អ្នកតវ៉ា៖ ដូចជាប់«គុកឥតជញ្ជាំង» បើគ្មានសេរីភាពនៃការបញ្ចេញមតិ
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: January 24, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការសម្ដែងក្ដីឈឺចាប់របស់ក្រុមអ្នកតវ៉ា ទាមទារសិទ្ធិសេរីភាពរបស់ពួកគេ ចេះតែចេញមកជាបន្តបន្ទាប់។ ប៉ុន្តែនៅពេលដែលការជួបជុំរបស់ពួកគេ កន្លងមកថ្មីៗ តែងត្រូវបានរារាំងដោយកងកម្លាំងអាជ្ញាធរនោះ ពួកគេបានធ្វើការប្រៀបធៀបការរិតត្បិតទាំងនេះ ថាមិនខុសអ្វីទៅនឹងការចាប់ចង ឬជាប់នៅក្នុងគុកឥតជញ្ជាំងនោះទេ។
ពីធីរម្លឹកខួបប្រាំឆ្នាំ នៃការចាកចេញដោយបង្ខំ និងការឈឺចាប់នៃ«អតីតអ្នកតំបន់ដីក្រហម» ថ្ងៃទី២៤ ខែមករាឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O. Vary)
សិទ្ធិមនុស្ស - រដ្ឋាភិបាលធ្វើអ្វីមិនច្បាស់លាស់នោះទេ តែរាល់សកម្មភាពដែលគាត់បានធ្វើ ក្នុងពេលកន្លងមកមិនដែលគោរពសិទ្ធិមនុស្ស ធ្វើឲ្យប្រទេសខ្មែររីកចំរើន ល្បីល្បាញនោះទេ ដែលចាត់ទុក«រាស្រ្តខ្លួនឯងជាសត្រូវ»។ «រដ្ឋាភិបាលមិនគ្រប់ទឹក» ស្ទាក់ស្ទើរៗ មិនដឹងថានឹងធ្វើអ្វីឲ្យបានពិតប្រាកដ។ នេះជាការលើកឡើងរបស់អ្នកស្រី ទេព វន្នី មុខអតីតសហគមន៍ដីក្រហមការពីព្រឹកថ្ងៃទី២៤ ខែមករានេះ។
ស្ត្រីសកម្មជនទាមទារសិទ្ធិដីធ្លីរូបនេះ បានបរិហាក្រុមអាជ្ញាធរថា មិនដែលធ្វើអ្វី ដែលផ្ដល់ផលចំណេញ ឬផលល្អទៅរដ្ឋាភិបាលខ្លួនឯងនោះទេ តែងតែធ្វើឲ្យរដ្ឋាភិបាលនោះធ្លាក់ទឹករហូត ដូចជាការហាមប្រាមមិនឲ្យជួបជុំ ការមិនឲ្យធ្វើការតស៊ូមតិ ការប្រើកម្លាំងសន្តិសុខសួនមកវាយ ចាប់ ប្រជាពលរដ្ឋដែលសម្តែងមតិជាដើម។
អ្នកស្រីបានចាត់ទុក ការចេញច្បាប់របស់រដ្ឋាភិបាលនេះ ថាជាការចេញ«ច្បាប់»ខុសពីគេ។ «ប្រទេសកម្ពុជាកាន់លទ្ធិប្រជាធិបតេយ្យ ចេញច្បាប់មកទៅជាច្បាប់កុម្មុយនីស។» រដ្ឋាភិបាល មិនគួណាយកកម្លាំងថែរសួន របស់សាលាខណ្ឌដូនពេញ មកវាយតប់ ចាប់ចងប្រជាពលរដ្ឋដោយកម្រោល ជេរប្រមាថព្រះសង្ឃ ដែលខុសពីតួនាទីសន្តិសុខថែសួន។ «អ្វីដែលបានធ្វើនេះមិនត្រូវតាមស្តង់ដានៃអ្នកដឹកនាំឡើយ។ គាត់ធ្វើអ្វីកាន់តែច្រើន កាន់តែធ្លាក់ទឹកទៅៗ»។
ឯប្រធានសហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្មកម្ពុជា លោក ស ម៉ូរ៉ា បានធ្វើការកត់សម្គាល់ថា កន្លងមកលោកឃើញមានខ័ណ្ឌដូនពេញ ដែលជាខ័ណ្ឌមួយចូលចិត្តប្រើនូវអំពើហិង្សា និងការរិតត្បិតនូវសេរីភាព ក្នុងការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ។ លោកបានលើកឡើងថា រាល់ការជួបជុំដែលត្រូវធ្វើឡើងក្នុងខ័ណ្ឌដូនពេញ តែងតែមានក្រុមសន្តិសុខពាក់មួយខ្មៅ មកដេញប្រជាពលរដ្ឋមិនឲ្យជួបជុំគ្នា។
ប្រធានសហព័ន្ធសហជីពរូបនេះ បានលើកឡើងថា នៅកម្ពុជាក្នុងស្ថានភាពបច្ចុប្បន្ននេះ មិនអាចយកកម្លាំងហាមឃាត់ ការចាប់ខ្លួនមកធ្វើជាដំណោះស្រាយទេ។ «ការតស៊ូរបស់ប្រជាពលរដ្ឋមិនត្រូវបានបញ្ឈប់ទេ ការចាប់តំណាងរបស់គេ ការចាប់គ្រួសាររបស់គេមកដាក់គុក ទៅបាញ់ ទៅបង្កឲ្យមានការរងគ្រោះ និងបញ្ហានានាទៀត ដែលមិនព្រមដោះ (ស្រាយ)នោះ។ (…) ប្រជាពលរដ្ឋតែងតែខ្លាច តែមិនមានជម្រើស តើអាចឲ្យពួកគាត់ទៅណា? ចង់មិនចង់គាត់ត្រូវតែស៊ូ ត្រូវតែប្រថុយប្រថាន ត្រូវតែសម្រេចចិត្ត។ មិនមានអ្វីខុសគ្នាពីការចាប់ខ្លួន ពីការនៅក្នុងពន្ធនាគារទេ បើសេរីភាពនៃការចាប់ខ្លួន ត្រូវបានរិតត្បិតនោះ។»
ចំពោះអ្នកស្រីទេព វន្នី បានចាត់ទុកថា ទង្វើទាំងនេះជាការសហការគ្នា ជាលក្ខណៈប្រព័ន្ធតាំងពីថ្នាក់ក្រោម រហូតដល់ថ្នាក់លើ។ នៅពេលមានការចាប់ក្នុងលក្ខណៈធ្ងន់ធ្ងរ តែងតែមានការដោះសារពីស្ថាប័នមួយទៅស្ថាប័នមួយ។ «ការប្រើប្រាស់កម្លាំងរបស់សាលាខ័ណ្ឌដូនពេញនេះ មិនបានគោរពទៅតាមតួនាទីរបស់ខ្លួនទេ។ ពួកគេតែងតែរាតត្បាតទូទាំងរាជធានីតែម្តង ដែលមានអំណាចគ្របដណ្តប់លើក្រសួងមហាផ្ទៃ ស្នងការក្រុង ក៏ដូចជាអគ្គស្នងការនគរបាលជាតិ។ (...) ក្នុងតួនាទីគ្រាន់តែជាអ្នកថែរក្សាសួនសោះ តែមានអំណាចខ្លាំង ដើរកកូរ អុកឡុក វាយចាប់ចងប្រជាពលរដ្ឋដោយសេរី ដែលគ្មានអ្នកណាម្នាក់ ហ៊ានបញ្ឈប់ទង្វើរបស់ពួកគាត់ទេ។»
មិនចំពោះតែករណី នៃការប្រើប្រាស់កម្លាំងក្នុងឯកសណ្ឋានជាសន្តិសុខ ជាមួយនឹងការពាក់មួកសុវត្តិភាពពណ៌ខ្មៅនោះទេ តែកន្លងមក ក៏មានក្រុមមួយផ្សេងទៀត ដែលក្នុងឯកសណ្ឋានជាជនស៊ីវិល និងពាក់មួកសុវត្តិភាពពណ៌ខ្មៅនេះ ត្រូវបានដាក់ពង្រាយពេញមុខសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៤កន្លងមកនេះ ក្នុងពេលមេគណបក្សប្រឆាំងចូលខ្លួន តាមការកោះហៅរបស់ព្រះរាជអាជ្ញានោះ។
ករណីទាំងពីរខាងលើនេះក៏ត្រូវបានបដិសេធដោយលោក ផៃ ស៊ីផាន អ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្ត្រី និងលោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញថា មិនបានដឹងជាក្រុមទាំងនោះចេញមកពីប្រភពណាទេ៕
--------------------------------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៤