តើ ប៉េប និយាយអ្វីខ្លះ ជាមួយ ម៉េស៊ី ?
- ដោយ: សេក មនោរកុមារ អត្ថបទ ៖ សេក មនោរកុមារ ([email protected]) - ប៉ារីស ថ្ងៃទី ១៦ ឧសភា ២០១៥
- កែប្រែចុងក្រោយ: May 16, 2015
- ប្រធានបទ: បាល់ទាត់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
គេពិបាកនឹងដឹងឲ្យច្បាស់ណាស់ ពីទំនាក់ទំនងរវាងគ្រូបង្វឹក ប៉េប ហ្គ័ឌីយ៉ូឡា និងកីឡាករ លីយ៉ូនែល ម៉េស៊ី ណាស់។ គេគ្រាន់តែដឹងថា អ្នកទាំងពីរបានរីកធំធាត់ខ្លួន នៅក្នុងក្រុម បាសឺឡូន មុននឹងក្លាយជា កំពូលតារាល្បីទាំងពីរនាក់ នៅក្នុងពិភពលោក។ លោក ប៉េប ដែលមានឈ្មោះ ជាគ្រូបង្វឹកបាល់ទាត់ ដ៏អស្ចារ្យនោះ ក៏ធ្លាប់ជាគ្រូបង្វឹក នៅក្រុមបាសឺឡូន សម្រាប់មួយរយៈកាលដែរ។
អ្វីដែលបង្ក ឲ្យចង់ដឹងកាន់តែខ្លាំងនោះ គឺកំពូលតារាបាល់ទាត់ ម៉េស៊ី ធ្លាប់បានប្រកាសឲ្យដឹង ពីទំនាក់ទំនង របស់ក្រុមបាសឺឡូន ជាមួយនឹង ប៉េប ដែលធ្លាប់ជាគ្រូបង្វឹកបស់ខ្លួនដែរ ថា៖ «តាំងពីគាត់ចេញពីយើងទៅ យើងមិនមានទំនាក់ទំនងអ្វីទៀត ជាមួយគាត់ទេ»។
ប៉ុន្តែនៅពេលក្រុមទាំងពីរ បានមកជួបគ្នាប្រកួត ក្នុង វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដើម្បីដណ្ដើមយក Champions League ឆ្នាំ២០១៥ កាលពីថ្ងៃអង្គារ សប្ដាហ៍មុននេះ អ្នកទាំងពីរបានមកជួប ញញឹមញញែម ចាប់ដៃជើងគ្នា បន្ទាប់ពីការប្រកួត បានបញ្ចប់នៅពាក់កណ្ដាលម៉ោងដំបូង។ តើអ្នកទាំងពីរ និយាយគ្នាពីអ្វី?
តាមពិតទៅ នឹងនឹងកន្លែង អ្នកទាំងពីរបានយកដៃខ្ទប់មាត់ ដើម្បីកុំឲ្យគេដឹង តាមរយៈមាត់ម្ហបៗនោះ ថាពួកខ្លួននិយាយពីអ្វី។ តែទស្សនាវដ្ដី Sport របស់បារាំង បានជួបជាមួយលោក ប៉េប ដើម្បីសួរពីរឿងនេះ។ នៅពេលនោះ លោក ប៉េប គ្រូបង្វឹករបស់ក្រុម បាយឺន បាននិយាយទៅកាន់កីឡាករថា៖ «ខ្ញុំសប្បាយចិត្តណាស់ ដែលអ្នកឯងបានត្រឡប់មកវិញ» ប៉ុន្តែគាត់បានទទួលចម្លើយយ៉ាងមាំ ពីកីឡាករ ម៉េស៊ី មកវិញថា៖ «ខ្ញុំមិនដែលទៅណាទេ»។
យ៉ាងណាក៏ដោយ អ្នកទាំងពីរតែងតែបង្ហាញ ពីការគោរពគ្នាទៅវិញទៅមក ជាដរាប។ លោក ប៉េប នៅក្នុងសន្និសីទសារព័ត៌មាន បានថ្លែងសរសើរកីឡាករល្បីថា៖ «ជាកំពូលកីឡាករ ក្នុងគ្រប់ពេលវេលាទាំងអស់។ យើងអាចប្រៀបធៀប ទៅនឹងអតីតស្ដេចបាល់ទាត់ ប៉ឺឡេ (Pelé)។»៕