អាមេរិក៖ យន្ដហោះមួយគ្រឿង ធ្លាក់ឆេះលើអាគារព្រលានយន្ដហោះ
- ដោយ: សុបិន្ដ ដោយ សុបិន្ត (ទាក់ទង៖ [email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី៣០ តុលា ២០១៤
- កែប្រែចុងក្រោយ: October 31, 2014
- ប្រធានបទ: ធ្លាក់យន្ដហោះ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បន្ទាប់ពីបានជួបនូវភាពរអាក់រអួល ក្នុងពេលហោះឡើងនោះមក យន្ដហោះទេសចរណ៍ធុនតូចមួយគ្រឿង បានធ្លាក់បោកខ្លួន នៅលើអាគារមួយ នៃព្រលានយន្ដហោះក្រុង វីឈឺតា ភាគកណ្ដាលនៃសហរដ្ឋអាមេរិក។ គ្រោះថ្នាក់ធ្លាក់យន្ដហោះ ដែលបានកើតឡើងនៅថ្ងៃទី៣០ ខែតុលានេះ បានសម្លាប់មនុស្សយ៉ាងហោច ៤នាក់ ដែលស្ថិតនៅក្នុងអាគារនោះ ហើយមានមនុស្ស៥នាក់ផ្សេងទៀត រងរបួស។
នាយក្រុមជួយសង្គ្រោះ លោក រ៉ូណាល់ ប្លេកវែល (Ronald Blackwell) បាននិយាយថា នៅលើយន្ដហោះ មានតែអ្នកបើកបរតែម្នាក់គត់ តែចំពោះនៅក្នុងអាគារវិញ គេនៅមិនទាន់ដឹងថា តើមនុស្សមានចំនួនប៉ុន្មាននៅឡើយ។ បន្ទាប់ពីហេតុការណ៍នេះកើតឡើង មនុស្សបួននាក់ដែលសង្ស័យថាស្លាប់នោះ បានបាត់ខ្លួន ហើយការរុករកបានផ្អាកទៅវិញ ដោយសារតែផ្នែកមួយនៃអាគារ បានស្រុតបាក់ធ្លាក់។ អ្នកទទួលខុសត្រូវម្នាក់ទៀត បានថ្លែងថា ការរុករកនឹងធ្វើបន្ត បន្ទាប់ពីអាគារនេះ ត្រូវបានវាយតម្លៃថា មិនបង្កបញ្ហាអ្វីថ្មី។
យន្ដហោះម៉ាស៊ីនពីរ ដែលមានឈ្មោះថា Beechcraft King Air បានធ្លាក់បោកខ្លួន នៅពីលើអាគាររបស់ Flight Safety International ដែលមានជំនាញខាង បង្វឹកអ្នកបើកបរយន្ដហោះ។ បើតាមអ្នកទទួលខុសត្រូវរបស់ក្រុមហ៊ុន ម្ចាស់យន្ដហោះ បាននិយាយថា យន្ដហោះបានបុកជាមួយនឹងផ្នែកខ្ពស់បំផុត នៃអាគារ ហើយបន្ទាប់មកបានបង្កឲ្យមានជាគ្រោះអគ្គិភ័យកើតឡើង។
អ្នកនាំពាក្យរបស់ទីភ្នាក់ងារអាកាសចរណ៍ស៊ីវិលសហព័ន្ធ របស់អាមេរិក លោក តូនី ម៉ូលីណារ៉ូ (Tony Molinaro) បានថ្លែងអះអាងថា យន្ដហោះបានប្រកាស ពីភាពរអាក់រអួលរបស់ខ្លួនភ្លាមៗ បន្ទាប់ពីយន្ដហោះបានព្យាយាមងើបខ្លួនពីព្រលាន នៅព្រឹកថ្ងៃព្រហស្បត្តិ៍។ ក្រោយពីចង់ត្រឡប់មករកផ្លូវហោះហើរវិញ យន្ដហោះនេះ បានជល់ជាមួយផ្នែកខ្ពស់បំផុតរបស់អាគារ៕