សម រង្ស៊ី៖ ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ថ្ម នៅ​ភ្នំ​សិលា​កែវ ​ធ្វើ​សកម្មភាព​លួច​លាក់ (vdo)

ក្រុមហ៊ុនមួយ ដែលទំនងជាក្រុមហ៊ុនរបស់វៀតណាម បានរងការចោទប្រកាន់ថា កំពុងលួចធ្វើអាជីវកម្មថ្មកែវ ដោយ​ដាក់​គ្រឿង​ផ្ទុះ​ដើម្បីយកថ្ម ហើយបានធ្វើឲ្យរំខាន និងប៉ះពាល់ដល់ប្រជាពលរដ្ឋ ដែលរស់នៅជិតតំបន់នោះ។ នេះបើ​តាម​មេ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដែលបានចុះ ទៅមើលសកម្មភាពរបស់ក្រុមហ៊ុននោះ ដោយផ្ទាល់។
លោក សម រង្ស៊ី នៅពេលចុះទៅដល់ការដ្ឋាន វាយយកថ្មកែវ របស់ក្រុមហ៊ុនមួយ ក្នុងខេត្តបាត់ដំបង។ (រូបថតផ្តិតពីវីដេអូ)
Loading...
  • ដោយ: ក. វិច្ចនី ដោយ ក.វិច្ចនី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ៣១ តុលា ២០១៤
  • កែប្រែចុងក្រោយ: October 31, 2014
  • ប្រធានបទ: ធនធាន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីបានចុះទៅធ្វើទស្សនកិច្ច និង​សំណេះ​សំណាល ប្រជា​ពលរដ្ឋ​នៅ​ខេត្ត​បាត់ដំបង​ហើយ លោក សម រង្ស៊ី ប្រធាន​គណៈបក្ស​សង្គ្រោះ​ជាតិ បាន​យក​ឱកាស​នោះ ទៅ​តាមដាន​ពី​សកម្មភាព នៃ​ការ​លួច​ធ្វើ​អាជីវកម្ម​ថ្ម​កែវ នៅ​ភ្នំ​សិលា​កែវ ឃុំ​តាគៀម ស្រុក​បាណន់ ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី ៣០ តុលា​ម្សិល​ម៉ិញ​នេះ។

ក្នុងវីដេអូមួយ ដែល​ត្រូវ​បាន​បង្ហោះ តាម​គណនី​ហ្វេសប៊ុក​របស់​លោក បាន​បង្ហាញ​ពី​ទិដ្ឋភាព នៃ​ការ​ទាញ​យក​ធនធាន​ធម្មជាតិ​ថ្ម​កែវ ដ៏​ល្អ​ប្រណិត ក្នុង​នោះ​មាន​ផ្ទាំង​ធំៗ​ថ្លា​ល្អ និង​មាន​តម្លៃ​ថ្លៃ​ជាង​ថ្ម​ដទៃ។ ថ្ម​កែវ​នៅ​ភ្នំ​សិលា​កែវ ដែល​អាច​ត្រូវ​បាន​យក​ទៅ​ប្រើប្រាស់​ ក្នុង​សំណង់​អាគារ​ប្រណិត​ទំនើបៗ​នោះ ទំនង​ជា​ត្រូវ​បាន​ដឹក​ចេញ​ទៅ​លក់ នៅ​ក្រៅ​ប្រទេស ព្រោះ​ថា​រថយន្ត​ដែល​ដឹក​ជញ្ជូន​ថ្ម​នេះ មាន​ស្លាក​លេខ​វៀតណាម។

ការធ្វើអាជីវកម្មយកថ្មកែវនេះ មានដំណើរការជាយូមកហើយ ហើយនៅតែបន្តធ្វើ ជារៀងរាល់ថ្ងៃ ប៉ុន្តែ​នៅ​ពេល​ដឹងថា ដំណើរទស្សនកិច្ចរបស់លោក សម រង្ស៊ី បានទៅដល់ខេត្តបាត់ដំបង ពួកគេបាន​បញ្ឈប់​ការ​ទាញ​យកថ្មកែវ ហើយបានទុកការដ្ឋាននោះចោល។ នេះបើតាមការលើកឡើងរបស់លោក សម រង្ស៊ី។ ប្រជាជន​ដែលនៅជិតនោះ បានលើកឡើងថា នៅពេលដែលគេដាក់គ្រឿងផ្ទុះយកថ្ម ជួនកាលបានធ្វើឲ្យដុំកំទេចថ្ម ផ្ទុះ​ទៅធ្លាក់ចំដំបូលផ្ទះរបស់ពួកគាត់ ហើយបង្កសំលេងរំខានដល់ការរស់នៅរបស់ពួកគាត់ និងសត្វ​ពាហណៈជា​ដើម។

លោក សម រង្ស៊ី ក៍បានលើកទៀតថា៖ «ការធ្វើអាជីវកម្មអីក៍ដោយ យកទ្រព្យសម្បតិ្តជាតិ ត្រូវតែផ្តល់ផល​ចំណេញ​ដល់ជាតិ ត្រូវតែផ្តល់ប្រាក់ចំណូល ផ្តល់ថវិការត្រូវតែបង់ពន្ធជូនរដ្ឋ ត្រូវតែមានការគ្រប់គ្រង កុំឲ្យ​មាន​ផលប៉ះពាល់ដល់បរិស្ថានហួសហេតុ កុំឲ្យរំខានដល់ប្រជាពលរដ្ឋ ដែលរស់នៅជុំវិញនេះហួសហេតុ។»

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នឹងព្យាយាមស្វែងរកប្រតិកម្ម ពីក្រុមហ៊ុននោះ ព្រមទាំងអាជ្ញាធរតំបន់ផង មកចុះ​ផ្សាយក្នុងអត្ថបទលើកក្រោយរបស់ខ្លួន៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...