មេកម្មករ៖ បាតុកម្មនឹងរីកកាន់តែធំ បើមិនបាន១៦០ដុល្លាក្នុងមួយខែ
បាតុកម្មនឹងផ្ទុះកាន់ធំឡើងៗ ប្រសិនបើរដ្ឋាភិបាលមិនអាចតម្លើងតម្លៃប្រាក់ឈ្នួល ដល់១៦០ដុល្លាក្នុងឆ្នាំ២១០៤នេះបានទេ។ បំណងនេះ ក៏ត្រូវបានគណបក្សសង្រ្គោះជាតិ យកមកថ្លែងដើម្បីប្រមែប្រមូល កម្មករឲ្យចូលរួមធ្វើបាតុកម្ម ឬកូដកម្មជាមួយគណបក្សប្រឆាំងមួយនេះដែរ ជាពិសេសវាត្រូវនឹងការសន្យា ដែលគណបក្សនេះធ្លាប់បានបញ្ជាក់ថា ប្រសិនបើខ្លួនជាប់ឆ្នោត នឹងផ្តល់ប្រាក់ខែអោយកម្មករ ១៦០ដុល្លាក្នុងមួយខែ។
ក្រុមកម្មករនៅទីលានប្រជាធិបតេយ្យ លើកបង្ហាញពីការទាមទារប្រាក់ខែគោល ១៦០ដុល្លា ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣។ (រូបថត ហ្វេសប៊ុក)
សេដ្ឋកិច្ចកម្មករ - ចូលមកដល់ថ្ងៃទី៣ហើយ បន្ទាប់ពីការប្រកាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជជីវៈ ដែលបានសម្រេចថា ២០១៤នេះ ប្រាក់ខែគោលរបស់កម្មកររោងចក្រកាត់ដេរ នឹងត្រូវតម្លើងបាន (ត្រឹមតែ) ៩៥ដុល្លា។ ចំពោះកម្មករដែលគិតថាប្រាក់ខែប៉ុណ្ណឹង មិនអាចធ្វើអោយពួកគេរស់នៅដោយសមរម្យបាននោះ ពួកគាត់នៅតែប្រកាន់ជំហរថា ពួកគេនឹងធ្វើកូដកម្មមិនចូលធ្វើការនោះទេ ដរាបណារោងចក្រ នៅមិនអាចផ្តល់នូវប្រាក់ខែគោល ១៦០ដុល្លាដល់ពួកគេ។
លោក សម រង្ស៊ី បានប្រកាសកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ កន្លងទៅនេះថា «ការធ្វើបាតុកម្មរបស់កម្មករ នឹងរីករាលដាលពេញផ្ទៃប្រទេស បើប្រាក់ខែឡើងមិនដល់១៦០ដុល្លាក្នុង ឆ្នាំ២០១៤ ខាងមុខនេះ»។
នាយិការសម្ព័ន្ធសហជីពកម្ពុជា (CATU) អ្នកស្រី យ៉ាង សុភ័ណ្ឌ បានថ្លែងឲ្យដឹងថា «យើងមិនមែនធ្វើនៅតែភ្នំពេញនោះទេ កម្មកររាប់ពាន់នាក់កំពុងធ្វើកូដកម្ម តាមបណ្តាខេត្តមួយចំនួន ដូចជាខេត្តកំពង់ស្ពឺ កំពង់ចាម ស្វាយរៀង ព្រៃវែង កំពុងធំ និងនៅកំពង់ឆ្នាំងជាដើម ក៏មានកម្មករជាច្រើនធ្វើកូដកម្មដែរ»។ អ្នកស្រីថែមទាំងសំណូមពរអោយកម្មករទាំងអស់ កុំចូលធ្វើការ បើរដ្ឋាភិបាលមិនអាចមិនតម្លើងប្រាក់ខែគោលដល់ ១៦០។
ស្រដៀងគ្នានេះ លោកម៉ី សុភត្រ្តា អគ្គលេខាធិការសម្ព័ន្ធសហជីបកម្ពុជា ដែលកំពុងដឹកនាំកម្មករធ្វើបាតុកម្មនៅថ្ងៃទី២៦ ខែធ្នូនេះ នៅផ្លូវជាតិលេខ២ នៅមុខរោងចក្រអឹម វ៉េ បានថ្លែងប្រាប់ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូអោយដឹងថា «បើសិនជារោងចក្រ មិនតម្លើងទៅតាមអ្វី ដែលជារូបមន្តរបស់បងប្អូនកម្មករចង់បាន ១៦០ដុល្លាក្នុងមួយខែទេនោះ (យើង) នឹងបន្តធ្វើបាតុកម្មរហូត»។ លោកបានអោយដឹងទៀតថា «បើមើលតាមស្ថានភាពជាក់ស្តែងឃើញថាកម្មករថ្ងៃនេះ កើនឡើងទ្វេដងជាងថ្ងៃម្សិលមិញ»។
គួររម្លឹកថា កាលពីថ្ងៃទី២៥ ខែធ្នូ ម្សិលមិញនៅទីលានប្រជាធិបតេយ្យ កម្មការនីម្នាក់ដែលធ្វើការនៅរោងចក្រស្ពែនឌ័រនៅគីឡូលេខ៦ បានឡើងថ្លែងនៅលើវេទិកា ស្នើទៅកាន់កម្មកររួមអាជីពរបស់នាងទាំងអស់ថា «ខ្ញុំសូមសំណូមពរអោយកម្មករ កម្មការនីទាំងអស់ ថ្ងៃនេះ ថ្ងៃស្អែក ឬថ្ងៃខានស្អែកសូមមកទីនេះ មកចូលរួមធ្វើបាតុកម្មទាំងអស់គ្នា សូមកុំចូលធ្វើការវិញអោយសោះ លុះត្រាតែទទួលបានប្រាក់ខែគោល ១៦០ដុល្លា»៕
--------------------------------------------------------
ដោយ ៖ ក. ចាន់នីតា - ភ្នំពេញ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ