ស្ត្រីអ្នកយាមគុកលួចលែងអ្នកទោស រួចរត់ទៅតាមគ្នាបាត់!
- ដោយ: ឈូករ័ត្ន អត្ថបទ និងយកការណ៍៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី០៩ កុម្ភៈ ២០១៦
- កែប្រែចុងក្រោយ: February 10, 2016
- ប្រធានបទ: បទល្មើស
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នគរបាលក្រុង ហ្សូរីស (Zurich) ប្រទេសស្វីស បានចេញប្រកាស តាមស្វែងរកចាប់ខ្លួនមកវិញ នូវអ្នកទោសជាតិស៊ីរីមួយរូប ឈ្មោះ ហាសាន់ គីកូ (Hassan Kiko) អាយុ២៧ឆ្នាំ និងចាប់ខ្លួនស្ត្រីមួយរូបទៀត ឈ្មោះ អង់ជឺឡា ម៉ាឌីស៊ី (Angela Magdici) អាយុ៣២ឆ្នាំ ដែលជាបុគ្គលិក របស់ពន្ធនាគារ «Limmattal» នៅក្នុងក្រុង «Dietikon» ជាយក្រុង ហ្សូរីស។ នាង អង់ជឺឡា បានរងការចោទប្រកាន់ ថាបានលួចដោះលែងអ្នកទោស ជាតិស៊ីរីខាងលើ ដែលត្រូវបានអនុវត្តទោស ចំនួន៤ឆ្នាំ ក្នុងពន្ធនាគារ ពីបទចាប់រំលោភ និងបានរត់គេចខ្លួន ទៅជាមួយអ្នកទោសរូបនេះ កាលពីយប់ថ្ងៃចន្ទ ចូលមកថ្ងៃអង្គារ ដើមសប្ដាហ៍នេះ។
បេះដូងមនុស្ស...
បើតាមអាជ្ញាធរ បានលើកយកភស្តុតាងមួយចំនួន មកបញ្ជាក់ថា អ្នកទាំងពីរទំនងជាបានជិះរថយន្ដ ធុន «BMW» របស់នាង អង់ជឺឡា ចូលទៅដល់ទឹកដី នៃប្រទេសអ៊ីតាលីរួចទៅហើយ។ អ្នកនាំពាក្យការិយាល័យ គ្រប់គ្រងពន្ធនាគារស្វីស អ្នកស្រី «Rebecca de Silva» បានថ្លែងឲ្យដឹងថា៖ «វាពិតហើយ ថាបេះដូងរបស់មនុស្ស បានដើរតួយ៉ាងសំខាន់ នៅក្នុងរឿងនេះ។ រាល់ស្ត្រីអ្នកយាមគុក ត្រូវតែមានទំនាក់ទំនង ជាមួយអ្នកជាប់ឃុំទាំងអស់ និងត្រូវគ្រប់គ្រងចាត់ចែង ទៅលើពួកគេ។ ហើយភាពជិតដិត ក៏បានកើតឡើងដែរ នៅក្នុងចំណោមពួកគេខ្លះ ជាមួយនឹងអ្នកទោស។»
យ៉ាងណាក៏ដោយ ក៏រហូតមកដល់ពេលនេះ អាជ្ញាធរនៅមិនទាន់បានអះអាងទាំងស្រុង ថាអ្នកទាំងពីរ បានបង្កើតនូវទំនាក់ទំនងស្នេហា រវាងគ្នានោះនៅឡើយ។ ប៉ុន្តែការស៊ើបអង្កេតមួយ ត្រូវបានបើកធ្វើ ដើម្បីរកពន្លឺ នៃការលួចរត់គេច ចេញពីពន្ធនាគាររបៀបនេះ ជាពិសេសទៅលើកង្វះខាត នៃហេដ្ឋារចនាសម្ព័ន្ធ និងសម្ភារៈបំពាក់ នៅក្នុងពន្ធនាគារ ដែលទើបនឹងបំពាក់ និងដាក់ឲ្យប្រើប្រាស់ នៅឆ្នាំ២០១០នេះប៉ុណ្ណោះ ខណៈពន្ធនាគារ មានវ័យចំណាស់រាប់សិបឆ្នាំមកហើយ។
អ្នកស្រីអ្នកនាំពាក្យ បានបញ្ជាក់បន្តថា៖ «ការលួចរត់ចេញពីគុក របស់អ្នកជាប់ឃុំ បានកើតឡើងយ៉ាងកម្រជាទីបំផុត ពីពន្ធនាគារនេះ។ ក្នុងរយៈពេល១២ឆ្នាំចុងក្រោយ ករណីរត់ចេញពីគុក មានតែពីរដងគត់ នៅឆ្នាំ២០១០។ ករណីទីមួយ ជនជាប់ឃុំបានត្រឡប់ ចូលមកពន្ធនាគារវិញ បន្ទាប់ពីលួចចេញទៅ អស់រយៈពេលមួយសប្ដាហ៍។ រីឯករណីទី២ ជនជាប់ទោស ត្រូវបានរកឃើញ និងចាប់ខ្លួនមកវិញ នៅ១ខែក្រោយ។»៕