ម៉ម សូណង់ដូ៖ អាជ្ញាធរមិនដោះស្រាយ-គោរពសន្យា តែអាងវាយតប់
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: December 26, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«មិនចាំបាច់រាយរ៉ាប់អ្នកក្រីក្រពេញមួយស្រុកខ្មែរទេ ប៉ុន្តែនេះជាតួនាទីអ្នកគ្រប់គ្រង។ (...) អ្នកគ្រប់គ្រងត្រូវតែ គោរព និងទទួលខុសត្រូវលើតួនាទីរបស់ខ្លួន លើការចុះហត្ថលេខារបស់ខ្លួន»។ នេះជាការលើកឡើងរបស់លោក ម៉ម សូណង់ដូ ប្រធានវិទ្យុសម្បុកឃ្មុំ នៅមុខសាលារាជធានីភ្នំពេញនាថ្ងៃទី២៥ ខែធ្នូនេះ។
លោក ម៉ម សូណង់ដូ នៅមុខសាលារាជធានី។ (រូបថត MONOROOM.info/ O.Vary)
ហិង្សានិងច្បាប់ - បន្ទាប់ពីស្ងប់ស្ងាត់ មិនសូវលឺនៅតាមបណ្ដាញផ្សព្វផ្សាយមួយរយៈមក លោក ម៉ម សូណង់ដូ បានប្រតិកម្មតបត នៅថ្ងៃទី២៥ខែធ្នូនេះ ទៅនឹងការប្រើប្រាស់កម្លាំងប្រដាប់អាវុធជាបន្តរបន្ទាប់ ដើម្បីបង្ក្រាបលើក្រុមបាតុកម្មអហិង្សា។ ក្រុមបាតុករទាំងនោះ ដែលតែងតែធ្វើការស្វែងរកនូវការដោះស្រាយ និងការអន្តរាគមពីរដ្ឋអំណាចមូលដ្ឋាន ដើម្បីដោះស្រាយនូវការរំលោភបំពានសិទ្ធិ សិទ្ធិដីធ្លី និងសិទ្ធិលំនៅដ្ឋាន ពីសំណាក់បុគ្គលមានអំណាចមួយចំនួន។
លោក ម៉ម សូណង់ដូ បានឆ្លៀតឱកាសនេះ ដើម្បីធ្វើការរិះគន់បន្ថែម ទៅលើថ្នាក់ដឹកនាំរបស់ស្ថាប័នក្រសួងនានារបស់រដ្ឋ ក៏ដូចជារដ្ឋាភិបាលក្នុងការមិនគោរព ទៅតាមអ្វីដែលខ្លួនបានសន្យា។ លោកបានលើកជាឧទាហរណ៍ថា ដូចករណីបូរីកីឡា ដែលបានសន្យាថានឹងសាងសង់ចំនួន១០អាគារ តែខាងក្រុមហ៊ុនសាងសង់បានត្រឹមតែប្រាំបីអាគារ បែរជារដ្ឋាភិបាល ឬអាជ្ញាធរមិនមានវិធានការដោះស្រាយ។ ដល់ពេលប្រជាពលរដ្ឋធ្វើការតវ៉ា អាជ្ញាធរ ឬរដ្ឋាភិបាលនោះ បែរជាធ្វើការវាយតប់លើប្រជាពលរដ្ឋទៅវិញ។ ករណីនេះលោកចាត់ទុកថាទង្វើ មិនត្រឹមត្រូវមួយ ក្នុងនាមជាថ្នាក់ដឹកនាំ។
«ពាក្យសម្តី» មានតម្លៃជាងស្នេហា និងកិត្តិយស
ប្រធានវិទ្យុសម្បុកឃ្មុំរូបនេះ បានបន្ថែមថាទាំងប្រជាពលរដ្ឋ ទាំងអាជ្ញាធរ ធ្វើយ៉ាងណាត្រូវតែយកច្បាប់ជា«ធំ» គោរពច្បាប់ និងសំអាងទៅលើច្បាប់ ពិសេសការគោរពនូវពាក្យសម្តីរបស់ខ្លូន។ ក្នុងមូលហេតុបែបនេះហើយ ទើបលោកបានប្រៀបធៀបថា «ស្នេហាមានតម្លៃដូចជីវិត ហើយកិត្តិយសមានតម្លៃជាងលុយកាក់ និងសម្បត្តិទ្រព្យ។ តែអ្វីដែលមានតម្លៃជាងស្នេហា និងកិត្តិយស គឺពាក្យ “សម្តី” ។ ដូច្នេះបើយើងនិយាយអ្វីត្រូវតែគោរព។ (...) ក្នុងនាមជាថ្នាក់ដឹងនាំ មិនគោរពពាក្យសម្តី ហើយមានបំណងចង់ឈ្នះ ចង់ចាញ់ទៅលើប្រជាពលរដ្ឋរបស់ខ្លួន នោះការដឹកនាំ និងគ្រប់គ្រង់របស់ខ្លួន វាគ្មានប្រយោជន៍អ្វីនោះទេ។»
ទោះយ៉ាងណាក៏ដោយអ្នកដឹកនាំ ដែលទទួលបាននូវសម្លេងគាំទ្រពីប្រជាពលរដ្ឋ ត្រូវតែយកចិត្តទុកដាក់លើប្រជាពលរដ្ឋរបស់ខ្លួន មិនមែនប្រកាសសង្គ្រាម ប្រឆាំងនឹងពលរដ្ឋរបស់ខ្លួននោះទេ។ លោកបន្តរយ៉ាងដូច្នេះថា «ប្រជាពលរដ្ឋចង់រស់ ចង់បានយុត្តិធម៌ យើងមិនសម្រួលដល់ប្រជាពលរដ្ឋ ទៅជាយើងចង់ធ្វើសង្គ្រាមជាមួយពលរដ្ឋរបស់ខ្លួន។ ទាំងអស់នេះ មិនមែនជាការត្រឹមត្រូវទេ។»
ជាមួយនឹងការសម្តែងនូវការខកចិត្ត ចំពោះការមិនដោះស្រាយរបស់អាជ្ញាធរ ជូនប្រជាពលរដ្ឋដែលមានបញ្ហា លោក សូណង់ដូ បានថ្លែងទៅកាន់ក្រុមអ្នកបឹងកក់ថា «បើយើងនៅស្ងៀម ទុកឲ្យគេធ្វើបាប មិនមែនធ្វើបាបតែយើងទេ គេអាចធ្វើបាបរហូតដល់កូនចៅយើង។ នោះប្រទេសយើងមិនមានសន្តិភាព មិនមានសេរីភាព តើយើងអាចទ្រាំរស់បានទេ?» លោកបញ្ជាក់ទៀតថា «យើងចង់បានប្រទេសមួយមាននីតិរដ្ឋ តែបើអ្នកកាន់ច្បាប់ អង្គុយលើច្បាប់ ហើយយើងមិនហ៊ានប្រឆាំងអ្នកអង្គុលលើច្បាប់ តើពេលណាប្រទេសយើងបាននីតិរដ្ឋ?»។
មកដល់ពេលនេះ ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូមិនអាចសុំប្រតិកម្មតប ពីសាលារាជធានីភ្នំពេញបាននៅឡើយ ដោយសារតែ លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យរបស់ស្ថាប័ននេះពុំទទួលទូរស័ព្ទ។
សូមរម្លឹកថា សេចក្ដីប្រតិកម្មរបស់លោក ម៉ម សូណង់ដូ ខាងលើនេះ បានធ្វើឡើងបន្ទាប់ពីមានការប្រើប្រាស់នូវកម្លាំងហិង្សារបស់អាជ្ញាធរ លើអ្នកតវ៉ាមកពីភូមិបឹងកក់ និងព្រះសង្ឃនៅមុខសាលារាជធានីភ្នំពេញ កាលពីម្សិលម៉ិញ។ ការបង្ក្រាបនេះ បានធ្វើឲ្យព្រះសង្ឃចំនួនពីរអង្គ និងមនុស្សប្រាំនាក់ផ្សេងទៀតបានរងរបួស។ រីឯខាងសាលារាជធានីភ្នំពេញ បានទទួលរងនូវការខូចខាតទ្រព្យសម្បត្តិមួយចំនួន ដូចជាបែកកញ្ចក់បញ្ជរប្រកាសព័ត៌មាន នៅខាងក្រៅរបងមុខសាលារាជធានី៕
-------------------------------------------
ដោយ៖ អ៊ុម វ៉ារី - ភ្នំពេញ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ