សហភាពអ៊ឺរ៉ុបដំឡើងសំឡេង«ខ្លាំងៗ» ដាក់រដ្ឋាភិបាលកម្ពុជា
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២០ តុលា ២០១៧
- កែប្រែចុងក្រោយ: October 20, 2017
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
រដ្ឋាភិបាលលោក ហ៊ុន សែន អាចនឹងរងចំណាត់ការ ដ៏ជាក់លាក់មួយ ពីសហភាពអ៊ឺរ៉ុប ក្នុងពេលឆាប់ៗខាងមុខ។ ចំណាត់ការទាំងនោះ អាចមានត្រឹមដាក់ទណ្ឌកម្ម ចំពោះមន្ត្រីរដ្ឋាភិបាល ឬអាចឈានដល់ការលើកលែង ការអនុគ្រោះសម្រាប់ការនាំទំនិញកម្ពុជា ចូលសភាពអ៊ឺរ៉ុបតែម្ដង ប្រសិនណាជារដ្ឋាភិបាលកម្ពុជា បន្តប្រើប្រាស់វិធានការ រំលាយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេ នៅក្នុងប្រទេស។
នេះ ជាការថ្លែងឡើងរបស់អ្នកស្រី បារបារ៉ា ឡូសប៊ីល័រ (Barbara Lochbihler) សមាជិកសភាអ៊ឺរ៉ុប មកពីប្រទេសអាល្លឺម៉ង់ និងមានតំណែងក្នុងសហភាពអ៊ឺរ៉ុប ជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្ស - សមាជិករបស់គណៈកម្មការទទួលបន្ទុកកិច្ចការបរទេស និងជាសមាជិក គណៈប្រតិភូ ដើម្បីទំនាក់ទំនងជាមួយបណ្ដាប្រទេស នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
អ្នកស្រី បារបារ៉ា ឡូសប៊ីល័រ បានប្រាប់វិទ្យុសម្លេងសហរដ្ឋអាមេរិក នៅថ្ងៃនេះថា៖ «នៅប្រទេសកម្ពុជា ពួកគេអាចនិយាយបានថា ពួកគេមានការគាំទ្រ ពីប្រទេសចិន ហើយថារឿងអ្វី ត្រូវខ្វល់ពីសហភាពអឺរ៉ុប? ប៉ុន្តែប្រសិនបើអ្នកមើលឱ្យច្បាស់ អ្នកអាចមើលឃើញថា សហគមន៍អឺរ៉ុប គឺជាទីផ្សារនាំទំនិញចេញ ដ៏ធំ(ជាងគេ) របស់ប្រទេសកម្ពុជា។ ដូច្នេះខ្ញុំគិតថា ពួកគេត្រូវយកចំណុចនេះមកពិចារណា។»
សហភាពអ៊ឺរ៉ុប ជាលំហរទីផ្សារនាំចេញធំជាងគេបង្អស់ របស់កម្ពុជា ដោយបាននាំទំនិញចេញ ទៅកាន់ទីនោះ តាមរយៈកម្មវិធីអនុគ្រោះមួយរបស់សហភាពអ៊ឺរ៉ុប មានឈ្មោះថា "អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ" ជាមួយទឹកប្រាក់ដ៏មហាសាល ប្រមាណជា ៥ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០១៦កន្លងមក។
អ្នកស្រីបានលើកឡើង ពីទស្សនៈផ្ទាល់ខ្លួនថា៖ «ប្រសិនបើសហភាពអឺរ៉ុប អាចចាត់ការមួយជំហានទៀត ហើយដាក់ឱ្យចំគោលដៅចំពោះបុគ្គលមន្ត្រីរដ្ឋាភិបាលមួយចំនួននោះ ពេលនោះមន្ត្រីរដ្ឋាភិបាល និងអ្នកតំណាងរបស់កម្ពុជា នឹងកម្រើកខ្លួនខ្លាំងជាងមុន ចំពោះចំណាត់ការនេះ»។
មន្ត្រីរដ្ឋាភិបាលជាច្រើននាក់ តែងធ្វើដំណើរ ទៅបណ្តាប្រទេសនៅសហភាពអឺរ៉ុបជាញឹកញាប់ ជាពិសេសធ្វើដំណើរ ទៅកាន់ប្រទេសបារាំង ដើម្បីទៅសួរសុខទុក្ខក្រុមគ្រួសារ របស់ពួកគេនៅទីនោះ។
ស្ត្រីអ្នកនយោបាយអាល្លឺម៉ង់-អ៊ឺរ៉ុបរូបនេះ បាននិយាយថា អ្នកស្រីនឹងទទូចឱ្យសមាជិកសភាអ៊ឺរ៉ុបដទៃទៀត «ពិនិត្យមើលជម្រើស ក្នុងការស៊ើបអង្កេត ទៅលើកម្មវិធី "អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ" និងផលិតផលដទៃខ្លះទៀត សម្រាប់ការព្យួរសិទ្ធិ ដែលអាចប្រើប្រាស់បាន ក្រោមមាត្រា១៥ នៃប្រព័ន្ធអនុគ្រោះទូទៅ»។
ការថ្លែងរបស់មន្ត្រីជាន់ខ្ពស់អ៊ឺរ៉ុបរូបនេះ បានធ្វើឡើងតែមួយថ្ងៃ ក្រោយការព្រមានរបស់អ្នកស្រី អេននីកា ប៊ិន ដេវីដ (Annika Ben David) អគ្គរាជទូត ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ របស់ប្រទេសស៊ុយអ៊ែត ដែលលើកឡើងទៅកាន់ក្រុមអ្នកសារព័ត៌មានថា ប្រទេសស៊ុយអែតនឹងពិចារណាឡើងវិញ អំពីទំនាក់ទំនងជាមួយប្រទេសកម្ពុជា ប្រសិនណាជារដ្ឋាភិបាលលោក ហ៊ុន សែន រំលាយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេ និងមានអាសនៈនៅក្នុងរដ្ឋសភា បន្ទាប់ពីគណបក្សកាន់អំណាច។
តែការលើកឡើងទាំងប៉ុន្មានខាងលើ ត្រូវបានលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល និងជារដ្ឋលេខាធិការ ទីស្ដីការគណៈរដ្ឋមន្ត្រី ប្រកាសច្រានចោល និងមិនអាចទទួលយកបាន។ លោក ផៃ ស៊ីផាន បានចាត់ទុកទង្វើនេះ ជាការប្រមាថ និងជ្រៀតជ្រែកចូលកិច្ចការ ផ្ទៃក្នុង នៃរដ្ឋអធិបតេយ្យមួយ។
ចំពោះលោក អ៊ូ វីរៈ អ្នកវិភាគនយោបាយវិញ បានគិតថា បើមានចំណាត់ការទីមួយ និងមានចំណាត់ការទីពីរ ហើយប្រទេសលោកសេរីទាំងឡាយ នឹងមានចំណាត់ការនេះ ជាបន្តបន្ទាប់ ដោយគ្រាន់តែពួកគេប្រកាសជាសាធារណៈ ឬអត់ប៉ុណ្ណោះ៕
Other western countries will likely follow suit, whether they are saying publicly or not. https://t.co/Dvc16vYnh1
— Virak Ou (@ouvirak) 20 octobre 2017