នុយ​នយោបាយ ដែល​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​ទទួល​ផ្លែ​ផ្កា

ការចាប់ខ្លួនអ្នកតវ៉ាមតិ សកម្មជនដីធ្លី សកម្មជនគណបក្សសង្គ្រោះជាតិ ... ការប្រើអំពើហិង្សាពីសំណាក់ក្រុមសន្តិសុខ និងពីសំណាក់អាជ្ញាធរ នៅតែកើតមាន រីឯកំណែទម្រង់ប្រព័ន្ធបោះឆ្នោត ក៏នៅមិនទាន់ផ្ដល់ជាក្ដីសង្ឃឹម​ច្បាស់លាស់​នៅ​ឡើយ។ បើអញ្ចឹង តើកិច្ចព្រមព្រៀងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ មានប្រយោជន៍អ្វី?
នុយ​នយោបាយ ដែល​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​ទទួល​ផ្លែ​ផ្កា
លោក ហ៊ុន សែន បុរសខ្លាំងកម្ពុជាតាំងពីឆ្នាំ១៩៨៥។ (រូបថត សហការី)
Loading...
  • ដោយ: សេក មនោរកុមារ ដោយ សេក មនោរកុមារ (ទាក់ទង៖ [email protected]) - ប៉ារីស​ ថ្ងៃទី៣០ វិច្ឆិកា ២០១៤
  • កែប្រែចុងក្រោយ: December 01, 2014
  • ប្រធានបទ: អត្ថាធិប្បាយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គណបក្សប្រជាជនកម្ពុជា កំពុង​ទទួល​បាន​ផ្លែផ្កា​ជា​ទី​គាប់​ចិត្ត ពី​កិច្ច​ព្រម​ព្រៀង ​ជា​មួយ​គណបក្ស​ប្រឆាំង កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៤  ក្នុង​ការ​ធ្វើ​ឲ្យ​មាន​ភាព​ស្រប​ច្បាប់ ក្នុង​ការ​កាន់​អំណាច​របស់​ខ្លួន សម្រាប់​ពេញ​មួយ​អណត្តិ​ទី៥​នេះ ជា​ថ្មី​ទៀត។ រីឯ​គណបក្ស​ប្រឆាំង​វិញ ទោះ​ចង់​មិន​ចង់ ក៏​ពេល​នេះ កំពុង​ក្លាយ​ខ្លួន​ជា​នុយ​នយោបាយ​មួយ ដែល​គណបក្ស​កាន់អំណាច​យក​មក​ប្រើ​ប្រាស់។ នៅ​ក្នុង​បទ​អន្តរាគមន៍​មួយ របស់​អ្នក​សារព័ត៌មាន​អូស្ត្រាលី លោក សេបាស្យៀង ស្ត្រេនជោ (Sebastian Strangio) ជា​មួយ​នឹង​សារព័ត៌មាន​បារាំង ឡឺម៉ុង (Le Monde) បាន​ពន្យល់​ថា កិច្ច​ព្រម​ព្រៀង​នយោបាយ​ដ៏​តក់​ក្រហល់ ថ្ងៃ២២ ខែ​កក្កដា ឆ្នាំ២០១៤ ទំនង​ជា​យុទ្ធសាស្ត្រ​មួយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ចំណេញ​ពេល​វេលា និង​ផ្ដល់​ភាព​ស្រប​ច្បាប់ សម្រាប់​ការ​កាន់​អំណាច ក្នុង​រយៈពេល​៤ឆ្នាំ​ទៅ​មុខ​ទៀត។

ក្នុងរយៈពេលចុងក្រោយនេះ ការចាប់ឃុំខ្លួនបានកើតឡើងយ៉ាងសន្ធឹកសន្ទាប់ ទៅលើសកម្មជនតស៊ូមតិ និង​សកម្មជនរបស់គណបក្សសង្គ្រោះជាតិ។ សកម្មជនតស៊ូមតិផ្សេងទៀត ក៏កំពុងប្រឈមជាមួយនឹង​ដីកា​កោះ​ឲ្យ​ចូលខ្លួន ពីសំណាក់តុលាការនោះផងទៀត។ លោក សេបាស្យៀង បានយល់ថា ព្រឹត្តិការណ៍​ទាំង​អស់​នេះ ចង់​បង្ហាញឲ្យគណបក្សសង្គ្រោះជាតិយល់ថា «វាត្រូវតែអញ្ចឹង ហើយគ្មានជម្រើសណាផ្សេងទេ» និងចង់ប្រាប់​ឲ្យ​គណបក្សប្រឆាំង​ ត្រូវតែទទួលយកកំណែទម្រង់ប្រព័ន្ធបោះឆ្នោត នៅកម្ពុជា ដែលគណបក្ស​កាន់​អំណាច​ចង់​បាន។

សម្រាប់ករណីលោកស្រី ពុង ឈីវកេក មេដឹកនាំអង្គការមួយ ដែលត្រូវបានគណបក្សធំទាំងពីរ ព្រមព្រៀងគ្នា​កាលពីខែកក្កដាកន្លងទៅ ឲ្យក្លាយជាសមាជិកទី៩ នៃគណកម្មាធិការជាតិរៀបចំការបោះឆ្នោតនោះ (គ.ជ.ប) ទំនងជាត្រូវបានគណបក្សប្រជាជនគិតសារជាថ្មីឡើងវិញ ពីវត្តមានរបស់លោកស្រី នៅក្នុងស្ថាប័នជាតិ​បោះ​ឆ្នោតនេះ ឬអាចនិយាយម្យ៉ាងទៀតថា គណបក្សកាន់អំណាច មិនដែលមានបំណងពិតប្រាកដ ពីការ​ប្រគល់​តួនាទីណាមួយ ទៅឲ្យលោកស្រីទេ។

អ្នកការសែត សេបាស្យៀ ដែលជាអ្នកនិពន្ធសៀវភៅ «កម្ពុជារបស់ ហ៊ុន សែន (Hun Sen’s Cambodia)» បាន​និយាយថា បម្រាមដែលចែងពីសញ្ជាតិ សម្រាប់ដាក់កំហិត​ទៅ​លើ​សមាជិក គ.ជ.ប នោះ គឺជាល្បិច​នយោបាយ​​ដ៏«ចាស់គម្រិល»របស់គណបក្សប្រជាជនកម្ពុជា។ លោក​បានពន្យល់ទៀតថា កាលពី​ទសវត្សរ៍​ឆ្នាំ​៩០ លោក ហ៊ុន សែន ចង់បង្កើតឲ្យមានច្បាប់មួយ ហាមមនុស្ស​ណាក៏​ដោយ ដែលមានសញ្ជាតិលើសពីមួយ មិន​​ឲ្យ​ធ្វើ​​នយោបាយ។ សម្រាប់គណបក្សប្រជាជនកម្ពុជា «សញ្ជាតិពីរ​ឬ​ច្រើន» វាគឺជាក្រម ឬសញ្ញាសម្គាល់ របស់​អ្នក​នយោបាយ ​​«ប្រឆាំង»។

តើគណបក្សប្រជាជនកម្ពុជា អាចនឹងចាញ់ឆ្នោត នៅឆ្នាំ២០១៨ឬ ប្រសិនបើគណបក្សនេះ លែងមាន​ឥទ្ធិពល​ ពីលើប្រព័ន្ធបោះឆ្នោតនោះ?

មិនមានរូបមន្តពិតប្រាកដណាមួយ មកបញ្ជាក់ពីសេចក្ដីសន្និដ្ឋានបែបនេះឡើយ។ តែគណបក្សកាន់អំណាច តែងគិតជាប់ជានិច្ច ពីគោលការណ៍មួយ៖ បើខ្លួនមិនគ្រប់គ្រង គ.ជ.ប ទេ ស្ថាប័នមួយនេះ ច្បាស់ជា​លំអៀង​ ទៅ​រកគណបក្សប្រឆាំង។ លោក សេបាស្យៀង បានបញ្ជាក់ថា នៅកម្ពុជា មន្ត្រីរាជការទាំងអស់ ត្រូវប្រតិបត្តិ​ដោយ​ឥតខ្ចោះ តាមមេកើយធំរបស់ខ្លួន។ រីឯគំនិតដែលនិយាយ ពីអព្យាក្រិត្យភាពមន្ត្រីរាជការ ឬស្ថាប័នរដ្ឋនោះ មិន​មាន​ទេ។ បើគេនិយាយ ពាក្យ«ក្រៅរដ្ឋាភិបាល» នោះបានន័យ ថា«ប្រឆាំងរដ្ឋាភិបាល» ហើយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...