CNRP បណ្ដេញ ឡាក់ សុភាព តែមិនប្ដឹងទៅតុលាការទេ
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញ ថ្ងៃទី៣០ ធ្នូ ២០១៤
- កែប្រែចុងក្រោយ: December 30, 2014
- ប្រធានបទ: នយោបាយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បើទោះជាលិខិតបណ្ដេញអ្នកស្រី ឡាក់ សុភាព បានចេញផ្សាយជាផ្លូវការ នៅថ្ងៃទី៣០ ខែធ្នូនេះក៏ដោយ ក៏ប្រធានគណៈកម្មាធិការវិន័យ របស់គណបក្សសង្គ្រោះជាតិ លោក អ៊ូ ច័ន្ទឫទ្ធិ ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ បានលើកឡើងថា នឹងផ្តល់ឱកាសសម្រាប់អ្នកស្រី ឡាក់ សុភាព បើអ្នកស្រីមិនបានថ្លែងដូចការចោទប្រកាន់របស់សារព៏ត៌មានទាំងនោះ អ្នកស្រីអាចឆ្លើយតបទៅអ្នកសារព័ត៌មានវិញថា មិនបាននិយាយយ៉ាងដូច្នេះទេ។
កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៤ ម្សិលម៉ិញនេះ គណកម្មការវិន័យនៃគណបក្សសង្គ្រោះជាតិ បានកោះអញ្ជើញអ្នកស្រី ឡាក់ សុភាព ដើម្បីឆ្លើយបំភ្លឺជុំវិញព័ត៌មាន ដែលអ្នកស្រីបានឆ្លើយចំពោះមុខអ្នកសារព័ត៌មាននោះ។ ក្នុងកិច្ចប្រជុំផ្ទៃក្នុងគណបក្សសង្គ្រោះជាតិ តាមការស្រង់សំដី ដោយប្រធានគណកម្មការវិន័យបន្តថា ជាមួយនឹងការបដិសេធនូវការចោទប្រកាន់ទាំងនោះ អ្នកស្រីក៏មិនព្រមសហការក្នុងការបំភ្លឺចំពោះអ្នកសារព័ត៌មានឡើងវិញ នូវអ្វីដែលអ្នកសារព័ត៌មានបានចុះផ្សាយនោះឡើយ។
ក្នុងនាមលោកជាប្រធានក្រុមប្រឹក្សាវិន័យ និងតំណាងឲ្យគណបក្សសង្គ្រោះជាតិ លោក អ៊ូ ច័ន្ទឫទ្ធិ បន្តថា ក្នុងថ្ងៃទី៣០ ខែធ្នូនេះ នឹងធ្វើការដាក់ពីន័យក្នុងក្រមខណ្ឌគណបក្សសង្គ្រោះជាតិ ដោយមិនគិតគូដល់បញ្ហាបរិហាកេរ្តិ៍ តាមផ្លូវតុលាការនោះឡើយ។ លោកបន្តថា លោកបានសម្រេច បញ្ចប់សមាជិកភាពអ្នកស្រី ឡាក់ សុភាព ពីសមាជិកគណកម្មការនាយកគណបក្សសង្គ្រោះជាតិចាប់ពីថ្ងៃនេះតទៅ។
សូមបញ្ជាក់ថា ជំនួយការផ្ទាល់លោក កឹម សុខា អ្នកស្រី ឡាក់ សុភាព បានផ្តល់បទសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ កាលពីថ្ងៃទី២៧ ខែធ្នូនេះ នៅក្នុងពីធីជួបជុំថ្នាក់ជាតិលើកទីមួយនៃបណ្តាញសង្គមខ្មែរដើម្បីខ្មែរ ដែលរៀបចំឡើងដោយលោក កែម ឡី ដោយអ្នកស្រីបានលើកឡើងថា សកម្មជននៃគណបក្សសិទ្ធិមនុស្ស និងគណបក្សសម រង្ស៊ី ទាំងក្រៅ និងក្នុងប្រទេសមិនត្រូវគ្នា ឬស៊ីចង្វាក់ឡើយ ហើយនៅក្នុងគណបក្ស មានការរើសអើងចំពោះអ្នកជាប់(ឆ្នោត) និងអ្នកមិនជាប់ នាំឲ្យមានការ«ផុយស្រួយ»ដែលឈាន ទៅដល់ការបែកបាក់គ្នា អាចនឹងរលាយបាត់រូបទៀតផង។
អ្នកស្រីបានបញ្ជាក់ថា៖ «សំខាន់រលាយគណបក្សវាមិនអីទេអស់លោក។ រលាយអី? រលាយជាតិ ជាតិខ្មែរទាំងមូល រលាយដោយសាមេដឹកនាំ។ (...) គណកម្មការវិន័យ(គណបក្សសង្គ្រោះជាតិ)គេហៅខ្ញុំចូលទៅទៀត កន្លងមកពីថ្ងៃទី៤(ខែធ្នូ)។ ថ្ងៃទី៥ លោក កឹម សុខា ប្រជុំគណកម្មការនាយកបាញ់ពីរឿងលុយ ៣០-៤០ លាន (ដុល្លា) ដែល សម រង្ស៊ី ទទួលយក។ ឥឡូវបាន២០លាន ចឹងមានន័យថា២០លាន ដែលជាចំណែកមួយដែល ខ្ញុំមិនចូលរួមនូវសង្គម ដែលមានមេដឹកនាំពុកលរលួយបែបនេះទេ។»
ទស្សនាវដ្តីមនោរម្យ.អាំងហ្វូមិនអាចទំនាក់ទំនងជាមួយអ្នកស្រី ឡាក់សុភាព បានទេក្នុងព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៤នេះ ដោយទូរស័ព្ទលោកស្រីមិនអាចភ្ជាប់ទំនាក់ទំនងបាន ហើយទំនងជាអ្នកស្រីបានចាកចេញ ទៅក្រៅប្រទេសបាត់ទៅហើយ៕