ស្ត្រីសកម្មជនសិទ្ធិលំនៅដ្ឋានបឹងកក់ប្រាំនាក់ ត្រូវបានចាប់ខ្លួន«ឆៅ»
សកម្មជនដីធ្លីបឹងកក់ទាំង៥នាក់ រួមមាន អ្នកស្រី ទេព វន្នី អ្នកស្រី យ៉ោម បុប្ផា អ្នកស្រី បូ ឆវី អ្នកស្រី ផាន់ ឈុនរ៉េត និងអ្នកស្រី សុង ស្រីលាភ ត្រូវបានកងសន្តិសុខសណ្ដាប់ធ្នាប់រាជធានីភ្នំពេញ និងក្រុមពាក់សំលៀកបំពាក់ធម្មតាច្រើនសិបនាក់ ចាប់ដាក់លើរថយន្ដនាំចេញទៅដោយបង្ខំ ខណៈពួកគាត់កំពុងធ្វើដំណើរ តម្រង់ទៅស្ថានទូតបារាំង មកដល់មុខមន្ទីរវះកាត់បេះដួង (ក្បែរមន្ទីរពេទ្យកាល់ម៉ែត)។ នេះបើតាមសម្តីអ្នកស្រី គង់ ចាន់ថា សកម្មជនតវ៉ាសិទ្ធិលំនៅដ្ឋាននៅបឹងកក់មួយរូបទៀត ដែលមានសំណាងបានរួចខ្លួនពីការចាប់ខ្លួននេះ ហើយបានថ្លែងប្រាប់ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ នៅក្រោយហេតុការណ៍នោះភ្លាម។
អ្នកស្រី គង់ ចាន់ថា សកម្មជនតវ៉ាសិទ្ធិលំនៅដ្ឋាននៅភូមិបឹងកក់ នៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O.Vary)
សណ្ដាប់ធ្នាប់ - អ្នកស្រី គង់ ចាន់ថា ដែលបានរួចខ្លួនពីការចាប់បញ្ចូលរថយន្ដនេះ បានប្រាប់ពីមូលហេតុនៃការរួចខ្លួនរបស់អ្នកស្រីថា ដោយសារអ្នកស្រីមិនបានស្ថិតនៅក្នុងចំណោមគ្នាអ្នកស្រី នៅក្នុងអំឡុងពេលចាប់ខ្លួននេះឡើយ ព្រោះអ្នកស្រីបានកំពុងតែនិយាយ ទូរស័ព្ទជាមួយអ្នកសារពត៌មានផ្សេង ទាក់ទងនឹងការទាមទារតវ៉ាមួយ ដែលនឹងត្រៀមធ្វើនៅព្រឹកថ្ងៃទី០៦ ខែមករានេះ របស់ប្រជាសហគមន៍អ្នកភូមិបឹងកក់ នៅមុខស្ថានទូតបារាំងប្រចាំកម្ពុជា ក្នុងរាជធានីភ្នំពេញ។
អ្នកស្រីបានថ្លែងរៀបរាប់ថា នៅវេលាម៉ោងប្រមាណជា៧កន្លះព្រឹក ក្រុមរបស់អ្នកស្រីបានដើរមកដល់ចំណុច មុខមន្ទីរវះកាត់បេះដូង ជិតកាច់ជ្រុងផ្លូវកែងនៃស្ថានទូតបារាំង ស្រាប់តែមានមនុស្សមួយក្រុមជិះរថយន្ដទ្រុងធុនធំចំនួនពីរគ្រឿង និងរថយន្ដទេសចរណ៍មួយគ្រឿងមកឈប់នៅក្បែរនោះ ហើយបានចុះព័ទ្ធចាប់ក្រុមគ្នីគ្នារបស់អ្នកស្រី ចំនួនប្រាំនាក់ ដាក់បញ្ចូលទៅក្នុងរថយន្ដទេសចរណ៍ ដឹកនាំចេញទៅបាត់ ដោយមិនមានសាកសួរអ្វីទាំងអស់។
អ្នកស្រី ចាន់ថា បានបង្ហាញពីភិនភាគនៃក្រុមមនុស្សទាំងនោះ ថាមានមាឌធំៗ ស្លៀកពាក់ស៊ីវិលមួយចំនួន និងមានស្លៀកឯកសណ្ឋានសន្តិសុខសណ្ដាប់ធ្នាប់ ពាក់មួកសុវត្ថិភាពជិតក្បាល។ អ្នកស្រីនិយាយថា មើលមិនស្គាល់ក្រុមនេះមកពីណា និងជានរណាឡើយ ហើយក្រុមជនទាំងនេះបាននាំខ្លួនស្ត្រីទាំងប្រាំនាក់ចេញទៅ ដោយមិនមានបង្ហាញ«ដីកាចាប់ខ្លួន»អ្វីទាំងអស់។
តែសម្រាប់ លោក ណៃ វ៉ង់ដា អនុប្រធានផ្នែកសិទ្ធិមនុស្សរបស់អង្គការ អាដហុក វិញ បានថ្លែងប្រាប់ទស្សនាវដ្ដីថា សកម្មភាពនៃការតវ៉ាដោយសន្តិវិធី មិនសមណា នឹងត្រូវរដ្ឋាភិបាលចាប់ខ្លួនបែបនេះឡើយ ព្រោះវាខុសនឹងគោលការណ៏នៃសិទ្ធិបញ្ចេញមតិ។ យ៉ាងណាម៉ិញ ខាងលោក ក៏កំពុងតែតាមដានមើលថា តើពេលនេះស្ថានភាពរបស់សកម្មជនតវ៉ាសិទ្ធិលំនៅដ្ឋានទាំងនោះ ស្ថិតនៅទីណាឲ្យពិតប្រាកដ បើទោះជាលោកទើបនឹងបានទទួលដំណឹងថា សកម្មជនទាំងប្រាំនាក់នោះ ប្រហែលជាត្រូវបានបញ្ចូន ទៅកាន់ស្នងការរាជធានីភ្នំពេញក្តី។
ចំពោះហេតុការណ៏នៃការចាប់ខ្លួននេះ ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ មិនអាចទាន់ទាក់ទងបានភ្លាមៗ នូវមន្ត្រីអ្នកទទួលខុសត្រូវរបស់អាជ្ញាធរណាម្នាក់ ដើម្បីសុំការលំអិតនៃហេតុការណ៍នេះបានឡើយ។ ប៉ុន្តែសម្រាប់បទបញ្ជាថ្មី ដែលបានផ្សាយឲ្យដឹងកាលពីពេលថ្មីៗនេះ អាជ្ញាធរកម្ពុជាដែលគ្រប់គ្រងដោយរដ្ឋាភិបាលលោក ហ៊ុន សែន បានធ្វើការហាមប្រាមរាល់ការជួបជុំណាក៏ដោយ ដែលមានចំនួនលើសពី១០នាក់ ដោយលើកយកពីមូលហេតុសណ្ដាប់ធ្នាប់សាធារណៈមកអះអាង បន្ទាប់ពីមានព្រឹត្តិការណ៍ផ្ទុះអំពើហិង្សា នៅតាមបណ្ដោយផ្លូវវេងស្រង នៅថ្ងៃទី០៣ និងការរើរុះបណ្ដេញបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ ចេញពីទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី០៤ ខែមករានោះមក។
ដោយឡែក អ្នកស្រី គង់ ចាន់ថា ដែលនៅរួចខ្លួនពីការឡោមព័ទ្ធចាប់ខ្លួននេះ បានថ្លែងអំពានាវតាមរយៈក្រុមអ្នកសារព័ត៌មាន ដល់ស្ថានទូតបរទេសប្រចាំនៅកម្ពុជាទាំងអស់ មេត្តាជួយអន្តរគមន៏ទៅរដ្ឋាភិបាល ឲ្យមានការគោរពច្បាប់ និងសិទ្ធិប្រជាពលរដ្ឋកុំឲ្យមានការរំលោភបំពានបែបនេះ និងសូមរកយុត្តិធម៌ដល់ស្រ្តីទាំងប្រាំនាក់ ដែលត្រូវបានចាប់ខ្លួនទៅបាត់ស្រមោលនេះផង។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី០៦ ខែមករានេះ ក្រុមសកម្មជនតវ៉ាសិទ្ធិដីធ្លី មកពីតំបន់បឹងកក់ មានគោលបំណងចង់ដាក់ញាតិ ទៅកាន់ស្ថានទូតបារាំង ដើម្បីស្នើសុំឲ្យស្ថានទូតមួយនេះ ជួយធ្វើអន្តរាគមន៏លើករណីចាប់ខ្លួន លោក វ៉ង ពៅ និង ជនផ្សេងៗទៀតចំនួនដប់នាក់ ព្រមទាំងរកយុត្តិធម៌ឲ្យជនរងគ្រោះ ដែលបានស្លាប់ដោយសារការទាមទារឲ្យមានការតម្លើងប្រាក់ខែ នៅក្នុងព្រឹត្តិការណ៍ប្រឈមមុខដោយហិង្សាកន្លងមក៕
----------------------------------------------
ដោយ៖ ក. សេងហុង ថ្ងៃ០៦ ខែមករា ឆ្នាំ ២០១៤
រាយការណ៏ដោយ៖ លោក អ៊ុម វ៉ារី
រក្សាសិទ្ឋដោយ៖ ទស្សនាវដ្តីមនោរម្យព័រអាំងហ្វូ