងៃទី០៦ ខែមករានេះ ស្ដីពីសន្និសីទសារព័ត៌មាន ក្រោមវត្តមានរបស់មេដឹកនាំទាំងពីរ នៅថ្ងៃទី០៧ ខែមករា​ស្អែកនេះ ដូចជាបានដាក់​បញ្ចប់​នូវពាក្យចចាមអារាមនេះទៅវិញ។


លោក កឹម សុខា (ខាងឆ្វេង) និងលោក សម រង្ស៊ី នៅក្នុងសន្និសិទការសែតគណបក្សសង្គ្រោះជាតិ ថ្ងៃទី២០ខែកញ្ញា​ឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)

នយោបាយកម្ពុជា - លោក ចាន់ សូវេត អនុប្រធានស៊ើបអង្កេតសមាគមការពារសិទ្ធិមនុស្ស អាដហុក បានថ្លែង​ប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូនៅថ្ងៃទី៦ ខែ មករា ឆ្នាំ២០១៤ នេះថា វាគ្មានអ្វីចម្លែកនោះទេ ចំពោះលទ្ធភាព​ដែលថាលោក សម រង្ស៊ី និងលោក កឹម សុខា មេដឹកនាំគណបក្សសង្រ្គោះជាតិនឹងចាកចេញពីប្រទេសកម្ពុជា ទៅ​កាន់ប្រទេសលោកខាងលិច ដើម្បីស្នើជួយអន្តរាគមន៍ក្នុងជម្លោះនយោបាយនេះ ព្រោះមេដឹកនាំគណបក្ស​ជំទាស់​នេះ ក៏ធ្លាប់លើកឡើងពីគោលជំហរ នេះរួចទៅហើយ។

ជុំវិញការលើកឡើងរបស់ លោក ចាន់ សូវេត ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូមិនអាចទាក់ទងមន្រ្តីអ្នក​នាំពាក្យ​គណបក្សសង្រ្គោះជាតិ ដើម្បីធ្វើការបញ្ជាក់បន្ថែមបាននៅឡើយ។ តែបើយោងលើលោក កឹម សុខា អនុប្រធាន​គណបក្សសង្រ្គោះជាតិ ក្នុងសន្និសីទការសែត នៅថ្ងៃទី៥ ខែ មករា ឆ្នាំ២០១៤ បានលើកឡើងថា មេដឹកនាំគណបក្ស​សង្រ្គោះជាតិ(លោក សម រង្ស៊ី និងលោក កឹម សុខា) នឹងចូលខ្លួនទៅតាមដីការកោះ របស់សាលាដំបូង​រាជធានី​ភ្នំពេញ ជុំវិញបណ្តឹងរបស់សាលារាជធានីភ្នំពេញ ស្តីពីការញុះញង់ឱ្យបង្កភាពចលាចល។ ទន្ទឹមនឹងនេះ អនុប្រធាន​គណបក្សជំទាស់រូបនេះ បានបញ្ជាក់ថា៖ «គ្មានឡើយ ការចាកចេញពីប្រទេសកម្ពុជា ពីសំណាក់ប្រធានគណបក្ស​សង្គ្រោះជាតិទាំងពីររូប»។

មួយវិញទៀត អ្វីដែលបានមកបញ្ចប់នូវពាក្យចចាមអារាម និងការលើកឡើងខាងលើនេះ គឺនៅក្នុងសេចក្ដីប្រកាស​ព័ត៌មានមួយរបស់គណបក្សសង្គ្រោះជាតិ បានចេញផ្សាយនៅថ្ងៃនេះ ថានឹងមានរៀបចំសន្និសីទសារព័ត៌មានមួយ​ទៀតនៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៤ ស្អែកនេះ ក្រោមអធិបតីភាពរបស់មេដឹកនាំទាំងពីរ លោក សម រង្ស៊ី និងកឹម សុខា។ ដូច្នេះការចាកចេញរបស់មេដឹកនាំទាំងពីរ ឬយ៉ាងណានោះ នៅតែមិនទាន់អាចបញ្ជាក់បានឲ្យពិតថា នៅ​ពេលណានៅឡើយ ខណៈកម្ដៅនយោបាយ​កំពុងឡើងកម្ដៅជាបន្តបន្ទាប់។

តែប្រសិនជាការចាកចេញទៅបរទេស របស់មេដឹកនាំកំពូលនៃ​គណបក្សសង្រ្គោះជាតិ អាចនឹងត្រូវធ្វើមែននោះ អ្នកតាមដានស្ថានការណ៍​នយោបាយកម្ពុជា បានសន្និដ្ឋានថា អាចនឹងធ្វើទៅកាន់ប្រទេសលោកខាងលិច ដូចជា​សហរដ្ឋអាមេរិកជាដើម។ ការ​ចាកចេញនេះ ទំនងជាគណបក្ស​ជំទាស់មានបំណងចង់ស្វែង​រក​ការអន្តរាគមន៍ ឬ​ការដាក់សម្ពាធ​ពីបណ្តា​ប្រទេស​ទាំងនោះ មកលើរដ្ឋាភិបាលកម្ពុជា ជុំវិញអំពើហិង្សាដែលបាន​កើតឡើង​រវាងកង​កម្លាំងរបស់អាជ្ញាធរ និង​បាតុករកាលពីពេលថ្មីៗនេះ។

ថ្មីៗនេះ មេដឹកនាំគណបក្សសង្រ្គោះជាតិ ក៏ធ្លាប់បានលើកឡើងរួច​ហើយដែរ ទាក់ទងនឹងការដាក់ពាក្យ​បណ្ដឹង​ទៅ​កាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ និងស្វែងរកការគាំទ្រពីភាគីដែលពាក់ព័ន្ធដទៃទៀត ដើម្បីចូលរួមបង្កើត​គណៈ​កម្មការ​ចុះមកស្រាវជ្រាវ អង្កេតអំពើឧក្រិដ្ឋកម្មលើកម្មករយ៉ាងរង្គាល ប្រព្រឹត្តដោយសមត្ថកិច្ច គ្រប់គ្រងនិង​បញ្ជា​ដោយ​រដ្ឋាភិបាល​គណបក្សប្រជាជនកម្ពុជា។ តែផ្ទុយទៅវិញ គណបក្សប្រជាជនកម្ពុជា ក៏ដូចជារដ្ឋាភិបាល​តែង​តែ​បានច្រានចោលការ​លើកឡើងនោះ ហើយបានថ្លែងការពារ​ខ្លួនថា អ្វីដែលពួកគេបានធ្វើគឺស្របច្បាប់ និងដើម្បីរក្សា​សណ្តាប់ធ្នាប់​សាធារណៈ៕

--------------------------------------
ដោយ៖ អ៊ុំ បូរី - ភ្នំពេញ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៤
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...