មណ្ឌលគីរី៖ មានច្បាប់ព្រៃឈើ និងច្បាប់បរិស្ថាន តែព្រៃឈើ«វិនាស»
- ដោយ: លោក គិន ដោយ គិន ង៉ុយ ([email protected]) - ភ្នំពេញ ថ្ងៃទី០៩ ឧសភា ២០១៤
- កែប្រែចុងក្រោយ: May 10, 2014
- ប្រធានបទ: ឧក្រិដ្ឋកម្មព្រៃឈើ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ឧក្រិដ្ឋកម្មព្រៃឈើ - កំហឹងរបស់លោក ឡាំ ជិន តំណាងប្រជាពលរដ្ឋមកពីស្រុកពេជ្រដា បានថ្លែងតាមរយៈការកត់សំគាល់របស់ខ្លួនថា កាលពុំទាន់មានច្បាប់ព្រៃឈើនិងច្បាប់បរិស្ថាន ព្រៃឈើនៅខេត្តនេះគង់វង្សច្រើន។ ប៉ុន្តែក្រោយពីច្បាប់នោះបង្កើតមក បានធ្វើព្រៃឈើហិនហោច។ លោកបានថ្លែងឲ្យដឹងទៀតថា៖ «ដុតច្បាប់ទាំងអស់នោះចោលទៅ ពីព្រោះច្បាប់ព្រៃឈើ និងច្បាប់បរិស្ថានវាមិនមានប្រយោជន៍ ប្រជាពលរដ្ឋអនុវត្តន៍ ច្បាប់នោះ ប៉ុន្តែមន្ត្រីទាំងនោះមិនអនុវត្តន៍ទេ ច្បាប់នោះវាមានប្រយោជន៍ សម្រាប់តែក្រុមហ៊ុនប៉ុណ្ណោះ ពីព្រោះមន្ត្រីទាំងនោះការពារក្រុមហ៊ុន»។
បុរសចំណាស់រូបនេះ កំពុងព្រួយបារម្ភយ៉ាងខ្លាំង អំពីការកាប់ព្រៃឈើពីសំណាក់ឈ្មួញ ដែលកំពុងបំផ្លាញជ័រទឹក ព្រៃតំណមនិងព្រៃខ្មោច ដែលជាព្រៃប្រពៃណីរបស់ពលរដ្ឋជនជាតិភ្នង។ លោកគិតថា សកម្មភាពវិនិយោគរបស់ក្រុមហ៊ុនទាំងនោះ នឹងងធ្វើឲ្យជនជាតិដើមភាគតិចស្លាប់តែម្តង។ លោកបានថ្លែងឲ្យដឹងថា៖ «តើព្រៃនិងដី នៅក្នុងខេត្តនេះមានប៉ុន្មាន បានជាផ្តល់មិនចេះចប់មិនចេះហើយសោះ សូមមេត្តាគិតគួរពីជីវិតរបស់ជនជាតិដើមភាគតិចផង សូមធ្វើឲ្យពួកគេរីករាយផង កុំធ្វើឲ្យពួកយើងមានទុក្ខរាល់តែថ្ងៃនោះ»។
មិនខុសគ្នាប៉ុន្មានរបស់អ្នកស្រុកពេជ្រដានោះ លោក ម្លឹក ម៉ាល តំណាងប្រជាពលរដ្ឋស្រុកសែនមនោរម្យ បានថ្លែងឲ្យដឹងថា រដ្ឋាភិបាលបានបង្កើតច្បាប់ព្រៃឈើ ច្បាប់ភូមិបាល ច្បាប់បរិស្ថាន និងច្បាប់ជនជាតិដើមភាគតិត ហើយនៅក្នុងច្បាប់ព្រៃឈើបានចែងថា កុំឲ្យពលរដ្ឋកាប់ព្រៃឈើ កុំធ្វើបទល្មើសព្រៃឈើ ដូច្នេះពលរដ្ឋពុំហ៊ានធ្វើនោះទេ តែផ្ទុយទៅវិញអាជ្ញាធរជាអ្នកកាប់បំផ្លាញ។ លោកបានថ្លែងថា៖ «កន្លែងណាមានរដ្ឋបាលព្រៃឈើ និងបរិស្ថាន គឺព្រៃយើងអស់រលីងតែម្តង សូម្បីតែដើមជ័ររបស់ពួកយើងក៏កាប់អស់ទៀត។ តើឲ្យពួកយើងរស់នៅរបៀបម៉េច ពីព្រោះយើងជាជនជាតិភ្នងរស់នៅពឹងដើមជ័រនិងដី គឺពួកយើងមានតែរងចាំងាប់ ពីព្រោះយើងមិនដែលចេះ រកស៊ី ឬក៏ស៊ីឈ្នួលគេទេ»។
មានតែច្បាប់ តែព្រៃឈើអស់រលីង ...
ចំណែកឯលោក ស្រឿង ណាក ជាតំណាងប្រជាពលរដ្ឋនៅស្រុកកែវសីម៉ា បានថ្លែងឲ្យដឹងថា ទាក់ទិនទៅនឹងបទល្មើសព្រៃ គឺមន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីប៉ូលីស ទាហាន ជាអ្នកប្រព្រឹត្តិ ហើយអាជ្ញាធរទាំងនោះចាប់ឈើមែន ប៉ុន្តែចាប់តែឈើប្រជាលរដ្ឋដឹកធ្វើផ្ទះ រឺក៏ដឹកឲ្យគេប៉ុណ្ណោះ ចំពោះឈ្មួញដឹកឈើតាមឡានធំៗ ដឹកទៅស្រុកយូនឡើងសឹកផ្លូវទៅហើយ សមត្ថកិច្ចថាមិនដែលឃើញម្តងណានោះទេ។ លោកបានថ្លែងថា៖ «រដ្ឋាភិបាលបានបង្កើតច្បាប់ព្រៃឈើមកល្អណាស់ ប៉ុន្តែមានតែច្បាប់ ព្រៃឈើបែរជាអស់រលីង ហើយច្បាប់នោះ ក៏ការពារឲ្យតែពួកឈ្មួញនាំទៅវៀតណាម រឺចិនប៉ុណ្ណោះ»។
ចំពោះលោក ផ្លាញ់ វិន មកពីស្រុកមេម៉ង់ ខេត្តមណ្ឌលគីរី បានថ្លែងឲ្យដឹងថា នៅខាងស្រុករបស់លោកនោះ មានក្រុមហ៊ុន ទ្រីភាព បានកំពុងកាប់បំផ្លាញព្រៃឈើយ៉ាងខ្លាំងខ្លា ហើយប្រជាសហគមន៍ពុំអាចទប់ស្កាត់បាននោះទេ។ លោកបានថ្លែងឲ្យដឹងថា៖ «ខ្ញុំសូមឲ្យអាជ្ញាធរ ចាត់វិធានការចំពោះក្រុមហ៊ុនទាំងនោះ ហើយមេត្តាទុកដីព្រៃសម្រាប់ពួកខ្ញុំផង ជាពិសេសព្រៃអារក្សនិងដីចម្ការ»។
ស្រីដែលសកម្មក្នុងការចេញល្បាត ប្រឆាំងនឹងបទល្មើសព្រៃឈើ អ្នកស្រី ពើត សុវណ្ណ រស់នៅក្នុងក្រុងសែនមនោរម្យ បានថ្លែងឲ្យដឹងថា អ្នកស្រីខំដើរល្បាតព្រៃកាត់ព្រៃកាត់ភ្នំ កាត់ភ្លៀងប៉ុន្តែហាមឃាត់គេមិនស្តាប់ ដោយសារតែអ្នកដែលប្រព្រឹត្តិគឺជាមន្ត្រីធ្វើការនៅផ្នែកបរិស្ថាន ពួកគេកាប់មិនប្រណី គឺគេកាប់ទាំងព្រៃអារក្ស ព្រៃតំណម។ អ្នកស្រីបានថ្លែងឲ្យដឹងថា៖ «យើងលែងបានទទួលផលពីអនុផលព្រៃឈើទៀតហើយ ដោយសារតែពួកគេបានកាប់បំផ្លាញអស់ ទាំងយើងទាំងសត្វព្រៃ គ្មានទីជម្រកតើឲ្យពួកយើងទៅនៅឯណា? បើពួកខ្ញុំកាប់ព្រៃឈើ ចាប់ពួកខ្ញុំចុះ ប៉ុន្តែពួកអស់លោកកាប់ឈើនោះ យ៉ាងម៉េចដែរ?»។
យើងមិនចង់បានផ្លូវស្អាត សាលារៀន ជាថ្នូនឹងការបាត់បង់អ្វីៗទាំងអស់នោះទេ
អ្នកស្រីបានថ្លែងថា ពួកជនជាតិភ្នងរបស់អ្នកស្រី សុំអង្វរមេត្តាអាជ្ញាធរក្រឡេកមើលបទល្មើសព្រៃឈើ ដើម្បីទុកឲ្យពួកគាត់បានរស់នៅផង ពីព្រោះជនជាតិពឹងផ្អែក តែលើព្រៃឈើតែមួយមុខប៉ុណ្ណោះ។ អ្នកស្រីថា៖ «សត្វព្រៃផុតពូជហើយ តើអស់លោកចង់ឲ្យពួកខ្ញុំផុតដូចសត្វព្រៃមែនទេ។ ហើយក៏មិនបាច់ឲ្យអំណោយឲ្យអីទេ ពួកយើងអាចរស់ដោយខ្លួនឯងបាន មេត្តាទុកតែព្រៃឈើឲ្យពួកខ្ញុំបានហើយ»។
អ្នកស្រីបានថ្លែងឲ្យដឹងទៀតថា បច្ចុប្បន្ននេះអាជ្ញាធរ កំពុងតែសម្លាប់ជនជាតិភាគតិចដោយគំនិត គេពុំមែនសម្លាប់ដោយកាំបិតនិងអាវុធទៀតទេ ពីព្រោះគេប្រើគំនិត ផ្តល់ដីសម្បទានសេដ្ឋកិច្ចឲ្យទៅក្រុមហ៊ុនឯកជន ធ្វើឲ្យពួកគេកាប់បំផ្លាញព្រៃឈើរបស់ប្រជាសហគមន៍អស់រលីង។ អ្នកស្រីបានថ្លែងថា៖ «យើងមិនចង់បានផ្លូវស្អាត សាលារៀននោះទេ បើមានវាហើយ ពួកយើងបាត់បង់អ្វីៗទាំងអស់នោះ»។
កំពុងតែភ័យខ្លាចក្នុងការបាត់បង់ដើមជ័រទឹកនោះ អ្នកស្រី ច្រឹក ពែង អាយុ ៤៥ រស់នៅក្នុងឃុំស្រែព្រះ ដែលកំពុងតែព្រួយបារម្មណ៍ អំពីក្រុមឈ្មួញកាប់បំផ្លាញដើមឈើរបស់ខ្លួន បានថ្លែងថា បច្ចុប្បន្ននេះមានជនជាតិវៀតណាម និងពលរដ្ឋមកពីខាងក្រៅ បានចូលមកអាឈើ និងលួចកាប់ឈើជ័រទឹករបស់អ្នកស្រី ស្ទើរតែរាល់ថ្ងៃ ប៉ុន្តែគ្រួសារអ្នកស្រី ពុំអាចធ្វើអ្វីទប់ស្កាត់បាន ដោយសារក្រុមទាំងនោះមានកាំភ្លើងមកជាមួយ។ អ្នកស្រីបានថ្លែងថា៖ «យើងឃើញគេកាប់ដើមជ័ររបស់យើង ប៉ុន្តែយើងមិនហ៊ានតតាំងជាមួយគេ ដោយសារតែគេមានកាំភ្លើងខ្លាចគេបាញ់ ពីព្រោះអីគេធ្លាប់បាញ់ម្តងរួចមកហើយ។ យើងស្តាយវាខ្លាំងណាស់។»។
អ្នកស្រីបានថ្លែងថា ទៅថ្ងៃអនាគត់អ្នកស្រីមិនដឹងថា ត្រូវធ្វើយ៉ាងណានោះទេ នៅពេលដែលគេលួចកាប់ អស់ដើមជ័រទឹករបស់អ្នកស្រី ពីព្រោះអ្នកស្រីមានជ័រទឹក៤០០ដើម ប៉ុន្តែរហូតមកដល់បច្ចុប្បន្ននេះ គេបានកាប់បំផ្លាញអស់ជាង៧០ដើមទៅហើយ។ អ្នកស្រីបានថ្លែងថា៖ «យើងមិនដឹងទៅប្តឹងអ្នកណា បើមេឃុំគាត់ស៊ីសំណូកជាមួយឈ្មួញ ប្តឹងរាប់ភ្លេចដង តែគេមិនដែលចាត់ការសោះ»។
កូនខ្ញុំនឹងមិនបានស្គាល់ បេង នាងនួន ទៀតទេ ...
លោក វ៉ាន ញ៉ៃ នៅឯស្រុកដាក់ដាំ ឯនោះវិញបានថ្លែងឲ្យដឹងថា ពលរដ្ឋរបស់លោក ដែលជាជនជាតិភាគតិច គឺពឹងផ្អែកលើកអនុវផលព្រៃឈើ ប៉ុន្តែក្រុមហ៊ុនមួយចំនួន គេចាប់ផ្តើមធ្វើលើដីសម្បទានរបស់ពួកគេ បានកាប់បំផ្លាញព្រៃទាំងអស់នោះគ្មានសល់។ លោកបានថ្លែងឲ្យដឹងថា៖ «ព្រៃទាំងអស់នោះ សុទ្ធតែព្រៃក្រាស់ហើយជាព្រៃការពារទៀត ប៉ុន្តែគេកាប់អស់ ដូច្នេះយើងប្រហែលជាគ្រោះថ្នាក់ហើយ ដោយសារតែវាប៉ះពាល់យ៉ាងខ្លាំង ទៅលើបរិស្ថាននិងជីវិតមនុស្ស»។
លោកឲ្យដឹងទៀតថា លោកស្នើរឲ្យអាជ្ញាធរមេត្តាជួយការពារព្រៃឈើផង ពីព្រោះបច្ចុប្បន្ននេះឈ្មួញកាប់អស់ហើយ ពីមុនគេកាប់ក្រញូង បេង នាងនួន ប៉ុន្តែបច្ចុប្បន្ននេះសូម្បីតែជ័រទឹកក៏គេកាប់គ្មានសល់ដែរ។ លោកបានថ្លែងឲ្យដឹងទៀតថា៖ «យើងមិនប្រឆាំងនិងការវិនិយោគនោះទេ ប៉ុន្តែក្រុមហ៊ុនវាធ្វើហួសពេក កាប់ឈើអស់គ្មានសល់។ ប្រជាជនគ្រាន់តែកាប់ឈើធ្វើផ្ទះ ចាប់ដុតទាំងរទេះគោ ប៉ុន្តែក្រុមហ៊ុនដឹកឈើពេញឡាន គេមិនដែលចាប់សោះ។ កូនខ្ញុំនឹងមិនបានស្គាល់បេង នាងនួនទៀតទេ បើបំផ្លាញបែបនេះ។»។
ព្រៃឈើក្នុងតំបន់មួយ នៅខេត្តមណ្ឌលគីរី។ (រូបថត ឯកសារខែកុម្ភៈ ឆ្នាំ២០១៤)
លោក ព្ចើប ប៉េ មេឃុំ ស្រែព្រះ ស្រុកកែវសីម៉ា ដែលត្រូវបានរងនូវការចោទប្រកាន់ ឃុបឃិតយកលុយពីឈ្មួញព្រៃឈើ ក៏បានចេញមុខមករារាំង ដោយបានបញ្ជូនកម្លាំងនគរបាលមិនអនុញ្ញាតិឲ្យអ្នកសារព័ត៌មាន ចូលយកព័ត៌មាននៅក្នុងភូមិរបស់លោក នៅក្នុងកន្លែងដែលមានការបំផ្លាញព្រៃឈើជាប្រព័ន្ធ។ លោកបានមានប្រសាសន៍ថា៖ «ខ្ញុំមិនឲ្យចូលក្នុងភូមិនេះ ដោយពួកលោកពុំមានការអនុញ្ញាត ពីអាជ្ញាធរមូលដ្ឋានជាមុន។ ហើយបើចោទខ្ញុំប្រព្រឹត្តិអំពើពុករលួយ បង្ហាញភស្តុតាង។»។
ការវិវត្តន៍នៃព្រៃឈើនៅកម្ពុជា ...
យោងតាមរបាយការណ៍រូបភាពផ្កាយរណប ដែលចេញកាលពី ខែធ្នូ ឆ្នាំ២០១៣ ផែនទីដែលមានលក្ខណៈចលនាគេហទំព័រ Open Development Cambodia (ODC) បានបង្កើតពីរូបភាពផ្កាយរណប ណាស្សា (NASA) បានបង្ហាញលម្អិតអំពីការបំផ្លាញខ្លាំងក្លាទៅលើព្រៃឈើរបស់ ប្រទេសកម្ពុជា ជាការបំផ្លាញដែលបានកើនឡើងយ៉ាងខ្លាំង ក្នុងរយៈកាល ៥ ឆ្នាំចុងក្រោយនេះ។ គេហទំព័រ ODC បានឲ្យដឹងថា ការវិភាគរូបភាពផ្កាយរណបបង្ហាញថា នៅក្នុង ឆ្នាំ១៩៧៣ ប្រហែល ៧២,១១ ភាគរយនៃ ប្រទេសកម្ពុជា ត្រូវបានគ្របដណ្តប់ដោយព្រៃឈើ។ រូបភាពថ្មីៗបានបង្ហាញថា គម្របព្រៃឈើបច្ចុប្បន្នមានតិចទៅៗគឺចំនួន ៤៦,៣៣ ភាគរយ ដោយរួមបញ្ចូលទាំងចម្ការកៅស៊ូផង។
ចំណែកឯរបាយការណ៍របស់អង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ ដែលហៅកាត់ថា ហ្វៅ (FAO) បង្ហាញថា ព្រៃឈើរបស់កម្ពុជា មានទំហំជាង ១៣លានហិកតារ គ្របដណ្ដប់លើផ្ទៃដីទូទាំងប្រទេស ប៉ុន្តែព្រៃឈើទាំងនេះបានបន្តបាត់បង់ជាង ៣សែនហិកតារក្នុង១ឆ្នាំៗ ដោយសារបទល្មើសព្រៃឈើ កើតឡើងព្រោងព្រាត យ៉ាងអនាធិបតេយ្យ។
លោក វង្ស កុសល មន្ត្រីច្បាប់នៃអង្គការ NGO forum មានប្រសាសន៍ថា ការស៊ើបអង្កេត ឬរកជនល្មើស មិនចាំបាច់ផ្តល់ដំណឹងទៅអាជ្ញាធរទេ ព្រោះខ្លាចបែកការណ៍ ជនល្មើសរត់បាត់អស់។ លោកថា៖ «សកម្មភាពកាប់ព្រៃឈើ ធ្វើជាលក្ខណៈប្រព័ន្ធខ្លាំងបំផុត ចាប់តាំងពីឆ្នាំ២០១២ បន្តរហូតដល់បច្ចុប្បន្ន។ ប្រជាពលរដ្ឋមកពីខេត្តនានា មកកាប់ឈើលក់ឲ្យឈ្មួញកណ្តាល ហើយលក់បន្តឲ្យទៅឈ្មួញអ្នកមានអំណាច។»។
ឆ្លើយតបទៅនឹងការចោទប្រកាន់របស់លោក សារ៉ូ រតនា នាយរងរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគីរី បានថ្លែងឲ្យដឹងថា ទាក់ទិនទៅនឹងបទល្មើសព្រៃឈើនោះ គឺអាជ្ញាធរបានចូលរួមបង្ក្រាបទប់ស្កាត់ឲ្យខាងតែបាន ប៉ុន្តែមន្ត្រីរដ្ឋបាលព្រៃឈើនៅទូទាំងខេត្ត មានចំនួនតែ៤៦ នាក់ ក្នុងនោះដីខេត្តធំទូលាយណាស់ ដូច្នេះតែងតែមានឆកល្វែងខ្លះ។ លោកបានថ្លែងឲ្ទៀតថា៖ «បើឃើញថាមានមន្ត្រីណាឃុបឃិត ជាមួយឈ្មួញរកស៊ីព្រៃឈើ ហើយមានវត្ថុតាងជាក់ស្តែង មេត្តារាយការណ៍មកខ្ញុំ ខ្ញុំនិងចាត់វិធានការដ្ឋបាលចំពោះមន្ត្រីនោះ ប៉ុន្តែបើគ្មានវត្ថុតាងជាក់ស្តែង មិនអាចនិយាយចោទគេបាននោះទេ។ ខ្ញុំមិនដែលប្រព្រឹត្តិអំពើរពុករលួយ ពាក់ព័ន្ធឧក្រិដ្ឋកម្មព្រៃឈើនោះទេ»។
ព្រៃឈើខ្មែរ ក៏របស់ពិភពលោកដែរ
ចំណែកឯលោក យឹម ឡុច អភិបាលរងខេត្តមណ្ឌលគីរី បានថ្លែងឲ្យដឹងថា អាជ្ញាធររបស់លោក បានព្យាយាមធ្វើការងារណាស់ក្នុងការការពារបរិស្ថាន ការពារព្រៃឈើ គឺយកចិត្តទុកដាក់ខ្លាំងណាស់។ លោកបានថ្លែងថា៖ «បញ្ហាបទល្មើសព្រៃឈើនោះ យើងបង្កើតយន្តកាច្រើនណាស់ ហើយមិនមែនតែរដ្ឋបាលព្រៃឈើ រឺក៏បរិស្ថាននោះទេ ដែលការពារនោះ គឺយើងចាត់វិធានការក្តៅគគុកចំពោះបញ្ហាព្រៃឈើនេះ ពីព្រោះព្រៃទាំងនោះ យើងអាចនិយាយបានថា សឹងពុំមែនតែជារបស់ខ្មែរទេ គឺរបស់ពិភពលោក ពីព្រោះព្រៃឈើនៅក្នុងស្រុកខ្មែរយើង ក៏ចូលរួមរក្សារកំណើនកំដៅ ទៅដល់ពិភពលោកទាំងមួលដែរ»។
លោកបានថ្លែងឲ្យដឹងថា ទាក់ទិនទៅនឹងបញ្ហា ដែលឃើញមានការដឹកជញ្ជូនឈើនោះ ពុំមែនមានន័យថាអាជ្ញាធរឃុបឃិតគ្នា អនុញ្ញាតិឲ្យគេដឹកទៅនោះទេ ប៉ុន្តែឈើទាំងនោះ គឺជាឈើដែលមានច្បាប់អនុញ្ញាតិ។ លោកបានថ្លែងឲ្យដឹងថា៖ «ប្រទេសយើងមានច្បាប់ អ្នកដែលប្រព្រឹត្តិខុស ត្រូវតែផ្តន្ទាទោសទៅតាមច្បាប់»។
លោក បានឲ្យដឹងទៀតថា នៅក្នុងខេត្តមណ្ឌលគីរីមានក្រុមហ៊ុនវិនិយោគមាន ២៨ ក្រុមហ៊ុន ក្នុងនោះមានទីតាំងដែលគ្រប់គ្រងដោយដែនដីបរិស្ថាន មានចំនួន១១ក្រុមហ៊ុន និងគ្រប់គ្រងដោយខាងកសិកម្ម មានចំនួន១៧ក្រុមហ៊ុន ដែលមានផ្ទៃដីសរុបទាំងអស់ចំនួន១៧៩១៨៧ ហិកតា។ ហើយទំនាស់ដីធ្លី មានចាប់ផ្តើមមានក្រុមហ៊ុន ចូលមកវិនិយោគនៅក្នុងឆ្នាំ ២០០៦។
ចំណែកឯ អង្គការ Global Witness កាលពី ឆ្នាំ២០០៨ ថា លោកឧកញ៉ា ទ្រី ភាព ជាអ្នកនៅពីក្រោយក្រុមហ៊ុនរបស់ វៀតណាម មួយឈ្មោះ (Hongfu) ដែលរកស៊ីកាប់បំផ្លាញព្រៃឈើរាប់ម៉ឺនហិកតា។ របាយការណ៍នោះ ក៏បានឲ្យដឹងផងដែរថា លោកឧកញ៉ា ទ្រី ភាព ម្នាក់នេះ គឺជាមនុស្សដែលមានអំណាច និងជាមនុស្សពូកែរកលុយឲ្យគណបក្សប្រជាជនកម្ពុជា៕