កាសែត​«កងទ័ព​ប្រជាជន»​វៀតណាម ចេញ​ផ្សាយ​ជា​ខេមរភាសា

គេហទំព័រ នៃសារព័ត៌មាន«កងទ័ពប្រជាជន» របស់របបកុម្មុយនីស្ដវៀតណាម ទើបដាក់ឲ្យដំណើរការ នូវការចេញផ្សាយ ជាភាសាបរទេសចំនួនពីរទៀត នៅថ្ងៃសុក្រនេះ បន្ថែមពីលើភាសាអង់គ្លេស ដែលសារព័ត៌មានចេញផ្សាយ នៅឆ្នាំ២០០៥ និងភាសាចិន ដែលសារព័ត៌មានចេញផ្សាយ នៅឆ្នាំ២០១២។ ភាសាបរទេសបន្ថែមចំនួនពីរនោះ គឺខេមរភាសា និងភាសាឡាវ។
កាសែត​«កងទ័ព​ប្រជាជន»​វៀតណាម ចេញ​ផ្សាយ​ជា​ខេមរភាសា
ចម្រៀងរបាំ ដើម្បីសម្ពោធបើកការផ្សាយជាភាសាបរទេសពីរទៀត របស់សារព័ត៌មាន «កងទ័ពប្រជាជន» វៀតណាម ក្នុងថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧។ (រូបថតផ្តិតពីអេក្រង់)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២០ តុលា ២០១៧
  • កែប្រែចុងក្រោយ: October 20, 2017
  • ប្រធានបទ: សង្គម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ចាប់ពីថ្ងៃសុក្រទី២០ ខែតុលានេះតទៅ បណ្ដាជនខ្មែរ និងឡាវ នឹងអាចស្វែងយល់ ពីព័ត៌មានទាំងឡាយ ដែលសារព័ត៌មានកុម្មុយនីស្ដ​វៀតណាម ឈ្មោះ «កាសែតកងទ័ពប្រជាជន (Quân đội nhân dân)» ផ្សាយចេញពីរដ្ឋធានី ហាណូយ។ នេះបើតាមការការផ្សាយឲ្យដឹង របស់ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ របស់​របប​កុម្មុយនីស ឈ្មោះ«VNA»។

ការចេញផ្សាយថ្មីជាខេមរភាសា និងជាភាសាឡាវនេះ ត្រូវបានសារព័ត៌មានកុម្មុយនីស្ដ ផ្ដល់ជូនព័ត៌មានជា ១១ផ្នែក៖ នយោបាយ ការពារជាតិ-សន្តិសុខ ទំនាក់ទំនងវៀតណាម-កម្ពុជា (ទំនាក់ទំនងវៀតណាម-ឡាវ សម្រាប់ភាសាឡាវ) អន្តរជាតិ សេដ្ឋកិច្ច-សង្គម វប្បធម៌-អប់រំ-ទេសចរណ៍និងកីឡា ការកំសាន្ដ (ទឹកដី-មនុស្ស សម្រាប់ភាសាឡាវ) ប្រវត្តិសាស្ត្រ-ប្រពៃណី រូបថត វីដេអូ និងសម្លេង។

ប៉ុន្តែគេមិនសង្ឃឹម ពីព័ត៌មានដែលផ្សាយចេញពីគេហទំព័រនេះ ថាមានឯករាជ្យភាព ឬជាដំណឹងទាន់ហេតុការណ៍ ចេញពីប្រទេសកម្ពុជា ឬប្រទេសឡាវនោះទេ។ ដោយហេតុថា សារព័ត៌មានកុម្មុយនីស្ដ ត្រូវបានគូសវាសយ៉ាងតឹងតែង ដោយរបបក្រុងហាណូយ រួចជាស្រេចហើយ។

រដ្ឋមន្ត្រីក្រសួងព័ត៌មានវៀតណាម លោក ត្រឿង មិញទន់ (Truong Minh Tuan) បានថ្លែងនៅក្នុងពិធីសម្ពោធ បើក​ការផ្សាយ​ជាភាសាបរទេសទាំងពីរ ក្នុងថ្ងៃនេះថា បេសកកម្មរបស់កាសែត«កងទ័ពប្រជាជន» ដែលផ្សាយចេញ ជាភាសាបរទេសទាំងពីរ ត្រូវផ្ដល់ទៅឲ្យអ្នកអានរបស់ខ្លួន ពី«ការតម្រង់ទិស» និងពី​«គោលនយោបាយ» របស់គណបក្សកុម្មុយនីស្ដ និងរដ្ឋវៀតណាម - ត្រូវបង្ហាញពីរូបភាពដ៏ថ្លៃថ្លា របស់ប្រទេសនិងប្រជាជនវៀតណាម - ត្រូវបង្ហាញពីចំណងមិត្តភាព«ជាប្រពៃណី» រវាងវៀតណាម-កម្ពុជា (វៀតណាម-ឡាវ សម្រាប់ភាសាឡាវ)។

សារព័ត៌មាននេះ ក៏ត្រូវមានតួនាទីដែរ ក្នុងការអប់រំ​ទៅដល់​យុវជន​ជំនាន់ក្រោយ កម្មាភិបាល និងកងទ័ព ក៏ដូចជាប្រជាជន ពីការទទួលខុសត្រូវ ក្នុងការថែរក្សា និងពង្រីកមិត្តភាព រវាងប្រទេសទាំងបីនៅឥណ្ឌូចិន ជាពិសេសត្រូវប្រយុទ្ធប្រឆាំង នឹងកំហុសឆ្គងទាំងឡាយ ដែលបង្កឲ្យមានភាពល្អក់កករ ដល់ចំណងមេត្រីភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ រវាងកងទ័ព និងប្រជាជន នៃប្រទេសទាំងបី។

យ៉ាងណា ក៏មកទល់នឹងម៉ោងនេះ គេហទំព័រជាភាសាខ្មែរ របស់សារព័ត៌មាន«កងទ័ពប្រជាជន»មួយនេះ មិនទាន់ត្រូវបានបើក ឲ្យសាធារណជនទូទៅ ចូលទៅពិគ្រោះ ឬចូលទៅអាន បាននៅឡើយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...