កម្ពុជា៖ តម្លើង​ប្រាក់​ខែតិច​ពេក នាំ​ឲ្យ​ការ​ធ្វើ​ចំណាក​ស្រុក​កើន​ឡើង?

សេចក្ដីប្រកាសសម្រេច របស់ក្រសួងការងារ ក្នុងការតម្លើងប្រាក់បៀវត្សរបស់កម្មករតែ១៥ដុល្លា នៅឆ្នាំក្រោយនេះ បានធ្វើឲ្យមានការបារម្ភថា នឹងអាចមានពលករនៅតែធ្វើចំណាកស្រុក ជាបន្តទៅទៀត។ នោះព្រោះតែប្រាក់បៀវត្ស​នៅក្នុងកម្រិតនេះ បានធ្វើឲ្យមានកង្វល់ថា វានៅមិនទានអាចជួយអោយកម្មករ អាចដោះស្រាយជីវភាពប្រចាំថ្ងៃ និង​រស់នៅដោយសមរម្យបាន ហើយចាំបាច់ត្រូវចេញទៅក្រៅប្រទេស ដែលមានប្រាក់ឈ្នួលខ្ពស់ជាងកម្ពុជា។
Loading...
  • ដោយ: ប្រាថ្នា
  • កែប្រែចុងក្រោយ: December 25, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សេចក្ដីប្រកាសសម្រេច  របស់ក្រសួងការងារ ក្នុងការតម្លើងប្រាក់បៀវត្សរបស់កម្មករតែ១៥ដុល្លា នៅឆ្នាំក្រោយនេះ បានធ្វើឲ្យមានការបារម្ភថា នឹងអាចមានពលករនៅតែធ្វើចំណាកស្រុក ជាបន្តទៅទៀត។ នោះព្រោះតែប្រាក់បៀវត្ស​នៅក្នុងកម្រិតនេះ បានធ្វើឲ្យមានកង្វល់ថា វានៅមិនទានអាចជួយអោយកម្មករ អាចដោះស្រាយជីវភាពប្រចាំថ្ងៃ និង​រស់នៅដោយសមរម្យបាន ហើយចាំបាច់ត្រូវចេញទៅក្រៅប្រទេស ដែលមានប្រាក់ឈ្នួលខ្ពស់ជាងកម្ពុជា។


កម្មករទាមទារតម្លើងប្រាក់ខែ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣។ (រូបថត ហ្វេសប៊ុក)

ការចំណាកស្រុក - ការបន្ថែមប្រាក់ឈ្នួលក្នុងឆ្នាំ២០១៤ កម្មករនឹងទទួលបាន ៩៥ដុល្លា ហើយកម្មករត្រូវរងចាំ រយៈពេលប្រាំឆ្នាំទៅមុខទៀត ទើបពួកខ្លួនអាចទទួលប្រាក់ឈ្នួលគោល បានដល់១៦០ដុល្លាុ។ នេះបើតាម​សេចក្ដី​ប្រកាស របស់រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ប៉ុន្តែបើពិនិត្យទៅលើកំណែទម្រង់ផ្សេងទៀត ដែលរដ្ឋភិបាលកំពុងធ្វើ ដូចជាការយក់ពន្ធគយថ្មីជាដើម​នោះ នឹងបង្កឲ្យទំនិញសព្វសារពើឡើងថ្លៃ ហើយប៉ះពាល់​យ៉ាងខ្លាំងទៅដល់ជីវភាពពលរដ្ឋទូទៅ ជាពិសេសកម្មករ ដែល​កំពុងធ្វើការនៅក្នុងវិស័យកាត់ដេរាប់សិបម៉ឺននាក់។

អ្វីដែលេជាការព្រួយបារម្ភនោះ ចំណាកស្រុករបស់ពលករខ្មែរ នឹងអាចនៅតែមានបន្ត ឬអាចកើនឡើងជាងមុន ដោយសារតែប្រាក់ឈ្នួល នៃការរកទទួលទាននៅក្នុងស្រុក មិនសមប្រកបនឹងឲ្យចិញ្ចឹមជីវិតដោយសមរម្យបាន។ ការធ្វើចំណាកស្រុកនោះទៀតសោធ នឹងបង្កហានិភ័យឲ្យពលករទាំងនោះបន្ថែមកាន់តែខ្លាំង ប្រសិនបើពលករ​ទាំងនោះចាកចេញដោយខុសច្បាប់ ឬមិនមានការគាំពារត្រឹមត្រូវ ពីសំណាក់អាជ្ញាធរខ្មែរ។

សម្រាប់ការតម្លើងប្រាក់បៀវត្សដែលបានព្រមព្រៀងមកនេះ លោក សោម អូន ប្រធានសហព័ន្ធសហជីព​កម្មករ​កម្ពុជា បានថ្លែងឲ្យទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូដឹងថា «ការតម្លើងនេះ វាសម​ស្រម​ទៅតាមសដ្ឋកិច្ចជាក់ស្តែង របស់ប្រទេសកម្ពុជាយើង។ ពីព្រោះឧស្សាហកម្មកាត់ដេរនៅកម្ពុជា ជាឧស្សាហកម្ម​ធុនស្រាល វាមិនមែនជា​វិស័យ​ឧស្សាហកម្មដែលនៅឋិតថេរទេ។ អ្នកវិនិយោគនៅវិស័យនេះ​ អាចនឹងរត់ទៅរក​ប្រទេស​ណា ដែលមានប្រាក់ខែ​របស់កម្មករ តិចជាងកម្ពុជា។ អ៊ីចឹងយើងត្រូវការពេលវេលា បីទៅបួនឆ្នាំទៀត ដែល​វាជាជំហានមួយ ក្នុងរក្សាអោយ​បាននូវសន្តិសុខការងាររបស់កម្មករយើង»។

ចំពោះសំនួរថា តើ​អាចបណ្តាលអោយមានការចំណាកស្រុកដែរឬទេ បើប្រាក់ខែគោល​ដែល​កម្មករ​ទទួលបាន មិន​សមស្របទៅនឹងការចំនាយប្រចាំថ្ងៃបែបនេះ? លោក សោម អូន ដែលត្រូវបានគេដឹងថា មាននិន្នាការផ្អៀងទៅ​រក​រដ្ឋាភិបាល​នោះ បាននិយាយថា «ខ្ញុំគិតថាការតម្លើងប្រាក់ខែ​ប៉ុណ្ណឹង កម្មករ​ក៏នៅ​មិន​ទាន់​មានលទ្ធិភាពធូរធារដែរ។ ហើយ​ចំពោះការចំណាកស្រុកវិញ វាមានកត្តាច្រើនទៀត ដែលវាមិនមែនតែរឿងដែល​បណ្តាលមកពីប្រាក់​នោះ​ទេ។»

ទស្សនាវដ្ដីបានស្វែងរកប្រតិកម្ម​ លើករណីនេះពីលោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ តែលោក វន់ ពៅ បានលើកឡើងខុសពីលោក សោម អូន ដូច្នេះថា «ការតម្លើងប្រាក់ខែត្រឹមតែ ៩៥​ដុល្លា​នេះ វាមិនស្របទៅនឹង​ស្ថានភាពសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ននោះទេ ព្រោះសព្វថ្ងៃ ទំនិញសព្វសារពើឡើងថ្លៃ ដែលធ្វើ​អោយកម្មករ​មិនអាច​រស់នៅដោយសមរម្យបាន»។ លោកបានអះអាងទៀតថា «ដោយសារតែប្រាក់ខែតិចហ្នឹង​ហើយ ដែលធ្វើអោយ​បងប្អូនកម្មករមួយចំនួនធ្វើចំណាកស្រុកទៅក្រៅប្រទេស ហើយកម្មករខ្លះទៀតទៅ​ខូច​ខ្លួន​ខួច​ប្រាណ ដើម្បីរក​ប្រាក់ចំណូលសំរាប់ទ្រទ្រង់ជីវភាព ដែលនេះជាវិបត្តិសង្គមយ៉ាងធ្ងន់ធ្ងរដែលបណ្តាលមក ពីការ​ទទួលបានប្រាក់ខែ​មិនសមរម្យ។»

លោក វន់ ពៅ បានប្រាប់អោយដឹងទៀតថា៖ «កន្លងមកខ្ញុំមានកម្មវិធីមួយចំនួន ក្នុងការបង្រៀនដល់កម្មករ អោយ​យល់ដឹងពីការចំណាកស្រុក នៅតាមមូលដ្ឋាន។ តែទោះបីជាយើងខំប្រឹងយ៉ាងណាក៏ដោយ ក៏មិនអាចទប់ស្កាត់​នូវ​ការធ្វើចំណាកស្រុកដោយខុសច្បាប់ដែរ ព្រោះកម្ពុជាមិនមានការងារគ្រប់គ្រាន់សំរាប់ប្រជាជនខ្មែរ ហើយការងារ​មួយចំនួនទទួលបានប្រាក់ឈ្នួលតិច។ នេះក៏ព្រោះតែរដ្ឋាភិបាលកម្ពុជា គ្មានលទ្ធភាពក្នុង​ការតម្លើងប្រាក់ខែ​ជូន​កម្មករ។ ម្យ៉ាងទៀតប្រទេសកម្ពុជាពោរពេញទៅដោយអំពើពុករលួយ ដែលធ្វើអោយវិស័យការងារ​កាន់តែធ្លាក់​ចុះ​ដុនដាបទៅៗ ហើយបណ្តាលអោយប្រជាពលរដ្ឋខ្មែរ ឈានទៅរកការធ្វើចំណាកស្រុក៕»

-----------------------------------------------
ដោយ ៖ ក. ចាន់នីតា - ភ្នំពេញ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...