អតីតនាយករដ្ឋមន្ត្រីបារាំង ត្រឡប់មកធ្វើជារដ្ឋមន្ត្រីការបរទេស
- ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី១១ កុម្ភៈ ២០១៦
- កែប្រែចុងក្រោយ: February 12, 2016
- ប្រធានបទ: នយោបាយបារាំង
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅប្រទេសបារាំង ការលាឈប់ ឬការផ្លាស់ប្ដូរតំណែង នៅក្នុងជួររដ្ឋាភិបាល មិនមែនជារឿងចម្លែកនោះទេ។ គ្រាន់តែថា ជារឿងដ៏កម្រមួយ ដែលអតីតនាយករដ្ឋមន្ត្រី ចេញពីតំណែងមួយរូប បានត្រឡប់ចូល មកធ្វើជាសមាជិក ឲ្យរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីមួយរូប ដែលធ្លាប់ជារដ្ឋមន្ត្រីក្រោមបង្គាប់ខ្លួន។
បើតាមសេចក្ដីប្រកាស ចេញផ្សាយជាផ្លូវការ ដោយវិមានប្រធានាធិបតីបារាំង បានឲ្យដឹងថា លោក ហ្សង់ម៉ាក អារ៉ូល៍ (Jean-Marc Ayrault) ដែលជាអតីតនាយករដ្ឋមន្ត្រី រវាងពីឆ្នាំ២០១២ មកទល់នឹងឆ្នាំ២០១៤ បានត្រឡប់មកធ្វើជារដ្ឋមន្ត្រីការបរទេស នៅក្នុងរដ្ឋាភិបាលរបស់លោក ម៉ានុយអែល វ៉ាល់ (Manuel Valls) ដែលត្រូវបានរុះរើតំណែងជាថ្មី នៅក្នុងថ្ងៃព្រហស្បត្តិ៍ទី១១ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។ គេនៅចាំដែរថា លោក ម៉ានុយអែល វ៉ាល់ ធ្លាប់ជារដ្ឋមន្ត្រីមហាផ្ទៃ របស់រដ្ឋាភិបាលរបស់លោក ហ្សង់ម៉ាក អារ៉ូល៍ មុននឹងលោកក្លាយជានាយរដ្ឋមន្ត្រី រហូតមកដល់សព្វថ្ងៃ។
រីឯលោក ឡូរ៉ង់ ហ្វាប៊ីយូស (Laurent Fabius) វិញ ដែលបានកាន់តំណែង ជារដ្ឋមន្ត្រីការបរទេស តាំងពីឆ្នាំ២០១២ (កាលនោះ ស្ថិតក្នុងរដ្ឋាភិបាលរបស់លោក ហ្សង់ម៉ាក អារ៉ូល៍) រហូតមកទល់នឹងថ្ងៃពុធ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៦ ម្សិលម៉ិញ បានចេញទៅទទួលតំណែង ជាប្រធានក្រុមប្រឹក្សាធម្មនុញ្ញ តាមការតែងតាំងរបស់ប្រធានាធិបតី លោក ហ្វ្រង់ស៊័រ ហូឡង់ (François Hollande) ដោយទុកតំណែង ជាប្រមុខការទូតបារាំង ឲ្យទៅលោក ហ្សង់ម៉ាក អារ៉ូល៍ ដែលជាអតីតនាយករដ្ឋមន្ត្រីរបស់លោក។
អ្នកជិតដិត...
បន្ទាប់ពីចាកចេញ ពីប្រមុខរដ្ឋាភិបាលបារាំង នាឆ្នាំ២០១៤នោះមក លោក ហ្សង់ម៉ាក អារ៉ូល៍ អាយុ៦៦ឆ្នាំ មិនមានតំណែងអ្វីផ្សេង ក្រៅតែជាតំណាងរាស្ត្រ ប្រចាំឲ្យតំបន់ «Loire-Atlantique» ប៉ុណ្ណោះ។ នៅតំបន់នោះ ដែលលោកធ្លាប់ជាអភិបាលក្រុង ណង់ (Nantes) ដ៏ចាស់វស្សា អ្នកនយោបាយរបស់គណបក្សសង្គមនិយមបារាំងរូបនេះ នៅតែមានប្រជាប្រិយភាព ហើយនៅមិនទាន់មានគូប្រជែងនយោបាយណាផ្សេង អាចបំបាក់លោកបាននៅឡើយ។
លោក អារ៉ូល៍ ធ្លាប់ជាអ្នកជិតស្និត របស់លោកប្រធានាធិបតី ហ្វ្រង់ស៊័រ ហូឡង់ និងធ្លាប់បានហែហម លោក ហូឡង់ ជាប់រហូត នៅក្នុងរយៈពេលនៃការឃោសនាបោះឆ្នោត ជ្រើសរើសប្រធានាធិបតីបារាំង កាលពីឆ្នាំ២០១២។
គួរជម្រាបជូនដែរថា ការរុះរើគណៈរដ្ឋមន្ត្រីក្នុងឆ្នាំ២០១៦នេះ បានកត់សម្គាល់បន្ថែមទៀត តាមរយៈការបញ្ចូលមន្ត្រី របស់គណបក្សបរិស្ថាន និងគណបក្សឆ្វេងនិយមតឹង ដែលសុទ្ធសឹងជាគណបក្ស ប្រកាន់និន្នាការឆ្វេង (តែផ្សេងពីគណបក្សសង្គមនិយម ដែលមានសម្លេងភាគច្រើន នៅក្នុងរដ្ឋសភា) ឲ្យក្លាយជារដ្ឋមន្ត្រី រដ្ឋលេខាធិការ នៅក្នុងជួររដ្ឋាភិបាលថ្មី របស់លោក ម៉ានុយអែល វ៉ាល់៕