ប្រតិកម្មប្រឆាំងបម្រាមប្រាំថ្ងៃរបស់ក្រសួងព័ត៌មាន ថារឹតត្បិតសេរីភាពសារព័ត៌មាន
ភ្នំពេញៈ អង្គការសង្គមស៊ីវិលចំនួន២១ និង សហគមន៍ដែលមានជម្លោះដីធ្លីដ៍រ៉ាំរ៉ៃចំនួនបី បានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយ ដោយអំពាវនាវឲ្យរដ្ឋាភិបាលធ្វើការលុបចោល នូវបទបញ្ជាថ្ងៃទី២១ ដែលហាមឃាត់ការរាយការណ៍ ពីប្រព័ន្ធផ្សព្វផ្សាយបរទេស ដែលទាក់ទងនឹងការស្ទាបស្ទង់មតិ ការស្រាវជ្រាវ និងលទ្ធផលនៃការស្ទាប់ស្ទង់មតិ អំពីការបោះឆ្នោតក្នុងរយៈពេល៥ថ្ងៃ មុនថ្ងៃបោះឆ្នោតនិងថ្ងៃបោះឆ្នោត ដើម្បីធានាឲ្យមានប្រព័ន្ធផ្សព្វផ្សាយព័ត៌មានដោយសេរី និងយុត្តិធម៌នៅក្នុងរយៈពេលមុនការបោះឆ្នោត។
រូបមីក្រូ និងប្រដាប់ស្ដាប់ត្រជៀក។
នៅក្នុងសេចក្តីថ្លែងការណ៍រួមនោះ បានលើកឡើងថា ពួកគេសុំមិនទទួលយកបម្រាបនេះ ហើយសំណូមពរដល់រដ្ឋាភិបាល មេត្តាលុបចោលនូវការរឹតត្បិត លើប្រព័ន្ធផ្សព្វផ្សាយព័ត៌មានទាំងអស់ ក្នុងកំឡុងពេលមុនការបោះឆ្នោតដ៏សំខាន់នេះ។ នៅក្នុងលិខិតរួមនោះបានថ្លែងឲ្យដឹងទៀតថា ៖ «យើងខ្ញុំសូមអំពាវនាវឲ្យរដ្ឋាភិបាល ធ្វើលុបចោលនូវបទបញ្ជាថ្ងៃទី២១ ដែលហាមឃាត់ការរាយការណ៍ ពីប្រព័ន្ធផ្សព្វផ្សាយព័ត៌មានបរទេស ដែលទាក់ទងនឹងការស្ទាបស្ទង់មតិ ការស្រាវជ្រាវ និងលទ្ធផលនៃការស្ទាប់ស្ទង់មតិ អំពីការបោះឆ្នោតក្នុងរយៈពេល៥ថ្ងៃ មុនថ្ងៃបោះឆ្នោតនិងថ្ងៃបោះឆ្នោត និងអនុញ្ញាតឲ្យបើក និងធានាឲ្យមានរយៈពេលផ្សាយ តាមបណ្តាញទូរទស្សន៍ស្មើគ្នា សម្រាប់គ្រប់គណបក្សទាំងអស់»។
លោកស្រីវេជ្ជបណ្ឌិត ពុង ឈីវកេក ប្រធានអង្គការការពារសិទ្ធិមនុស្សលីកាដូ បានថ្លែងឲ្យដឹងថា ពលរដ្ឋមួយចំនួន ស្ថិតក្នុងភាពមិនច្បាស់លាស់ថា តើការបោះឆ្នោតខាងមុខ នឹងប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌រឺទេ។ លោកស្រីបានបន្ថែមទៀតថា ៖ «ការព្យាយាមក្នុងការត្រួតពិនិត្យចាប់ពិរុទ្ធ លើប្រព័ន្ធផ្សព្វផ្សាយព័ត៌មានបរទេសឯករាជ្យ អាចបង្ហាញថា អាជ្ញាធររដ្ឋមិនសូវបានយកចិត្តទុកដាក់ អំពីគោលការណ៍យុត្តិធម៌ និងធ្វើឲ្យមានភាពស្មើគ្នានោះទេ»។
ចំពោះលោក វ៉ន ពៅ ប្រធានសមាគមនប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានមានប្រសាសន៍ថា នេះគឺជាទម្រង់នៃការត្រួតពិនិត្យ ចាប់ពិរុទ្ធរបស់អាជ្ញាធររដ្ឋ ដែលមិនប្រក្រតី និងផ្ទុយពីលទ្ធិប្រជាធិបតេយ្យ។ លោកបានថ្លែងឲ្យដឹងទៀតថា ៖ «បម្រាមនេះ កើតចំពេលដែលប្រជាពលរដ្ឋកម្ពុជា កំពុងត្រូវការព័ត៌មានបំផុត ពីប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឯករាជ្យ»។
រីឯនាយកប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជា សម្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឯករាជ្យ លោក ប៉ា ងួនទៀត បានថ្លែងឲ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានខ្មែរ នៅក្នុងស្រុកមួយចំនួន មិនសូវមានសេរីភាព ក្នុងការរាយការណ៍ព័ត៌មាន ហើយម្ចាស់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ត្រូវបានគ្រប់គ្រងដោយគណបក្សកាន់អំណាច។ លោកបានថ្លែងឲ្យដឹងទៀតថា ៖ «បម្រាមដែលចុះហត្ថលេខាថ្ងៃទី២១ ដែលផ្តោតទៅលើប្រព័ន្ធផ្សព្វផ្សាយបរទេស បង្ហាញនូវបំណងពិតប្រាកដ ក្នុងការកំណត់ដែនកំណត់ក្នុងការទទួលបានព័ត៌មាន ពីប្រភពព័ត៌មានឯករាជ្យ របស់ប្រជាពលរដ្ឋកម្ពុជា ដែលប្រភពទាំងនោះអាចរំខានដល់គណបក្សកាន់អំណាច»។
លោក ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ពុំអាចទំនាក់ទំនងដើម្បីធ្វើការអត្ថាធិប្បាយបានទេ កាលពីថ្ងៃម្សិលម៉ិញ។ រីឯលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណរដ្ឋមន្ត្រី និង លោក ទិត្យ សុធា អ្នកនាំពាក្យ អង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស ក៏ពុំអាចធ្វើការទំនាក់ទំនង ដើម្បីធ្វើការអត្ថាធិប្បាយបានដែរ។
សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងព័ត៌មាន ដែលបានចេញផ្សាយកាលពីថ្ងៃទី២៩ ខែ មិថុនា បានឲ្យដឹងថា យោងតាមសំណូមពរ សុំឲ្យក្រសួងព័ត៌មានអនុញ្ញាត ឲ្យចាក់ផ្សាយឡើងវិញ នូវការផ្សាយបន្តរបស់វិទ្យុបរទេសជាខេមរភាសាតាមវិទ្យុ FM ក្នុងស្រុក។ ប៉ុន្តែក្រសួងក៏មិនភ្លេចរម្លឹក ឲ្យម្ចាស់ស្ថានីយវិទ្យុទាំងអស់ គោរពនូវសេចក្តីប្រកាសរបស់ខ្លួនចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៣ គឺគោរពនូវបទបញ្ជា និងនីតិវិធី ដោយជៀសវាងការផ្សព្វផ្សាយព័ត៌មានណា ដែលនាំឲ្យប៉ះពាល់ ដល់ដំណើររៀបចំការបោះឆ្នោត ដូចជា ការផ្សាយនូវការស្ទង់មតិមហាជន លទ្ធផលនៃការស្ទង់មតិដែលទាក់ទងនិងដំណើរការបោះឆ្នោត ក្នុងរយៈពេល៥ថ្ងៃ មុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោត ត្រូវបញ្ឈប់ការផ្សព្វផ្សាយពីសកម្មភាពឃោសនាអ្វីទាំងអស់ កំឡុងពេល២៤ម៉ោង មុនថ្ងៃបោះឆ្នោតនិងថ្ងៃបោះឆ្នោត៕
----------------------------------------------------
ដោយ៖ គិន ង៉ុយ - ភ្នំពេញ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ