អតីតគ្រូបង្វឹកអេស៊ីមីឡាន ថា ណីម៉ា អាចនឹងបរាជ័យនៅបាសេឡូណា
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: July 23, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
លោកអារីហ្គូ សាកជី (Arrigo Sacchi) អតីតគ្រូបង្វឹករបស់ក្រុមយក្សអ៊ីតាលី អេស៊ី មីឡាន (AC Milan) បានលើកឡើងថា កីឡាករណីម៉ា (Neymar) មិនប្រាកដថា នឹងអាចទទួលបានជោគជ័យជាមួយនឹងក្រុមបាសេឡូណា (Barcelona) នោះទេ បើទោះបីជាមានកីឡាករខ្លាំងៗដទៃទៀត នៅជុំវិញគាត់ក៏ដោយ។
កីឡាករណីម៉ា បញ្ចេញក្បាច់ដាក់អ្នកគាំទ្រ នៅពេលមកដល់ក្រុមបាសឺឡូណាដំបូង។ (រូបថត Barcelona FC)
ណីម៉ា បានផ្ទេរពីក្រុមសាន់តូស (Santos) របស់ប្រេស៊ីល មកកាន់ក្រុមអេស្ប៉ាញបាសេឡូណា ក្នុងតម្លៃ៥៧លានអ៊ឺរ៉ូ (៧៤,៥ លានដុល្លាសហរដ្ឋអាមេរិក) កាលពីដើមខែមិថុនាកន្លងទៅ។ កីឡាករវ័យ២១ឆ្នាំ បានចុះហត្ថលេខាលើកិច្ចសន្យារយះពេល៥ឆ្នាំ នៅក្នុងកីឡាដ្ឋាននូខេម (Nou Camp) ពោលគឺត្រូវបញ្ចប់នៅឆ្នាំ២០១៨។
ទទឹមនឹងការផ្ទេរមកកាន់ក្រុមម្ចាស់ជើងឯកអេស្ប៉ាញ មានទស្សនៈជាច្រើនយល់ឃើញថា ខ្សែបម្រើប្រយុទ្ធប្រេស៊ីលវ័យក្មេងរូបនេះ អាចនឹងលេចធ្លោរភ្លាមៗនៅពេលដែលគេបង្ហាញខ្លួនលើទីលាន លេងឲ្យក្រុមបាសា ដោយសារតែមានកីឡាករខ្លាំងៗ មួយចំនួនទៀត ចាំជួយសហការណ៏គ្នា ដែលមានដូចជា លីយ៉ូនែល ម៉េស៊ី (Lionel Messi), ស្ស៊ាវី (Xavi) និងអេនដ្រេ អ៊ីណែស្តា (Andres Iniesta) ជាដើម។
ទោះបីជាយ៉ាងណា លោកសាកជី បានយល់ឃើញថា ណីម៉ាមិនទាន់ប្រាកដថា នឹងជោគជ័យនោះទេ ព្រោះគាត់ធ្លាប់ឃើញកីឡាករស្លាតាន់ អ៊ីប្រាហ៊ីម៉ូវីក (Zlatan Ibrahimovic) ធ្លាប់បរាជ័យម្តងមកហើយ នៅក្នុងកីឡាដ្ឋាននូខេម កាលពីឆ្នាំ២០០៩។
កាសែតអេស្ប៉ាញ ម៉ាកា (Marca) បានដកស្រង់សម្តីរបស់លោកសាកជី និយាយថា៖ «ខ្ញុំមិនដឹងថា ណីម៉ានឹងធ្វើរបៀបណាទេ នៅក្រុមបាសេឡូណា។ នៅក្រុមបាសា ទម្រង់នៃការលេងគឺសំខាន់ជាងអ្វីៗទាំងអស់។ ដូច្នេះយើងនឹងរងចាំមើលថា តើណីម៉ា អាចសម្របខ្លួនទៅតាមទម្រង់លេងរបៀបនោះបានដែរឬទេ។»
លោកបានបន្តថា៖ «អ្វីដែលខ្ញុំនិយាយទាំងអស់នេះមានន័យថា យើងមិនអាចដឹងថាអ្វីអាក្រក់នឹងអាចកើតឡើងនោះទេ។ ជាក់ស្តែងដូចអ្វីៗ ដែលបានកើតឡើងជាមួយអ៊ីប្រាហ៊ីម៉ូវីក។ គាត់មានសមត្ថភាពគ្រប់គ្រាន់ ដើម្បីលេងឲ្យបាសេឡូណា ប៉ុន្តែទីបញ្ចប់គាត់មិនអាចចុះសម្រុងទៅនឹងទម្រង់លេង របស់កីឡាករដទៃៗទៀតនៅក្នុងក្រុម៕»
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ