អ៊ឺរ៉ូ២០១៦៖ អង់គ្លេស​ស្រងាក​ចិត្ត បន្ទាប់​ពី​ស្មើរ​ជា​មួយ​រ៉ូស្ស៊ី

ប្រទេសអង់គ្លេសឈឺចិត្តខ្លាំងណាស់ នឹងនាទីចុងក្រោយ បន្ទាប់ពីក្រុមបាល់ទាត់​ជម្រើស​ជាតិ​រ៉ូស្ស៊ី បាន​យក​ស្មើ​ជាមួយ​នឹង​ក្រុម​ខ្លួន នៅក្នុងការប្រកួតថ្ងៃដំបូង សម្រាប់វគ្គជម្រុះ នៃការដណ្ដើម​ជើង​ឯក​អ៊ឺរ៉ុប ឆ្នាំ២០១៦ កាល​ពី​យប់​ថ្ងៃ​សៅរ៍។ ការ​យក​ស្មើ​ជាមួយ​ក្រុម​អង់គ្លេស​នេះ ក៏បាន​ធ្វើឲ្យ​ប្រទេស​រ៉ូស្ស៊ី​ទាំង​មូល នឹកស្មានមិនដល់ដូចគ្នា។
អ៊ឺរ៉ូ២០១៦៖ អង់គ្លេស​ស្រងាក​ចិត្ត បន្ទាប់​ពី​ស្មើរ​ជា​មួយ​រ៉ូស្ស៊ី
ក្រុមរ៉ូស្ស៊ីលោតអោបគ្នា បន្ទាប់ពីរកគ្រាប់បាល់បាន នៅនាទីចុងបញ្ចប់នៃការប្រកួត ក្រោមការខកចិត្ត នៃកីឡាករក្រុមអង់គ្លេស។ (រូបថតទ្វីសធើរ)
Loading...
  • ដោយ: ជ័យវិបុល អត្ថបទ ៖ ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី១១ មិថុនា ២០១៦
  • កែប្រែចុងក្រោយ: June 12, 2016
  • ប្រធានបទ: អ៊ឺរ៉ូ ២០១៦
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រទេសអង់គ្លេស ដែលជាប្រជាជាតិមួយល្បីខាងបាល់ទាត់ តាំងពីយូរមកនោះ បានដើរចូល​ប្រកួត​ដណ្ដើម​ជើង​ឯក​អ៊ឺរ៉ុប ឆ្នាំ២០១៦ ក្នុងថ្ងៃដំបូង ដោយបានត្រឹម«ស្មើរ» (១-១) ជាមួយប្រទេសរ៉ូស្ស៊ី ដែល​ទើប​នឹង​ល្បី​ខាង​បាល់​ទាត់ នៅប៉ុន្មានឆ្នាំចុងក្រោយនេះប៉ុណ្ណោះ។ តាមពិតទៅ ក្រុមជម្រើសជាតិអង់គ្លេស​បានគ្រប់គ្រង​ការ​ប្រកួត និងនៅពីលើក្រុមរ៉ូស្ស៊ីតាំងពីដើមដំបូងមក រហូតដល់ក្រុមនេះ ទាត់បាល់ពិន័យមិនផ្ទាល់ រកបាន​ពិន្ទុ​នាំ​មុខ នៅ​នាទី​ទី៧៣។

ប៉ុន្តែរឿងដែលគេនឹកស្មានមិនដល់ បើសូម្បីប្រទេសរ៉ូស្ស៊ីខ្លួនឯងផងនោះ គឺនៅក្នុងម៉ោងបន្ថែម (៩០+២) និង​នៅ​​សល់​​តែ​ប៉ុន្មាន​វិនាទីទៀត នឹងត្រូវបញ្ចប់ការប្រកួតទៅហើយ ស្រាប់តែកីឡាករ «Berezutski» ប្រធាន​ក្រុម​រ៉ូស្ស៊ី​បាន​ប្រើ​ក្បាលរបស់ខ្លួន បញ្ជូនបាល់ចូលទី រកពិន្ទុស្មើរមកឲ្យក្រុមខ្លួនវិញ។

តំណែងថ្មី...

នៅក្នុងការប្រកួតដំបូង សម្រាប់ក្រុមអង់គ្លេស-រ៉ូស្ស៊ីនេះ គេសង្កេតឃើញកីឡាករ «Wayne Rooney» ដ៏ល្បី​ឈ្មោះ របស់ក្រុម «Manchester United» ដែលធ្លាប់តែនៅខាងខ្សែប្រយុទ្ធ បែរជាត្រូវគ្រូបង្វឹក​នៃក្រុម​ជម្រើស​ជាតិ​អង់គ្លេស លោក «Roy Hodgson» សម្រេចឲ្យមកធ្វើជាខ្សែបម្រើវិញ។ បេសកកម្មថ្មីរបស់កីឡាកររូបនេះ បាន​ទទួល​ជោគជ័យ គួរឲ្យកត់សម្គាល់ ដោយបានធ្វើការចែក និងបញ្ជូនបាល់ ទៅឲ្យកីឡាកររូមក្រុមរបស់ខ្លួន បាន​យ៉ាង​ច្រើន និងយ៉ាងល្អ។

ប៉ុន្តែកីឡាករ «Wayne Rooney» ខ្លួនឯង ក៏មិនបានទុកឲ្យឱកាសមួយចំនួន កន្លងផុតពីខ្លួនដែរ នៅពេល​ដែល​បាល់បានមកដល់ នឹងជើងរបស់ខ្លួននោះ ដោយបានទាត់បញ្ចូលទីជាច្រើនដង តែជាអកុសល គ្រាប់​បាល់​ទាំង​នោះ ត្រូវកីឡាករចាំទីរ៉ូស្ស៊ី​ទប់បាន ឬទះចេញបានរហូត។

រីឯក្រុមរ៉ូស្ស៊ីវិញ បើទោះជាគេមិនសូវស្គាល់ ពីកីឡាកររ៉ូស្ស៊ី ថាជានរណាៗនោះ តែក្រុមជម្រើសជាតិមួយនេះ បាន​បង្ហាញពីសាមគ្គីភាព និងបានលេង«ជុំគ្នា»យ៉ាងសម្បើម។ ជាពិសេស កីឡាកររ៉ូស្ស៊ីទាំងប៉ុន្មានរូបនេះ ដែល​ស្ថិត​ក្រោម​ការ​ដឹកនាំ របស់គ្រូបង្វឹក «Leonid Sloutski» បានធ្វើអ្វីគ្រប់យ៉ាង ដើម្បីការពារ ដណ្ដើម បញ្ជូន... បាល់ដែលនៅក្នុងជើងខ្លួន និងបានរកឱកាស ធ្វើការវាយបក ត្រឡប់ទៅក្រុមអង់គ្លេសវិញ ទោះ​ជា​ក្រុម​​មិន​សូវ​មាន​ប្រៀប​ក៏ដោយ។

ចំពោះការប្រកួតមួយទៀត នៅក្នុងពូលតែមួយ នាយប់ថ្ងៃសៅរ៍​ដដែល​នេះ ក្រុម​ជម្រើសជាតិ វែល (ជាផ្នែក​មួយ​នៃចក្រភពអង់គ្លេស តែ​មាន​ប្រព័ន្ធ​​កីឡា ដោយឡែកពីគ្នា) បាន​យក​ឈ្នះ​ក្រុម ស្លូវ៉ាគី ក្នុងពិន្ទុ២ទល់នឹង១ ដែល​ធ្វើឲ្យ​ក្រុម វែល មាន៣ពិន្ទុ​នាំមុខគេ សម្រាប់ពូល B ទាំងមូល។ សូម​បញ្ជាក់ដែរថា ក្រុម​រ៉ូស្ស៊ី នឹងត្រូវ​ទៅ​ជួប​ជាមួយ​ក្រុមជម្រើសជាតិ មកពីប្រទេសស្លូវ៉ាគី នៅរសៀលថ្ងៃពុធ ទី១៥ ខែមិថុនា ខណៈ​ក្រុម​អង់គ្លេស នឹងត្រូវ​ទៅ​ជួប ជាមួយ​ក្រុមបាល់ទាត់ មកពីស្រុក «វែល»  នៅថ្ងៃព្រហស្បត្តិ៍ ទី១៦ ខែមិថុនាសប្ដាហ៍ក្រោយ ដែល​សុទ្ធ​សឹង​​ជា​​ការ​​ប្រកួត សម្រាប់​​វគ្គ​​ជម្រុះ​នៃពូល B៕

» ទស្សនាវីដេអូសង្ខេប នៃការប្រកួតនេះឡើងវិញ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...