ក្រុមសហជីពគម្រាមធ្វើបាតុកម្ម បើមិនដោះលែងតំណាងកម្មករទាំង៥ នៅខេត្តកំពង់ចាម
- ដោយ: ប្រាថ្នា ដោយ ប្រាថ្នា (ទាក់ទង៖ [email protected] ) - ភ្នំពេញ ថ្ងៃទី៣០ តុលា ២០១៤
- កែប្រែចុងក្រោយ: October 31, 2014
- ប្រធានបទ: វិបត្តិកម្មករ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សេចក្តីថ្លែងការណ៍ របស់សហភាពសហព័ន្ធសហជីព និងសមាគមក្នុងប្រទេសកម្ពុជា ដែលបានចេញផ្សាយ នៅថ្ងៃទី៣០ ខែតុលានេះ បានឱ្យដឹងថា សហភាពសហព័ន្ធសហជីព មានការសោកស្តាយជាខ្លាំង ដែលសាលាដំបូងខេត្តកំពង់ចាម បានសម្រេចឃុំខ្លួន ទៅលើសហជីពរបស់ស៊ីខាវឌូម្នាក់ ព្រមទាំងកម្មករបីនាក់ និងអ្នកបើកបររថយន្តម្នាក់ យ៉ាងអយុត្តិធម៌ដោយគ្មានការស៊ើបអង្កេតអ្វីទាំងអស់។
សេចក្តីថ្លែងការណ៍ដដែល បានបន្តថា ជនជាប់ចោទទាំង៥នាក់ ដែលសាលាដំបូងខេត្តកំពង់ចាមបានធ្វើការចោទប្រកាន់ និងកំពុងឃុំខ្លួនជាបណ្តោះអាសន្ននោះ មិនបានប្រព្រឹត្តទោសកំហុសអ្វីឡើយ។ ពួកគេមិនបានប្រព្រឹត្តអំពើហិង្សានោះទេ ប៉ុន្តែពួកគេវិញទេ ជាជនរងគ្រោះនៃការប្រើអំពើហិង្សា ពីសំណាក់ក្រុមជើងកាងរបស់ក្រុមហ៊ុន។ ប៉ុន្តែតុលាការ នៅតែសម្រេចចោទឃុំខ្លួនពួកគេទាំង៥នាក់ ដដែល។
សេចក្តីការណ៍នេះបន្ថែមថា៖ «យើងខ្ញុំទាំងអស់គ្នា សូមស្នើឱ្យតុលាការខេត្តកំពង់ចាម ពិចារណាឡើងវិញ ក្នុងការដោះលែងពួកគេទាំង៥នាក់ ឱ្យមានសេរីភាព និងទំលាក់ចោល បទចោទប្រកាន់មកលើពួកគេ និងស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ច បើកការស៊ើបអង្កេតឡើងវិញ មកលើក្រុមជើងកាងដែលសង្ស័យថា ចេញប្រភពមកពីសហជីពខាងក្នុង ពាក់ព័ន្ធជាមួយក្រុមហ៊ុន ដើម្បីយកមកផ្តន្ទាទោស និងរកយុត្តិធម៌ជូនជនរងគ្រោះវិញ»។ សេចក្តីថ្លែងការណ៍នេះ បានព្រមានថា បើស្ថាប័នពាកព័ន្ធមិនស្វែងរកដំណោះស្រាយណាមួយ សមស្របទេ ក្រុមសហជីពនឹងធ្វើមហាបាតុកម្មទាមទារ ក្នុងពេលឆាប់ៗខាងមុខនេះ។
ក្រុមសហព័ន្ធបានបញ្ជាក់ពីមូលហេតុ ដែលឈានទៅដល់ការចាប់ខ្លួនថា ដោយសារតែមានការរំលោភសិទ្ធិកម្មករ ពីសំណាក់ក្រុមហ៊ុនរោងចក្រផលិតស្បែកជើង ជូហ៊ួតហ្វតវ៉ៃរិ៍ អស់រយៈពេលជាងពីរខែ ការកិបកេងលុយកម្មករ និងការរើសអើងសហជីពជាដើម បានធ្វើឱ្យកម្មកររោងចក្រមួយនេះ ចេញធ្វើកូដកម្ម។ កូដកម្មនេះបានបន្តរហូតដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៤។ ក្នុងពេលនោះដែរអាជ្ញាធរប៉ូលីស បានចាប់ផ្តើមផ្តាច់ខ្សែរមេក្រូមិនឱ្យនិយាយ និងបានចាប់កម្មការិនីវាយបោចសក់ ទះកំភ្លៀង និងទាត់ទាក់ជាដើម ទើបបណ្តាលឱ្យមានការចលាចលច្រួលច្របល់ នៅមុខរោងចក្រ រំពិចនោះ មានមានក្រុមមានមនុស្សជាង២០០នាក់ ប្រដាប់ទៅដោយដំបងដែកទីបគ្រប់ដៃ បានចេញពីក្នុងរោងចក្រ សំដៅវាយកម្មករ។
គួររម្លឹកថា កាលពីថ្ងៃទី២៥ ខែធ្នូ មន្រ្តីសហជីពនិងកម្មករ៥នាក់ ត្រូវបានឃាត់ខ្លួន បន្ទាប់ពីមានការផ្ទុះហិង្សារវាងសមត្ថកិច្ច និងកម្មករមួយប្រាវនៅមុខរោងចក្រ ជូ ហ៊ុយហ្វតវែរិ៍ ខណៈកម្មករជាង៧០០នាក់ បានចេញតវ៉ានៅមុខរោងចក្រ ទាមទារឲ្យថៅកែគោរពល័ក្ខខ័ណ្ឌការងារ។ ជនជាប់ចោទទាំង៥នាក់ នោះរួមមាន លោក ឃុន សុខុម ជាមន្រ្តីសហជីព និងកម្មករបីនាក់ផ្សេងរួមមាន ម៉ុន សារ៉ែម កង សាវុធ បៀន សារឹម ព្រមទាំងអ្នកបើកបររថយន្តម្នាក់ទៀត ឈ្មោះណេត ពិសី៕