អតីតស្ត្រីទីមួយបារាំង ចេញសៀវភៅស្រាតខោ ប្រធានាធិបតី ហូឡង់
- ដោយ: សេក មនោរកុមារ ដោយ សេក មនោរកុមារ (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី០៤ កញ្ញា ២០១៤
- កែប្រែចុងក្រោយ: September 04, 2014
- ប្រធានបទ: បញ្ជីស្នេហ៍
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តើមានអ្វីខ្លះ ដែលលោកស្រី វ៉ាឡេរី ទ្រីីអើវ៉ៃល័រ (Valérie Trierweiler) អតីតស្ត្រីទីមួយ របស់ប្រទេសបារាំង បានសរសេរនៅក្នុងសៀវភៅ «អរគុណ សម្រាប់រយៈពេលនោះ» របស់លោកស្រី? សៀវភៅនេះ ត្រូវបានលោកស្រី ដែលមានអាជីព ជាអ្នកសារព័ត៌មានដ៏ល្បីឈ្មោះផងនោះ សរសេរឡើងយ៉ាងសម្ងាត់ មុននឹងយកទៅបោះពុម្ភនៅក្នុងប្រទេសអាល្លឺម៉ង់ ដើម្បីបញ្ជៀសនូវការបែកធ្លាយជាយថាហេតុណាមួយ នៅក្នុងប្រទេសបារាំង។ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមដកស្រង់នូវវគ្គសំខាន់ៗ មួយចំនួន ដែលត្រូវបានចារទុក បង្កជាបន្ទុះភ្នំភ្លើង ដើម្បីដុតកំឡោច ខោរបស់លោក ហ្វ្រង់ស៊័រ ហូឡង់ ប្រធានាធិបតីបារាំង ក្នុងសម័យកាលនេះ ឲ្យឆេះខ្លោចរោលជាផ្សែងឡើង។
ទោះជាលោក ហូឡង់ បានបែកចេញពីលោកស្រី សេហ្គូឡេន រ៉ូយ៉ាល់ (Ségolène Royal - គូរកំណាន់របស់លោក ហូឡង់ មុនលោកស្រី ទ្រីីអើវ៉ៃល័រ) អស់រយៈពេលជាច្រើនឆ្នាំមកហើយក៏ដោយ តែសម្រាប់ក្រសែភ្នែករបស់លោកស្រីអតីតស្ត្រីទីមួយបារាំង មិនអាចជៀសផុតពីការ«ប្រច័ណ្ឌ»ឡើយ ជាពិសេស នៅពេលដែលលោកស្រី បានឃើញលោក ហូឡង់ ឡើងទៅចាប់ដៃស្និតស្នាល ជាមួយនឹងលោកស្រី រ៉ូយ៉ាល់។ លោកស្រី ទ្រីអើវ៉ៃល័រ បានចាត់ទុកថា នោះជា«អារម្មណ៍ក្រៀមក្រំ» ដែលលោកស្រី«មិនអាចគ្រប់គ្រងខ្លួនឯងបាន»។ លោកស្រីសរសេរថា៖ «ខ្ញុំមិនអាចនៅឈរមើល ពួកគេទាំងពីរចាប់ដៃគ្នាយ៉ាងជិតស្និត នៅលើវេទិកាប្រជុំអញ្ចឹងទេ ... ខ្ញុំមានសភាព ដូចជាទន់ខ្លួនទាំងស្រុង នៅចំពោះមហិច្ឆតារួមបែបនេះ ជាពិសេសនៅពេលដែលខ្ញុំឃើញពួកគេទាំងពីរនាក់ នៅឈរជិតគ្នា»។
លោកស្រី ទ្រីអើវ៉ៃល័រ បានសរសេរថា ឥរិយាបទរបស់លោកប្រធានាធិបតី ហូឡង់ នៅវិមានប្រធានាធិបតី កាន់តែមានភាពតឹងតែងឡើង។ លោកស្រីបានរំលឹកមកវិញ នៅយប់មួយនៅមុនការទទួលអាហារផ្លូវរដ្ឋ ជាមួយនឹងភ្ញៀវអន្តរជាតិដ៏សំខាន់នោះ លោក ហូឡង់ បានសួរទៅលោកស្រីថា «តើអូនត្រូវការពេលវេលាច្រើនដល់ម្លឹង ដើម្បីតុបតែងខ្លួនឲ្យស្អាតបែបនេះឬ?»។ អតីតស្ត្រីកំណាន់រូបនេះ បានឆ្លើយទៅវិញថា៖ «ចាំ ត្រូវការបន្តិចបន្តួចដែរ»។ លោក ហូឡង់ បានពោលបន្តទៀតថា៖ «តែក្នុងពេលនេះ គ្មាននរណាចង់ឲ្យអូនឯង ធ្វើអ្វីនោះទេ»។
សម្រាប់អតីតស្ត្រីទីមួយបារាំង លោកប្រធានាធិបតីមិនមានកាយវិការ ឬសម្ដីរបស់លោក ជារបៀបលេងសើចនោះទេ។ លោកបានបញ្ចេញកាយវិការ និងសម្ដីសម្ដៅ យ៉ាង«ត្រជាក់» ហើយមិនសើចសូម្បីបន្តិច។ តែលោកស្រី ទ្រីអើវ៉ៃល័រ បានសរសេរក្នុងសៀវភៅថា៖ «ខ្ញុំត្រូវលើកតម្លៃរូបភាពឲ្យគាត់ តែខ្ញុំគ្មានតម្លៃសម្រាប់ខ្លួនឯងទេ»។
ប្រធានាធិបតីចេញពីគណបក្សសង្គមនិយមបារាំង និងប្រជាជនក្រីក្រ ...
លោកស្រី វ៉ាឡេរី ទ្រីអើវ៉ៃល័រ បានសរសេរក្នុងសៀវភៅនោះ រៀបរាប់ពីពេលបរិភោគអារហារឯកជនមួយ ដោយបរិហាពីប្រធានធិបតី ដែលចូលចិត្តអួតខ្លួន នៅក្នុងឆាកនយោបាយថា «ជាបុរសដែលស្អប់អ្នកមាន។ តែតាមការពិត ប្រធានាធិបតីរូបនេះ មិនចូលចិត្តអ្នកក្រឡើយ។ រដ្ឋបុរសដែលជាប់ឆ្នោត ចេញពីគណបក្សសង្គមនិយមរូបនេះ ធ្លាប់បាននិយាយជាឯកជន ហៅអ្នកក្រថា ជាក្រុមមនុស្ស"គ្មានចង្កូម (ឬមានន័យថា ជាមនុស្សល្ងង់ ក្នុងអក្សរសាស្ត្របារាំង)"។ គាត់មានមោទនភាព នឹងសម្ដីកំប្លែងរបស់គាត់ណាស់។»
បន្ថែមពីលើនេះ អតីតស្ត្រីទីមួយបារាំង បានសរសេររៀបរាប់យ៉ាងច្រើន ពីជម្រៅបេះដូងរបស់លោកស្រីដែលធ្លាប់មាន នៅពេលលោកស្រីបានរួមរស់ជាមួយលោក ហ្វ្រង់ស៊័រ ហូឡង់ ក្នុងនោះបានរៀបរាប់ពីភាពប្រច័ណ្ឌ និងជីវិតប្រចាំថ្ងៃជាច្រើនទៀត ដែលបានបង្កឲ្យមានផលរមាស់ ចូលទៅរំខានដល់ជម្រៅស្នេហ៍របស់អ្នកទាំងពីរ មុននឹងឈានទៅដល់ការលែងលះគ្នា កាលពីដើមឆ្នាំកន្លងមក។ លោកស្រី ទ្រីអើវ៉ៃល័រ បានសរសេរអះអាងបន្តថា បន្ទាប់ពីបានបែកបាក់គ្នារួចមក លោក ហូឡង់ បានព្យាយាមជួសជុល ផ្សះផ្សារចំណងបេះដូងឡើងវិញ។ លោកបានផ្ញើរសារ SMS ទៅក្នុងទូរស័ព្ទដៃរបស់លោកស្រី យ៉ាងច្រើនហូរហៀរ រហូតដល់ទៅ ២៩SMS ក្នុងមួយថ្ងៃ។
«សាររបស់គាត់ បាននិយាយពីសេចក្ដីស្នេហា។ គាត់បានសរសេរថា ខ្ញុំជាជីវិតទាំងមូលរបស់គាត់ ហើយថាគាត់មិនអាចធ្វើអ្វីបានទេ បើគ្មានខ្ញុំ។ (...) គាត់និយាយថា គាត់ត្រូវការខ្ញុំ។ ជារៀងរាល់រាត្រី គាត់ចង់សុំខ្ញុំមកទទួលទានបាយល្ងាចជាមួយគាត់។» នេះជាការដកស្រង់សំនេរ របស់លោកស្រី វ៉ាឡេរី ទ្រីអើវ៉ៃល័រ៕