ព្រឹទ្ធសភាដកអភ័យឯកសិទ្ធិ ថាក់ ឡានី ខណៈអ្នកស្រីបានចេញពីកម្ពុជា
- ដោយ: ដារា រិទ្ធ អត្ថបទ និងយកការណ៍៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី០១ កញ្ញា ២០១៦
- កែប្រែចុងក្រោយ: September 01, 2016
- ប្រធានបទ: នយោបាយ-កម្ពុជា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ព្រឹទ្ធសភាពេញអង្គ ដែលមានការចូលរួមប្រជុំ ក្នុងព្រឹកថ្ងៃទី០១ ខែកញ្ញា តែសមាជិកមកពីគណបក្សប្រជាជនកម្ពុជានោះ បានសម្រេចដកអភ័យឯកសិទ្ធិ របស់អ្នកស្រី ថាក់ ឡានី ហើយ។ ជាការសម្រេច ដោយឯកច្ឆន្ទ ក្នុងសម្លេង៤៦ លើ៤៦ និងគ្មានសម្លេងប្រឆាំងឡើយ ដោយហេតុថា សមាជិកព្រឹទ្ធសភាទាំងអស់ ពីខាងគណបក្សសម រង្ស៊ី បានធ្វើពហិការ មិនចូលរួមប្រជុំនៅព្រឹកនេះទេ។
ប៉ុន្តែដំណឹងផ្សេងទៀត បានទម្លាយឲ្យដឹងថា អ្នកស្រី ថាក់ ឡានី បានចាកចេញពីប្រទេសកម្ពុជា ដើម្បីទៅពិនិត្យជំងឺបាត់ហើយ។ នេះ បើទោះជាមានការព្រមាន ពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីពេលកន្លងមក ហាមអ្នកស្រីដោយមិនបញ្ចេញឈ្មោះ មិនឲ្យចាកចេញពីប្រទេសនោះក៏ដោយ។ ហើយអ្នកដែលទម្លាយដំណឹងនេះ តាមរយៈវិទ្យបារាំងអន្តរជាតិនោះ គឺលោក ទាវ វណ្ណុល ដែលជាសមាជិកព្រឹទ្ធសភា រួមគណបក្សជាមួយអ្នកស្រី ថាក់ ឡានី ផ្ទាល់តែម្ដង។
អ្នកស្រី ថាក់ ឡានី ត្រូវបានលោក ហ៊ុន សែន ប្ដឹងកាលពីដើមខែសីហា ជុំវិញការថ្លែងមួយរបស់អ្នកស្រី ដែលលោកនាយករដ្ឋមន្ត្រី ចាត់ទុកជាការចោទប្រកាន់រូបលោក ថានៅពីក្រោយខ្នង នៃឃាតកម្មកណ្ដាលរាជធានីភ្នំពេញ សម្លាប់លោក កែម ឡី កាលពីថ្ងៃទី ១០ ខែកក្កដា។ នៅក្នុងពាក្យបណ្ដឹងនោះ លោក ហ៊ុន សែន បានស្នើសុំឱ្យតុលាការផ្ដន្ទាទោសអ្នកស្រី ថាក់ ឡានី តាមផ្លូវច្បាប់ និងទាមទារសំណងជំងឺចិត្ត ចំនួន ១០០រៀល។
តបនឹងបណ្ដឹងនោះ អ្នកស្រី ថាក់ ឡានី បានអះអាងថា ពាក្យសំដីដែលគេឮ នៅតាមបណ្ដាញសង្គមនោះ គឺជាសមិទ្ធផលមួយ កើតឡើងពីការកាត់តសម្លេងពិតប្រាកដ របស់អ្នកស្រី។
សម្រាប់លោក ទាវ វណ្ណុល វិញ បានថ្លែងឲ្យដឹងដែរថា រូបលោកផ្ទាល់បានព្យាយាមរារាំង និងសម្របសម្រួល នៅក្នុងកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍នៃព្រឹទ្ធសភា កាលពីព្រឹកម្សិលម៉ិញ ឲ្យលើកចេញនូវរបៀបវារៈ ដកអភ័យឯកសិទ្ធិ អ្នកស្រី ថាក់ ឡានី ពីក្នុងសម័យប្រជុំព្រឹទ្ធសភានៅថ្ងៃនេះ។ លោក វណ្ណុល បានស្នើឲ្យអ្នកស្រី ឡានី សុំទោសលោក ហ៊ុន សែន ជាសាធារណៈ ដើម្បីបញ្ចប់បណ្តឹងខាងលើ។ ប៉ុន្តែការព្យាយាម កាលពីម្សិលម៉ិញ របស់សមាជិកព្រឹទ្ធសភា មកពីគណបក្សប្រឆាំងរូបនេះ ទំនងជាមិនទទួលបាន លទ្ធផលតាមការរំពឹងទុកនោះទេ៕