បារាំង៖ បាតុកម្មប្រឆាំង «អាពាហ៍ពិពាហ៍សម្រាប់គ្រប់រូប»នៃអ្នកមានភេទដូចគ្នា
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: January 14, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បណ្ដាជនប្រមាណជា ៨០ម្ម៉ឺននាក់ (តួលេខផ្ដល់ដោយអ្នករៀបចំ) មកពីគ្រប់ទិសទីក្នុងប្រទេសបារាំង បានមកប្រជុំគ្នានៅកណ្ដាលទីក្រុងប៉ារីស ដើម្បីច្រានចោលនូវគម្រោងច្បាប់ដែលនឹងអនុញ្ញាតអោយ អ្នកស្រឡាញ់ភេទដូចគ្នាអាចរៀបការបាន។ ជាគម្រោងច្បាប់ដែល ប្រធានាធិបតីលោក ហ្វ្រង់ស៊័រ ហូឡង់ ធ្លាប់សន្យា ក្នុងពេលលោកធ្វើយុទ្ធនាការឃោសនារកសម្លេងឆ្នោត។ នៅចំពោះមុខការទាមទារនៃបាតុកម្មនេះ លោកប្រធានាធិបតិ និងរដ្ឋាភិបាល ទំនងជាមិនរាថយឡើយ។
អ្នកតំណាងរាស្ត្រ ឬអ្នកនយោបាយ... ឈរនៅជួរមុខនៃបាតុកម្ម ដែលបានប្រមូលផ្ដុំគ្នានៅលើសួនជាប់ទួរអេហ្វ៊ែល។
ពីក្នុងចំណោមហ្វូងបាតុករ គេលឺសម្រែកយ៉ាងទ្រហឹងអឺងកង យ៉ាងដូច្នេះថា «ហ្វ្រង់ស៊័រ ៗ ! ច្បាប់របស់អ្នក យើងមិនចង់ បានទេ»។
តាមការអោយដឹងរបស់ អ្នករៀបចំបាតុកម្មនេះ បណ្ដាជនប្រមាណជា ៨០ម្ម៉ឺននាក់ បានចុះដើរនៅតាមដងផ្លូវកាលពីថ្ងៃអាទិត្យទី១៣មករានេះ ក្នុងទីក្រុងប៉ារីស ដើម្បីប្រឆាំងនឹងគម្រោងច្បាប់ ដែលនឹងអនុញ្ញាតអោយអ្នកស្រឡាញ់ភេទដូចគ្នារៀបការ នៅចំពោះមុខច្បាប់។ ច្បាប់នោះមានឈ្មោះថា «អាពាហ៍ពីពាហ៍ សម្រាប់គ្រប់រូប»។ ក្បួនដែលបានរៀបចំ មកពីបួនកន្លែងផ្សេងគ្នា នឹងដើរកាត់តាមដងផ្លូវនានា ក្នុងរដ្ឋធានីនៃប្រទេសបារាំង ឆ្ពោះទៅកាន់វាលសួនច្បារមួយ ដែលលាតសន្ធឹងពីជើងទួរអេហ្វ៊ែល (Tour Eiffel) ឈ្មោះហៅថា ឆមឌឺម៉ាស (Champ-de-Mars)។
ពីខាងអាជ្ញាធរវិញ បានផ្ដល់តួរលេខ ថាមានបណ្ដាជនតែ៣៤ម្ម៉ឺននាក់ប៉ុណ្ណោះ ដែលបានមកចូលរួមក្នុង បុព្វហេតុទាម ទារនេះ។ ប៉ុន្តែទោះជាមានតួលេខខុសគ្នា យ៉ាងដូចម្ដេចក៏ដោយ ក៏វិមានប្រធានាធិបតីអេលីហ្សេ (Élysée) បានទទួលស្គាល់ថា សន្ទុះនៃការប្រឆាំងនឹងគម្រោងច្បាប់នេះ មានកម្លាំងខ្លាំង និងរឹងមាំជាងពេលធ្វើបាតុកម្ម ក្នុងបុព្វហេតុដូចគ្នានេះ កាលពីថ្ងៃ៧វិច្ឆិកាមុន។ ទីប្រឹក្សាម្នាក់ នៃវិមានប្រធានាធិបតីបាននិយាយថា បាតុកម្មនេះនឹងមិនអាចធ្វើអោយ«ផ្លាស់ប្ដូរ» នូវគោលបំណងរបស់រដ្ឋាភិបាល ដើម្បីស្នើអោយមានការជជែកវែកញែកមួយ នៅក្នុងរដ្ឋសភា ហើយឈានទៅអនុម័ត្រច្បាប់នេះនោះទេ។
អ្នកនាំពាក្យរដ្ឋាភិបាលបារាំង ដែលចេញពីគណបក្សសង្គមនិយម (ហៅកាត់ថា PS - មានចរន្តឆ្វេងនិយម) លោកស្រី ណាចាត វ៉ាឡូដ ប៊េលកាសេម (Najat Vallaud-Belkacem) បានសរសេរលើទំព័រទ្វីសធើររបស់លោកស្រីថា «រដ្ឋាភិបាល នឹងគោរពពាក្យសន្យារបស់ខ្លួន នៅចំពោះមុខប្រជាជនបារាំង»។ ក្នុងន័យនេះ ទំនងជាលោកស្រីចង់សំដៅទៅរក ពាក្យសន្យារបស់ប្រធានាធិបតីបារាំង លោកហ្វ្រង់ស៊័រ ហូឡង់ (François Hollande) ក្នុងអំឡុងពេលលោកធ្វើយុទ្ធនាការ ស្វែងរកសម្លេងឆ្នោតជ្រើសរើសប្រធានាធិបតីកាលពីប៉ុន្មានខែមុន។
ដោយឡែកលោកស្រីម៉ារីន ឡឺពេន (Marine Le Pen) ប្រធានគណបក្សរណសិរ្យជាតិបារាំង ដែលមាននិន្នាការស្ដាំនិយមជ្រុលនោះ បានបដិសេធមិនបានអំពាវនាវ អោយមកចូលរួមក្នុងបាតុកម្មនេះទេ។ លោកស្រីបានពន្យល់ថា «ដោយសារបាតុកម្មនេះ មានការស្វែងរកផលប្រយោជន៍នយោបាយ» ពីសំណាក់គណបក្សស្ដាំនិយម អ៊ុយអឹមប៉េ (UMP) ដែលមានលោក ហ្សង់ ហ្វ្រង់ស៊័រ កូប៉េ (Jean-François Copé) ជាប្រធាននោះ។
ខាងអ្នកគាំទ្រអោយមាន «អាពាហ៍ពីពាហ៍ សម្រាប់គ្រប់រូប»វិញ ជាពិសេសក្រុមអ្នកស្រឡាញ់ភេទដូចគ្នា នៅថ្ងៃអាទិត្យនេះបានព្យាយាមជួបជុំគ្នាដែរ តែត្រូវបានកម្លាំងមានសមត្ថកិច្ចបំបែក។ ពួកគេមានសង្ឃឹមយ៉ាងមុតមាំថា «ច្បាប់នេះនឹងត្រូវរដ្ឋសភាអនុម័ត្រ»។ សមាជិកម្នាក់ពីក្នុងចំណោមនោះបានថ្លែងថា «នៅពេលខ្ញុំលឺ សភាពហឹង្សាចេញពីក្រុមបាតុករប្រឆាំងនឹងយើងនៅថ្ងៃនេះ ខ្ញុំគ្រាន់តែមានអារម្មណ៍ថា គួរអោយសោកសៅណាស់ សម្រាប់ប្រទេសរបស់ខ្ញុំ។»
សូមបញ្ជាក់ថា អត្ថបទច្បាប់ដែលជាប់រឿងចម្រូងចម្រាស នឹងត្រូវរដ្ឋាភិបាលគ្រោងដាក់ទៅអោយរដ្ឋសភាជាតិពិនិត្យ នៅថ្ងៃ ២៩មករាខាងមុខ។
ក្រុមអ្នកប្រឆាំងនឹងគម្រោងច្បាប់នេះ សង្ឃឹមពីច្រកចេញមួយ ជាមួយរដ្ឋាភិបាល ហើយថាបាតុកម្ម ដែលពួកគេបានធ្វើ នៅថ្ងៃអាទិត្យនេះ វាជាឱកាសចុងក្រោយគេបង្អស់ សម្រាប់ពួកគេ ក្នុងការទាមទារអោយមាន នូវ«ស្ថាប័នរដ្ឋសម្រាប់គ្រួសារ»មួយ នៅមុនអត្ថបទច្បាប់នេះ ទៅដល់រដ្ឋសភាជាតិ។ នៅក្នុងពេលធ្វើបាតុកម្ម អ្នកនាំពាក្យរបស់ក្រុមបាតុករ និងក្រុមអ្នកប្រឆាំង បានប្ដេជ្ញាចិត្តថា នឹងរក្សាការដាក់គម្នាបទៅលើរដ្ឋាភិបាល រហូតដល់ទីបញ្ចប់។ តែមើលទៅ គេពិបាកនឹងជឿខ្លាំងណាស់ ថាពួកអ្នកប្រឆាំងទាំងនេះ នឹងទទួលបាន នូវអ្វីដែលពួកគេបានតវ៉ា៕
------------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ