ក្រុម បាសា បញ្ជាក់ជាផ្លូវការ ពីការចាកចេញរបស់ ណីម៉ា
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី០២ សីហា ២០១៧
- កែប្រែចុងក្រោយ: August 02, 2017
- ប្រធានបទ: ការផ្ទេរកីឡាករ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បន្ទាប់ពីបានមកដល់ទីលានហ្វឹកហាត់ នៅព្រឹកថ្ងៃពុធនេះ ក្នុងក្រុងបាសឺឡូន (Barcelone - ប្រទេសអេស្ប៉ាញ) បានប្រមាណជាកន្លះម៉ោងប៉ុណ្ណោះ កីឡាករ ណីម៉ា (Neymar) ដែលមកដល់ម៉ោងនេះ នៅជាខ្សែប្រយុទ្ធ របស់ក្រុមបាល់ទាត់ បាសឺឡូន (FC Barcelone) នៅឡើយ បានបើករថយន្ដចាកចេញទៅវិញ យ៉ាងស្ងាត់ស្ងៀម។ នៅបន្តិចក្រោយមក ទើបគេដឹងថា កីឡាករជាតិប្រេស៊ីលរូបនេះ បានចំណាយពេលបន្តិចបន្តួចនេះ ដើម្បីជូនដំណឹងទៅកាន់ក្រុមបាសឺឡូន ពីបំណងរបស់ខ្លួន ដែលចង់ចាកចេញពីក្រុម និងបានថ្លែងពាក្យលាគ្នា ជាចុងក្រោយ ទៅកាន់កីឡាកររួមក្រុមដទៃទៀត។
ការផ្ទេរកីឡាករ ប្រចាំសតវត្សន៍...
នៅក្នុងសេចក្ដីប្រកាសព័ត៌មាន របស់ក្រុម បាសឺឡូន ដែលបានចេញផ្សាយជាផ្លូវការ នៅពេលក្រោយមក ក៏បានបញ្ជាក់ដែរ ពីបំណងរបស់ខ្សែប្រយុទ្ធរបស់ខ្លួន និងបានបញ្ជាក់ថា ដើម្បីអាចចាកចេញពីក្រុមបាន កីឡាករ ណីម៉ា ឬក្រុមបាល់ទាត់ ដែលត្រៀមទទួលយកកីឡាកររូបនេះ ទៅទាត់នៅក្នុងរដូវកាលខាងមុខ ត្រូវបង់សំណងឲ្យក្រុមបាសឺឡូន តាមកិច្ចសន្យាកីឡាករ នូវទឹកប្រាក់២២២លានអ៊ឺរ៉ុប ដែលជាទឹកប្រាក់ដ៏ថ្លៃបំផុត មិនដែលធ្លាប់មាន នៅក្នុងប្រវត្តិនៃការផ្ទេរកីឡាករ។
ក្រុមបាសឺឡូន បានអះអាងនៅក្នុងសេចក្ដីប្រកាសព័ត៌មាននោះទៀតថា ខ្លួនបានបង្កកប្រាក់លើកទឹកចិត្ត ចំនួន២៦លានអ៊ឺរ៉ូ ដែលគ្រោងផ្ដល់ជូនកីឡាករ ណីម៉ា ក្នុងការបន្តកិច្ចសន្យា ជាមួយខ្លួនទៅមុខទៀត។ សេចក្ដីប្រកាសព័ត៌មាន បានសរសេរថា៖ «ទឹកប្រាក់២៦លានអ៊ឺរ៉ូនេះ ត្រូវបានតំកល់ទុក ក្នុងគណនី របស់សារការី (ប្រហាក់ប្រហែលនឹងមេធាវី) ដើម្បីរង់ចាំការសម្រេច របស់កីឡាករ ណីម៉ា ថានឹងនៅក្នុងក្រុមបន្តទៀត»។
ក្រុមបាសឺឡូន បានបញ្ជាក់បន្ថែមថា នៅរយៈពេលនេះ កីឡាករ ណីម៉ា ត្រូវបានអនុញ្ញាតឲ្យសម្រាក ដោយមិនចាំបាច់ហ្វឹកហាត់ ដូចការកំណត់ទុករបស់ក្រុម ដែលតម្រូវឲ្យកីឡាករទាំងអស់ ត្រូវចូលហាត់ជាធម្មតាវិញ ចាប់ពីថ្ងៃនេះតទៅ។
«គ្រាប់បាល់»នៅពេលនេះ កំពុងស្ថិតក្នុងជើង របស់ក្រុមប៉ារីស
ដំណឹងចុងក្រោយ ដែលទើបធ្លាក់មកដល់ បានឲ្យដឹងថា ទឹកប្រាក់សំណង ចំនួន២២២លានអ៊ឺរ៉ូ អាចនឹងត្រូវក្រុមប៉ារីស-សាំងហ្សែរម៉ាំង (Paris Saint germain) ផ្ទេរទៅកាន់ក្រុមបាសឺឡូន នៅល្ងាចនេះ ខណៈការចុះហត្ថលេខា ទៅលើកិច្ចសន្យាជាមួយក្រុមប៉ារីស អាចនឹងត្រូវធ្វើនៅថ្ងៃស្អែក ឬខាងស្អែកយ៉ាងយូរ ខណៈកីឡាករ ណីម៉ា បានចាកចេញពីក្រុង បាសឺឡូន តាមជើងយន្ដហោះ ដើម្បីទៅសម្រាកកាយមួយរយៈខ្លី នៅក្នុងរាជធានី ឡុង នៃចក្រភពអង់គ្លេស៕