កម្ពុជា៖ គណៈរដ្ឋមន្រ្តីពិភាក្សាផ្តោតសំខាន់ លើប្រព័ន្ធយុត្តិធម៌
បន្ទាប់ពីពិធីបុណ្យចូលឆ្នាំខ្មែរត្រូវបានបញ្ចប់ គណៈរដ្ឋមន្រ្តីកម្ពុជាបានផ្តើមកិច្ចជុំហើយ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៤នេះ ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន។ ហើយកិច្ចប្រជុំនេះ ត្រូវបានគេដឹងថា នឹងផ្តោតសំខាន់ទៅលើច្បាប់បីសំខាន់ ដើម្បីធានាដល់ការកែទម្រង់ប្រព័ន្ធតុលាការកម្ពុជា ដែលតែងត្រូវទទួលរងការរិះគន់ថាគ្នានភាពយុត្តិធម៌។
តើយុត្តិធម៌មានទេ បើមនុស្សជាអ្នកកាន់វា ក្នុងដៃយ៉ាងនេះ? (រូបថត Reuters/ Stéphane Mahé)
ច្បាប់ - រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ខៀវ កាញ្ញារិទ្ធ បានបង្ហើបឲ្យអ្នកសារព័ត៌មានដឹងថា កិច្ចប្រជុំគណៈរដ្ឋមន្រ្តី ដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តីហ៊ុន សែន នៅថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០១៤ នេះ នឹងពិភាក្សាលើបញ្ហាច្រើន តែផ្តោតសំខាន់ទៅលើការកែទម្រង់ប្រព័ន្ធតុលាការ។
«របៀបវារៈកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នឹងផ្តោតលើសេចក្តីព្រាងច្បាប់ ស្តីពីការរៀបចំអង្គការតុលាការ។ សេចក្តីព្រៀងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។ សេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈ នៃចៅក្រម និងព្រះរាជអាជ្ញា។ បញ្ហាផ្សេងៗដែលសំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី»។ នេះជាការបញ្ជាក់របស់លោក ផៃ ស៊ីផាន ជាមន្រ្តីអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តីកម្ពុជា លើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅដើមរដ្ឋាភិបាលអាណត្តិទី៥នេះ បានផ្តេជ្ញាកែទម្រង់ស៊ីជម្រៅ ស្ទើរគ្រប់វិស័យពិសេស ប្រព័ន្ធតុលាការ។ ការប្ដេជ្ញារបស់លោក ហ៊ុន សែន បានកើឡើង ក្រោយពីគណៈបក្សជំទាស់ ប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិ អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិបានរិះគន់ ច្រើនឆ្នាំមកហើយ លើប្រព័ន្ធយុត្តិធម៌កម្ពុជាថាគ្មានភាពឯករាជ្យ និងទាមទារឲ្យធ្វើកំណែទម្រង់ ដោយមានការសហការពីដៃគូពាក់ព័ន្ធ។
តែសម្រាប់មន្រ្តីអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តីកម្ពុជាលោក ផៃ ស៊ីផាន បានសង្កត់ធ្ងន់លើទំព័រហ្វេប៊ុករបស់ខ្លួន នៅថ្ងៃទី១៨ មេសា នេះថា៖ «តើមានច្បាប់ណាមួយ ដែលគណបក្សប្រឆាំងគាំទ្រ សូម្បីតែដាក់ខ្មែរក្រហម នៅក្រៅច្បាប់ ? ពហិការជាការងារស្នូលរបស់ក្រុមប្រឆាំង។»
កន្លងមកប្រធានអង្គការ ក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជាលោក សុខ សំអឿន បានលើកឡើងថា គេពិបាកជឿជាក់ និងនៅតែមានមន្ទិសង្ស័យ លើការប្ដេជ្ញាកែទម្រង់ប្រព័ន្ធយុត្តិធម៌របស់រដ្ឋាភិបាលកម្ពុជាណត្តិទី៥នៅឡើយ ព្រោះសមាសភាពសមាជិកក្រុមប្រឹក្សាអង្គចៅក្រម មានពីខាងក្រសួងរបស់រដ្ឋាភិបាលច្រើនជាងមុន ដែលអាចនាំឲ្យការលូកលាន់ផ្នែកនយោបាយ ទៅក្នុងប្រព័ន្ធយុត្តិធម៌។
លោក សុខ សំអឿន ពន្យល់ថា «ច្បាប់ស្តីពីឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម យ៉ាប់ជាងមុនទៀត។ ច្បាប់មុន សមាជិកនៃឧត្តមក្រុមប្រឹក្សាហ្នឹង ភាគច្រើនសុទ្ធតែចៅក្រម ព្រះរាជអាជ្ញា តែច្បាប់ក្រោយនេះ មានអ្នកនយោបាយ បើរាប់ទាំងរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ផង មាន៥នាក់ ខាងចៅក្រម៥នាក់។ បើនិយាយពីឥទ្ធិពលអ្នកនយោបាយ មានច្រើនជាងច្បាប់មុន៕»
-------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៨ មេសា ២០១៤