ឪពុករបស់អ្នកបើកបរយន្ដហោះ AirAsia ទើបនឹងធ្វើបុណ្យសព ឲ្យកូនម្នាក់ទៀតរួច...
- ដោយ: សេក មនោរកុមារ អត្ថបទ៖ សេក មនោរកុមារ ([email protected]) - ប៉ារីស ថ្ងៃទី៣០ ធ្នូ ២០១៤
- កែប្រែចុងក្រោយ: December 31, 2014
- ប្រធានបទ: គ្រោះអាកាស
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នេះហើយដែលគេហៅថា ទុក្ខត្រួតលើទុក្ខ តាមមករ៉ៅឆាន គ្មានពេលស្រាកស្រាន្ដអ្វីឡើយ។ អ្វីដែលអាចកើតឡើង វាកើតឡើងឲ្យទាល់តែបាន។ លោកឪពុករបស់លោក អ៊ីរីយ៉ានតូ (Iriyanto) មេបញ្ជាការបើកបរយន្ដហោះ QZ8501 របស់ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអេសៀ ដែលបានបាត់ខ្លួនកាលពីថ្ងៃអាទិត្យនោះ បានរំលឹកឡើងវិញ ពីកូនរបស់លោក ដោយលោកបានរៀបរាប់ថា ថ្ងៃសៅរ៍ទី២៧ ខែធ្នូ ដែលក្រុមគ្រួសារកំពុងកើតទុក្ខ ព្រោះបានធ្វើបុណ្យសពឲ្យកូនប្រុសម្នាក់ទៀតនោះ ថ្ងៃនោះក៏ជាថ្ងៃចុងក្រោយ ដែលលោកបានឃើញកូនលោកដែរ។
សារព័ត៌មានរបស់ប្រទេសអង់គ្លេស The Independent បានរាយការណ៍ពីហេតុការណ៍ដ៏រន្ធត់ ដែលបានកើតឡើងទៅលើគ្រួសារ នៃអ្នកបើកបរយន្ដហោះ ជាតិឥណ្ឌូនេស៊ី ម្នាក់នេះ។ កូនប្រុសម្នាក់ទៀតក្នុងពោះតែមួយ ដែលត្រូវជាបងប្រុសរបស់មេបញ្ជាការបើកបរយន្ដហោះ អ៊ែរប៊ូស (Airbus A320-200) បានស្លាប់តែប៉ុន្មានថ្ងៃមុននេះប៉ុណ្ណោះ ដោយរោគទឹកនោមផ្អែម។
លោកឪពុកបានថ្លែងប្រាប់បណ្ដាញវិទ្យុនិងទូរទស្សន៍អង់គ្លេស BBC ផ្នែកព័ត៌មានអាស៊ី ថាលោកចង់ឃើញកូនរបស់លោក ដែលជាអ្នកបើកបរយន្ដហោះនេះ វិលត្រឡប់មកវិញ ដោយនៅមានជីវិត។ លោកនិយាយថា «ជីវិតរបស់កូនខ្ញុំ កំពុងស្ថិតក្នុងដៃ នៃវាសនា»។
ប៉ុន្តែក្ដីសង្ឃឹម ហាក់ដូចជារលាយបាត់អស់ទៅហើយ ព្រោះមកដល់ព្រឹកថ្ងៃពុធនេះ ទីកន្លែងដែលតួយន្ដហោះធ្លាក់ ត្រូវបានរកឃើញ ហើយសាកសពនៃជនរងគ្រោះជាច្រើន ត្រូវបានស្រង់ឡើងមកជាបន្តបន្ទាប់។
យ៉ាងណាក៏ដោយ បើសាកសពនៅមិនទាន់ឃើញច្បាស់ ដោយផ្ទាល់ភ្នែកទេ ការរក្សាក្ដីសង្ឃឹមសម្រាប់ក្រុមគ្រួសារជនរងគ្រោះដែលស្ថិតនៅក្នុងយន្ដហោះ នៅតែមាន។ ដូចអ្វី ដែលកូនស្រីរបស់លោក អ៊ីរីយ៉ានតូ បានសរសេរសារនៅលើទំព័រទ្វីសធើររបស់នាង ដោយភ្ជាប់មកជាមួយ នូវរូបថតរបស់ឪពុករបស់នាងមួយសន្លឹកផង (រូបខាងក្រោម) និងបានទាមទារឲ្យឪពុកនាង «វិលត្រឡប់មកផ្ទះវិញ»៕