សហគមន៍​ប្រមេ គ្រោង​ចាប់​អ្នក​បើក​ឡាន​ដែល​ឈូស​ឆាយ​ដី​ពួក​គាត់​ទុក​ដោះ​ស្រាយ

ពលរដ្ឋសហគមន៍ប្រមេនៅខេត្តព្រះវិហារ បានព្រមានដល់ម្ចាស់ក្រុមហ៊ុនមួយ ដែលពលរដ្ឋទាំងនោះចោទ ពី​ការ​រំលោភ​យក​ដី​ស្រែ​ចំការ និង​ព្រៃឈើ​អាស្រ័យផលរបស់ខ្លួន ថានឹងចាប់យកអ្នកបើកឡានឈូសឆាយដីទុក ដើម្បីទាមទារ​ឲ្យ​មាន​ការ​ដោះស្រាយឆាប់ៗ។
Loading...
  • ដោយ: ក. វិច្ចនី អត្ថបទ និងយកការណ៍៖ ក. វិច្ចនី ([email protected]) - ភ្នំពេញ ថ្ងៃទី ៣០ ធ្នូ ២០១៤
  • កែប្រែចុងក្រោយ: December 31, 2014
  • ប្រធានបទ: ដីធ្លី
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ដោយ​អស់​សង្ឃឹម ក្នុង​ទាមទារ​យក​ដី​ធ្លី​របស់​ខ្លួន​ពី​ក្រុបហ៊ុន ឡាន ហ្វេង និង​ក្រុមហ៊ុន រ៉ូយហ្វេង និង​មិន​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​រដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន ដែល​មិន​អើពើ​ជួយ​ដោះ​ស្រាយ​វិបត្តិ​ដី​ធ្លី​ឲ្យ​ពួក​គាត់​នោះ ប្រជា​សហគមន៍​ប្រមេ នៅ​ឃុំ​ប្រមេ ស្រុក​ត្បែង​មាន​ជ័យ ខេត្ត​ព្រះ​វិហារ បាន​ឈាន​ចូល​ដល់​របត់​ថ្មី​មួយ៖ «នឹង​ទៅ​យាម​ចាំ​ដី​របស់​ខ្លួន ដើម្បី​រា​រាំង​មិន​គេ​ឈូស​ឆាយ​យក ជា​ពិសេស​រារាំង​មិន​ឲ្យ​ឡាន​ឈូស​ឆាយ​ដី​ ចូល​ទៅ​ធ្វើ​សកម្មភាព​របស់​ពួកគេ»។

នៅក្នុង​ពេល​នេះ ពលរដ្ឋ​ដែល​ជា​ម្ចាស់​ដី​កំពុង​មាន​ជម្លោះ​ទាំង​នោះ ម្នាក់ៗ​ត្រូវ​ចំណាយ​ពេល​វេលា​ទៅ​យាម​ដី​របស់​ខ្លួន​ជា​រៀង​រាល់​ថ្ងៃ ព្រោះ​ខ្លាច​គេ​យក​ដី​របស់​ពួក​គាត់​ធ្វើ​ជា​កម្មសិទ្ធិ។ តំណាង​ប្រជា​សហគមន៍​ប្រមេ​មួយ​រូប អ្នកស្រី ពឿន ជឿន បាន​លើក​ឡើង​ថា ពួក​គាត់​អស់​វិធី​នឹង​ដោះ​ស្រាយ​ជំលោះ​នេះ​ហើយ ព្រោះ​ធ្លាប់​បាន​ដាក់​លិខិត​ទៅ​រដ្ឋសភា​ចំនួន​ពីរ​បី​ដង​ដែរ ដើម្បី​ឲ្យ​ជួយ​ដោះស្រាយ ប៉ុន្តែ​មិន​មាន​ឃើញ​មក​ជួយ​ធ្វើ​អន្តរាគមន៍​សោះ។ អ្នកស្រី​បាន​បន្ថែម​ថា បើ​គ្មាន​ដំណោះ​ស្រាយ​ដូច្នេះ មាន​តែ​មក​ចាំ​យាម​ដី​រាល់​ថ្ងៃ ហើយ​ចាំ​ចាប់​អ្នក​បើក​​រថយន្ដ​ដែល​មក​ឈូស​ឆាយ​នោះ​ទុក ដើម្បី​ឲ្យ​ក្រុមហ៊ុន​មក​ដោះ​ស្រាយ​បញ្ហា​ឲ្យ​បាន​ឆាប់។

សកម្មភាពថ្មីរបស់ក្រុមប្រជាសហគមន៍ បានបណ្ដាលឲ្យអាជ្ញាធរខេត្តស្រុក និងមន្ទីរដែនដី ដឹកនាំកម្លាំង​ចម្រុះ និងប្រដាប់ដោយអាវុធ មកធ្វើការបង្រ្កាបពលរដ្ឋទាំងនោះ កាលពីថ្ងៃទី២៩ ខែធ្នូ កាលពីល្ងាចម្សិលម៉ិញនេះ ប៉ុន្តែមិនបានបង្ករឲ្យមានរបួសស្នាមអ្វីនោះទេ។

បើតាមសម្តីរបស់អ្នកស្រី ពឿន ជឿន ដដែល បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូទៀតថា កាលពី​ល្ងាច​ម៉ិញនេះក្រុមសហគមន៍ប្រមេជាង ៩០ នាក់បានតវ៉ាយ៉ាងខ្លាំង ជាមួយក្រុមហ៊ុនឡានហ្វេង និងរ៉ូយហ្វេង​ យ៉ាង​តឹងសសៃករ ហើយពួកគេបានប្តេជ្ញាចិត្ត ស៊ូស្លាប់ អត់បាយក្រហាយទឹក ធ្វើការទាមទារជាមួយក្រុមអាជ្ញាធរ និងតំណាងក្រុមហ៊ុន ប៉ុន្តែបញ្ហានៅតែមិនអាចដោះស្រាយបាន។ លុះដល់នៅព្រឹកថ្ងៃទី ៣០ ខែធ្នូនេះ ក្រុម​ប្រជាសហគមន៍បានទៅរងចាំនៅតំបន់ដី ដែលមានជំលោះនោះម្តងទៀត ប៉ុន្តែអ្នកតំណាងក្រុមហ៊ុន និង​អាជ្ញាធរមិនបានមកជួបជាមួយប្រជាពលរដ្ឋដើម្បីដោះស្រាយបញ្ហាឡើយ ហើយប្រជាពលរដ្ឋបាននាំយក​ឡានឈូសឆាយដីមួយគ្រឿង និងអ្នកបើកឡានម្នាក់ ទៅដាក់នៅសាលាឃុំប្រមេហើយ កាលពីម៉ោង ១២:០០ ថ្ងៃត្រង់នេះ។

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ មិនអាចទាក់ទងខាងអាជ្ញាធរឃុំប្រមេ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ និង​ក្រុមហ៊ុនទាំងពីរបានទេ ដើម្បីសុំការបកស្រាយបានទេ នៅពេលនេះ។

ដីដែលក្រុងហ៊ុន ឡាន ហ្វេង និងក្រុមហ៊ុន រ៉ូយ ហ្វេង កំពុងរំលោភយកនេះ បានប៉ះពាល់ដល់ប្រជាពលរដ្ឋ​ជាងបីភូមិ តាំងពីឆ្នាំ ២០១២មក។ ដីធ្លីទាំងនោះ សុទ្ធសឹងតែជាដីធ្វើស្រែចំការ និងដីព្រៃអាស្រ័យផល សំរាប់​ប្រជាសហគមន៍ទាំងនោះ ក្នុងការរកឃ្មុំ រកជ័រ កាច់វ័ល្ល លក់ដើម្បីរកប្រាក់មកផ្គត់ផ្គង់ជីវភាព៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...