MH370៖ ការ​វិភាគ​ថ្មី​ពន្យល់​ថា​យន្ដហោះ​បាត់ ជា​រឿង​អត្តឃាត

ជាងមួយឆ្នាំក្រោយ នៃការបាត់យន្ដហោះ MH370 ដ៏អាថ៌កំបាំង ការវិភាគថ្មីតាមបែបវិទ្យាសាស្ត្រមួយ បាន​ធ្វើ​ឲ្យ​មាន​ការ​ជឿ​ជាក់​ថា យន្ដហោះបានរងគ្រោះ នឹងការចាប់ពង្រត់ ដោយជនអស់សង្ឃឹមណាម្នាក់ ដើម្បីធ្វើ​អត្តឃាត ដោយ​បើក​យន្ដហោះ​ទម្លាក់​ខ្លួន​ចូល​សមុទ្រ ត្រង់ពីលើចុះតែម្ដង។
Loading...
  • ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី២១ មិថុនា ២០១៥
  • កែប្រែចុងក្រោយ: June 22, 2015
  • ប្រធានបទ: បាត់យន្ដហោះ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅក្នុងអត្ថបទស្រាវជ្រាវមួយ របស់ព្រឹត្តិប័ត្រអាមេរិក ឈ្មោះ«Notices of the American Mathematical Society» បានឲ្យដឹងថា ការប៉ះទង្គិចរវាងយន្ដហោះ និងផ្ទៃទឹកសមុទ្រ ជាចំណុចមួយ ដ៏គួរចាប់​អារម្មណ៍​បំផុត។ ប្រសិនជាយន្ដហោះ បានចុះលើផ្ទៃសមុទ្រ ដោយបន្ទាបខ្លួនធម្មតា នោះយន្ដហោះនឹងជៀស​មិន​ផុត ពីការបាក់បែកជាបំណែកៗ ដោយាររលកសមុទ្រ បោកពីលើនោះឡើយ។ ហើយនេះជាករណី នៃការធ្លាក់​យន្ដហោះរបស់បារាំង កាលពីឆ្នាំ២០០៩ នៅកណ្ដាលមហាសាគរ អាត្លង់ទីក ដែលបានបង្ហាញថា រលក​សមុទ្រ​បានបោកលើយន្ដហោះ បាក់បែកជាបំណែកៗ រហូតដល់ទៅជាង ៣ ០០០បំណែក។ ហើយបើសិន​ជាបំណែក មានច្រើនយ៉ាងនេះ វាគួរតែត្រូវបានអ្នករុករកយន្ដហោះ អាចមើលឃើញ និងប្រមូលស្រង់យក​មក យ៉ាងហោចណាស់ ក៏មួយបំណែកណាមួយដែរ។

ប៉ុន្តែផ្ទុយទៅវិញ ករណីនេះមិនមែនកើតទៅយន្ដហោះ ប៊ូអីង (Beoing 777) របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ ដែលភ្ជាប់ជើងហោះហើរលេខ MH370 ហើយបានបាត់ខ្លួន យ៉ាងអាថ៌កំបាំងនោះទេ។ ហើយអ្នកស្រាវជ្រាវពីករណីនេះ បានធ្វើពិសោធន៍រកឃើញថា យន្ដហោះ MH370 ទំនងជាត្រូវបាន​បើក​ទម្លាក់ខ្លួន ដោយត្រង់ពីលើចុះ មកក្នុងសមុទ្របាត់តែម្ដង ទើបរហូតមកដល់ថ្ងៃនេះ អ្នករុករកមិនដែល​បាន​ឃើញ ពីបំណែកស្លាកស្នាមយន្ដហោះ សូម្បីបន្តិចណាសោះ។

សម្រាប់អ្នកស្រាវជ្រាវថ្មីទាំងនេះ បានអះអាងថា យន្ដហោះពិតជាធ្លាក់ ទៅនៅបាតសមុទ្រ យ៉ាងស្ងាត់បំបាត់​ដាន ដោយទង្វើរបស់ជនអស់សង្ឃឹមណាម្នាក់ ដែលចង់ប្រើមធ្យោបាយរបៀបនេះ ដើម្បីបញ្ចប់ជីវិតខ្លួនឯង។

លោកសាស្ត្រាចារ្យ ហ្គោង ឆេន (Goong Chen) ឯកទេសខាងគណិតសាស្ត្រ នៅសកលវិទ្យាល័យ​«A&M»​ ក្នុង​រដ្ឋតិចសាស សហរដ្ឋអាមេរិក បានសិក្សាពីទ្រឹស្ដី តាមបែបគណិតសាស្ត្ររបស់លោក ដើម្បីឲ្យ​ដឹង​​ពីការ​បាត់​យន្ដហោះនេះ។ ទ្រឹស្ដីនោះ គឺជាការគណនាយ៉ាងស្មុគ្រស្មាញ ដោយប្រើទៅលើវត្ថុជាច្រើន ក្នុង​ការ​ធ្លាក់ទៅ បុក​ប៉ះជាមួយទឹក ដើម្បីពន្យល់ពីកម្លាំងខ្ទាតប៉ើងឡើង នៃយន្ដហោះ។ ប៉ុន្តែលោក បានរក​ឃើញ​ចំណុច​តែ​មួយ​ប៉ុណ្ណោះ ដែលពន្យល់ពីមូលហេតុ ដែលក្រុមអ្នករុករកយន្ដហោះ រកមិនឃើញបំណែក​យន្ដហោះ សូម្បី​តែ​បន្តិច៖ នោះគឺយន្ដហោះ បានធ្លាក់សំយ៉ុងក្បាល ដោយត្រង់ពីលើ ចូលទៅក្នុងទឹក។ យន្ដហោះ​អាច​នឹង​រួញ​ខ្លួន តែមិនបានបាក់បែកទេ។


សម្រាប់សារព័ត៌មាននៅក្នុងប្រទេសម៉ាឡេស៊ីវិញ បានពន្យល់បន្ថែមថា មានតែការចាប់ពង្រត់យន្ដហោះ ពី​សំណាក់សមាជិកណាម្នាក់ នៃក្រុមអ្នកបើកបរទេ ដែលចេះបញ្ជាយន្ដហោះ ឲ្យហោះសំយ៉ុងក្បាល ៩០​ដឺក្រេ​​ចុះបែបនេះ។ ហើយសេចក្ដីសន្និដ្ឋាននេះ កាន់តែធ្វើឲ្យមានការជឿជាក់ថែមទៀត បើគេយោងទៅលើទន្និន័យ ដែលបញ្ជាក់ ពីការផ្លាស់ប្ដូរផ្លូវហោះហើរ (ឬយន្ដហោះបានបត់ចុះឡើង) ថាបានធ្វើឡើង ជាច្រើន​ដំណាក់​កាល។ ទង្វើនេះ មិនអាចនរណាផ្សេង ក្រៅពីសមាជិកបើកបរយន្ដហោះណាម្នាក់ ដែលស្គាល់យន្ដហោះ និង​ផ្លូវហោះហើរ​យ៉ាង​ច្បាស់ ហើយមានបំណងចង់ពង្វៀង មិនឲ្យគេដឹងពីសកម្មភាពបញ្ជាយន្ដហោះ របស់​ខ្លួន​ក្នុង​ពេល​នោះ​ឡើយ។

យន្ដហោះ MH370 បានហោះភ្ជាប់រដ្ឋធានីកូឡាឡំពួរ របស់ប្រទេសម៉ាឡេស៊ី ឆ្ពោះទៅកាន់រដ្ឋធានីប៉េកាំង របស់​ប្រទេសចិន ប៉ុន្តែបានបាត់ខ្លួននៅមួយម៉ោង ក្រោយពីហោះងើបខ្លួន ពីព្រលានយន្ដហោះអន្តរជាតិ កូឡាឡំពួរ នៅថ្ងៃទី៨ ខែមិនា ឆ្នាំ២០១៤ ដោយបាននាំទៅជាមួយ នូវបុគ្គលិកអ្នកបម្រើការ១២នាក់ និង​អ្នក​ដំណើរ ២២៧នាក់ ដែលក្នុងនោះ២ភាគ៣ ជាជនជាតិចិន៕

» គំរូមួយ នៃការហោះបន្ទាបខ្លួន ចុះចតលើផ្ទៃសមុទ្រ របស់យន្ដហោះ អេត្យូពីអ៊ែរឡាញ កាល​ពី​ឆ្នាំ​១៩៩៦៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...