ណីម៉ា ចង់ឲ្យរ៉ូនី ទៅចូលរួមក្រុមបាសេឡូណាដូចគាត់
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: July 01, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កីឡាករវ័យក្មេងថ្មី របស់ក្រុមបាសេឡូណា (Barcelona) ណីម៉ា (Neymar) បាននិយាយថា វាជាសុបិន្តមួយ ដែលបានលេងជាមួយនឹងកីឡាករវ៉ែន រ៉ូនី (Wayne Rooney) ហើយគាត់បន្តថា ចង់ឲ្យខ្សែប្រយុទ្ធក្រុមម៉ែនឆេស្ទើ យូណៃធីត (Manchester United) ទៅចូលរួមជាមួយគាត់ នៅប្រទេសអេស្ប៉ាញ។
កីឡាករ ណឺម៉ា ជួបជាមួយកីឡាករវ៉ែន រ៉ូនី ហើយបបួលឲ្យទៅបាសឺឡូណាជាមួយខ្លួន។ (រូបថត football365.com)
កីឡាករអន្តរជាតិអង់គ្លេស រ៉ូនី ដែលនៅមានកិច្ចសន្យា២ឆ្នាំទៀតជាមួយក្រុមម៉ែនញូនោះ បានដាក់សំណើរមួយ សុំចាកចេញពីក្រុមកាលពីចុងរដូវកាលមុន ហើយបច្ចុប្បន្នកំពុងតែមានក្លិបជាច្រើនទាក់ទង ក្នុងនោះមានដូចជាក្រុមបាសេឡូណា, រៀលម៉ាឌ្រីដ (Real Madrid), ឆែលស៊ី (Chelsea) និងក្រុមកាំភ្លើងធំអាសិណល (Arsenal)។
កាសែតអង់គ្លេសសាន់ដេ (Sunday) បានរាយការណ៏ថា អតីតកីឡាកររបស់ក្រុមអេវើតុន (Everton) នឹងជួបពិភាក្សាជាសំងាត់មួយ ជាមួយនឹងគ្រូបង្វឹកលោកដេវីដ ម៉យ (David Moyes) ដើម្បីជជែកគ្នា ពីអនាគតរបស់គាត់។ កីឡាកររូបនេះ អាចនឹងបន្តជាមួយម៉ែនញូទៀត លុះត្រាតែគាត់ទទួលបានងថ្លៃឈ្នួលខ្ពស់ជាងមុន។
ប៉ុន្តែនៅក្នុងការប្រកួតខុនហ្វេដឺរ៉េសិនខាប់ (Confederations Cup) វគ្គផ្តាច់ព្រ័ត្រ កីឡាករប្រេស៊ីល ណីម៉ា ចង់ឲ្យរ៉ូនី ដើរតាមជំហ៊ានរបស់គាត់ និងធ្វើការផ្លាស់ប្តូរ ទៅកាន់ក្រុមទម្ងន់ធ្ងន់របស់អេស្ប៉ាញ បាសេឡូណា នៅក្នុងរដូវក្តៅនេះ។
ណីម៉ា បាននិយាយថា៖ «ទម្រង់បាល់ទាត់ យើង (បាសេឡូណា) លេង និងកំរិតកីឡាករដែលយើងមាន យើងជាក្លិបដ៏អស្ចារ្យ សម្រាប់កីឡាករកំពូលៗមកចូលរួម។ ខ្ញុំបានជួបវែន ពីបីលើកដែរ ហើយគាត់ជាមនុស្សល្អ ប៉ុន្តែអ្វីដែលសំខាន់នោះ គាត់ជាកីឡាករម្នាក់ ដែលខ្ញុំគោរពបំផុតនៅក្នុងពិភពបាល់ទាត់។»
កីឡាករវ័យ ២១ឆ្នាំ (ណីម៉ា) បានបន្ថែមថា៖ «រ៉ូនី ជាកីឡាករម្នាក់ ក្នុងចំណោមកីឡាករល្អៗបំផុតនៅក្នុងពិភពលោក និងជាកីឡាករដែលមានបច្ចេកទេសល្អបំផុត។ ប្រាកដណាស់ គាត់ច្បាស់ជាធ្វើបានល្អ នៅក្រុមបាសេឡូណា។ គាត់អាចជួយក្រុមកំពូលៗ នៅអ៊ឺរ៉ុបបាន។ ហើយសម្រាប់រូបខ្ញុំ វាជាក្តីសុបិន្តមួយ ដែលបានលេងជាមួយគាត់៕»
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ