ក្រុមរដ្ឋមន្ត្រីការបរទេសនឹងសម្រេចឲ្យអ៊ឺរ៉ុប ដាក់ទណ្ឌកម្មប្រឆាំងរដ្ឋាភិបាលកម្ពុជា
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២៤ កុម្ភៈ ២០១៨
- កែប្រែចុងក្រោយ: February 24, 2018
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រភពច្បាស់ការមួយ ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទទួលបាននៅល្ងាចថ្ងៃសៅរ៍ ទី ២៤ ខែកុម្ភៈនេះ បានអះអាងថា ក្រុមរដ្ឋមន្ត្រីការបរទេស នៃបណ្ដាប្រទេសក្នុងសហភាពអ៊ឺរ៉ុប នឹងធ្វើការជួបប្រជុំគ្នា នៅថ្ងៃចន្ទទី២៦ ខែកុម្ភៈខាងមុខនេះ នារាជធានី ប្រ៊ុយស៊ែល ប្រទេសប៊ែលហ្សិក ដើម្បីសម្រេចជាឯកច្ឆន្ទ ស្នើឲ្យស្ថាប័នមានសមត្ថកិច្ចអ៊ឺរ៉ុប អនុវត្តទណ្ឌកម្មទាំងឡាយ ប្រឆាំងរដ្ឋាភិបាលក្រុងភ្នំពេញ។
កាលពីម្សិលម៉ិញ អ្នកនាំពាក្យក្រសួងការបរទេសបារាំង បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ឲ្យដឹងថា កិច្ចប្រជុំកំពូលនោះ ដែលនឹងធ្វើឡើង ក្នុងក្របខណ្ឌក្រុមប្រឹក្សាទទួលបន្ទុកកិច្ចការបរទេស នៃសហភាពអ៊ឺរ៉ុប (Conseil Affaires Etrangères) ក៏មានវត្តមានចូលរួម របស់លោក ហ្សង់ អ៊ីវ ឡឺឌ្រីយ៉ង់ (Jean-Yves Le Drian) រដ្ឋមន្ត្រីការបរទេស នៃប្រទេសបារាំងដែរ។ បើតាមសេចក្ដីប្រកាសព័ត៌មានដដែល បានបញ្ជាក់ថា ក្រុមរដ្ឋមន្ត្រី នៃបណ្ដាប្រទេសនៅអ៊ឺរ៉ុប នឹងត្រូវអនុម័ត ទៅលើសេចក្ដីសម្រេចមួយចំនួន ទាក់ទងនឹងសភាពនយោបាយ នៅកម្ពុជា ភូមា និងនៅម៉ាលឌីវ។
ដោយឡែក ទីភ្នាក់ងារព័ត៌មាន «Reuters» បានស្រង់សំដីអ្នកការទូតអ៊ឺរ៉ុបម្នាក់ ដែលស្និតនឹងកិច្ចប្រជុំនេះ មកបញ្ជាក់លំអិតថា ក្រុមរដ្ឋមន្ត្រីទាំងនោះ នឹងស្នើសុំទៅអ្នកស្រី ហ្វេដឺរីកា ម៉ូហ្គេរីនី (Federica Mogherini) អនុប្រធានគណៈកម្មការអ៊ឺរ៉ុប / តំណាងជាន់ខ្ពស់នៃសហភាពអ៊ឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងនយោបាយសន្តិសុខ ឲ្យចាប់ផ្ដើមអនុវត្តយន្ដការ ដែលសហភាពអ៊ឺរ៉ុបមាន ដើម្បីដាក់ទណ្ឌកម្ម ប្រឆាំងរបបដឹកនាំនៅកម្ពុជា។
សារព័ត៌មាន «The Financial Times» បានរាយការណ៍បន្ថែមថា ទណ្ឌកម្មទាំងនោះ អាចមានការព្យួរ ការអនុគ្រោះផ្នែកពាណិជ្ជកម្ម លប់ចោលការអនុគ្រោះពន្ធ ទៅលើទំនិញសម្លៀកបំពាក់ និងស្បែកជើង ដែលនាំចេញពីកម្ពុជា ចូលទៅក្នុងទីផ្សារអ៊ឺរ៉ុប ដូចបានព្រមព្រៀងគ្នារួច នៅក្នុងកម្មវិធី «អ្វីៗទាំងអស់ លើកលែងតែអាវុធ (Everything but arms)» រវាងសហភាពអ៊ឺរ៉ុប និងរដ្ឋាភិបាលកម្ពុជា។
កាលពីថ្ងៃព្រហស្បត្តិ ទី២១ ខែកុម្ភៈ ប្រទសអាល្លឺម៉ង់ ដែលជាប្រទេសប្រកបដោយឥទ្ធិពលខ្លាំងបំផុត ក្នុងសហភាពអ៊ឺរ៉ុប បានជូនដំណឹងជាផ្លូវការ ទៅរដ្ឋាភិបាលក្រុងភ្នំពេញ អំពីការសម្រេចរបស់ខ្លួន ក្នុងការព្យួរ ការផ្ដល់ទិដ្ឋាការអនុគ្រោះ ចំពោះការធ្វើដំណើរ របស់មន្ត្រីរដ្ឋាភិបាលកម្ពុជា ចូលទៅក្នុងទឹកដីអាល្លឺម៉ង់ រួមមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រុមគ្រួសារ និងមន្ត្រីជាន់ខ្ពស់ផ្នែកយោធា និងប្រធានតុលាការកំពូល។
បារាំងនៅតែខ្វាយខ្វល់ និងបន្តឃ្លាំមើល
យ៉ាងណា គេនឹងរង់ចាំសេចក្ដីប្រកាសព័ត៌មានរួមមួយ ដែលនឹងចេញផ្សាយ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូល រវាងក្រុមរដ្ឋមន្ត្រីការបរទេស នៃបណ្ដាអ៊ឺរ៉ុប នៅថ្ងៃចន្ទខាងមុខ។
ប្រតិកម្មរបស់បណ្ដាប្រទេស ក្នុងសហភាពអ៊ឺរ៉ុប បានបង្ហាញរូបរាងច្បាស់លាស់ និងខ្លាំងក្លា ដោយទំនងជាចម្លើយ ទៅនឹងភាពមិនអើពើ របស់របបដឹកនាំក្រុងភ្នំពេញ នៅចំពោះសេចក្ដីអំពាវនាវម្ដងហើយម្ដងទៀត របស់សហភាពអ៊ឺរ៉ុប ក៏ដូចជាបណ្ដាប្រទេសជាច្រើន នៅក្នុងសហភាពអ៊ឺរ៉ុប ទទូចឲ្យរដ្ឋាភិបាលកម្ពុជា វិលត្រឡប់មករកដំណើរការ នៃលទ្ធិប្រជាធិបតេយ្យ និងការបោះឆ្នោតជាតិមួយ ប្រកបដោយភាពត្រឹមត្រូវ យុត្តិធម៌ និងទទួលយកបានវិញ។
«ការបោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្ត្រ នៅក្នុងឆ្នាំ២០១៨នេះ នឹងមិនអាចចាត់ទុក ថាជាការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងប្រកបដោយប្រជាធិបតេយ្យបានទេ បើគ្មានវត្តមានចូលរួម របស់គណបក្សប្រឆាំងដ៏សំខាន់ជាងគេទេនោះ» នេះ បើតាមលិខិតមួយច្បាប់ របស់នាយកខុទ្ទកាល័យរដ្ឋមន្ត្រីការបរទេសបារាំង ដែលបានឆ្លើយតប កាលពីខែមុន ទៅកាន់ពលរដ្ឋបារាំងដើមកំណើតខ្មែរ ក្រោយពីពលរដ្ឋទាំងនោះ បានផ្ញើរលិខិតជាបន្តបន្ទាប់ ជជីកសួរពីជំហរ របស់ប្រទេសបារាំង នៅចំពោះស្ថានការណ៍នយោបាយកម្ពុជា។
លិខិតមួយច្បាប់ទៀត របស់នាយកខុទ្ទកាល័យដដែល ដែលសរសេរប្រហាក់ប្រហែលគ្នា បានបញ្ជាក់ពីជំហរ របស់ប្រទេសបារាំងថា បារាំងដែលជាប្រទេសសហប្រធាន កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ នឹងនៅតែបន្តឃ្លាំមើល ទៅលើស្ថានភាពនយោបាយ និងស្ថានភាពសិទ្ធិមនុស្ស នៅកម្ពុជា ដោយសហការជាមួយ នឹងដៃគូនានារបស់ខ្លួន នៅក្នុងសហភាពអ៊ឺរ៉ុប៕