យុទ្ធនាការស្វែង រក​យុត្តិធម៌​សំរាប់​លោក ម៉ម សូណង់ដូ

យុទ្ធនាការស្វែងរកការ គំាំទ្រពីសាធារណជន របស់មជ្ឈមណ្ឌលសិទ្ធិមនុស្ស កម្ពុជា ក្នុងគោលបំណងជំរុញ ឲ្យរដ្ឋាភិបាលធ្វើការ ដោះលែង លោក ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ។ រយៈពេល ១៨៦ថ្ងៃ ដែលលោក ម៉ម សូណង់ដូ ត្រូវបានឃុំក្នុងពន្ធនាគារ គិតត្រឹម ថ្ងៃចាប់ខ្លួនមកទល់នឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៣ នៃថ្ងៃធ្វើយុទ្ធនាការនេះ។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: January 16, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ភ្នំពេញ៖ យុទ្ធនាការស្វែងរកការ គំាំទ្រពីសាធារណជន របស់មជ្ឈមណ្ឌលសិទ្ធិមនុស្ស កម្ពុជា ក្នុងគោលបំណងជំរុញ ឲ្យ​រដ្ឋាភិបាលធ្វើការ ដោះលែង លោក ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ។ រយៈពេល ១៨៦ថ្ងៃ ដែលលោក ម៉ម សូណង់ដូ ត្រូវបានឃុំក្នុងពន្ធនាគារ គិតត្រឹម ថ្ងៃចាប់ខ្លួនមកទល់នឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៣ នៃថ្ងៃធ្វើយុទ្ធនាការនេះ។


រូបផ្សាយយុទ្ធនាការ រាប់ថ្ងៃជាប់ពន្ធនាគារ របស់លោកម៉ម សូណង់ដូ។ រូបថត MONOROOM.info/ O.Vary។

ប្រធានមជ្ឈមណ្ឌល សិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ បានចាត់ទុកថា ការចាប់ខ្លួនលោក ម៉ម សូណង់ដូ នេះធ្វើឡើងក្នុង​រឿងនយោបាយ «ដែលវាជារឿងអយុត្តិធម៌ មជ្ឈដ្ឋានទូទៅ មិនអាចទទួលយកបាន»។ លោក បញ្ជាប់ថា «...យើងបែរទិស ទៅរកការចូលរួម ពីប្រជាពលរដ្ឋដែលចង់បានយុត្តិធម៌ និងប្រជាធិបតេយ្យនៅក្នុងសង្គម...» ។ លោកប្រធានមជ្ឈមណ្ឌល​សិទ្ធិមនុស្សកម្ពុជា បន្តថា មេធាវីរបស់លោក ម៉ម សូណង់ដូ បានប្តឹងសារទុក្ខ ទៅតុលាការកំពូលហើយ តែមកដល់ពេល មិនទាន់បានកំណត់ពីថ្ងៃនៃការ បើកសវនាការនោះនៅឡើយទេ។

ចំពោះលោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យ ក៏យល់ដូចគ្នាដែរថា ការចោទប្រកាន់ លោក ម៉ម សូណង់ដូ ធ្វើឡើង​បែប «នយោបាយ ដោយប្រើតុលាការមិនឯករាជ្យ» ។ លោកបង្ហាញថា «ភស្តុតាងដែលគេចោទប្រកាន់ដូចជា ស្នាកាំបិត ពូថៅ ជាដើម អាចទៅធ្វើអបគមន៍ម៉េច! មនុស្សសមហេតុផល មិនបាច់ចេះដឹងច្រើនដូច ចៅក្រមទេ គឺគេអាច​វិនិច្ឆ័យ​បានថា … មិនមែនជា អាវុធដើម្បីយកទៅធ្វើអបគមន៍នោះទេ»

ទាក់ទង និងយុទ្ធនាការស្វែងរក ការគាំទ្រពីប្រជាពលរដ្ឋ និងអង្កការដៃគូរ លោក សួន ប៊ុនធឿន មន្ត្រីសម្របសម្រួល​គម្រោង អ្នកការពារ សិទ្ធិមនុស្ស បានលើកឡើងថា ការបើកយុទ្ធនាការនេះ ធ្វើការជ្រើសរើស កាតប៉ុស្តាល់ដែល​ស្អាត​ជាងគេ ចំនួនបីសន្លឹក ហើយកាតប៉ុស្តាល់ នោះ នឹងត្រូវបោះពុម្ភ ចំនួនមួយម៉ឺនសន្លឹក សំរាប់ចែកឲ្យពលរដ្ឋ ដើម្បីសរសេរ​ជាទស្សនៈផ្ទាល់ខ្លួន បន្ទាប់មក ផ្ញើទៅកាន់លោក ម៉ម សូណង់ដូ នៅក្នុងពន្ធនាគារ ។ សារទាំងនោះក៏ត្រូវបានអានផងដែរ ក្នុងកម្មវិធីវិទ្យុរបស់ មជ្ឈមណ្ឌលសិទ្ធិមនុស្ស កម្ពុជារាល់ថ្ងៃ។ លោកបន្តថា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នឹងដាក់តាំង​នូវផ្ទាំង បដាដែលហៅថា « ប្រតិទិនយុត្តិធម៌ » ក្នុងនោះរួមមានរូបលោក ម៉ម សូណង់ដូ អមដោយពាក្យថា «ដោះលែង លោក ម៉ម សូណង់ដូ» និងមានចំនួនថ្ងៃ រាប់ដេញឡើងជាបន្តបន្ទាប់ ជារាងរាល់ថ្ងៃ «រហូតដល់រូបគាត់ត្រូវបានគេ​ដោះលែង»

នៅក្នុងសន្និសិទកាសែតនោះ លោកស្រីឌិន ផាណារ៉ា ភរិយា លោក ម៉ម សូណង់ដូ ក៏បានបញ្ជាក់ថា រយៈពេលប្រាំមួយខែ​ក្នុងពន្ធនាគា ស្វាម៉ី លោកស្រី ដែលមានវ័យ៧១ឆ្នាំ មានសុខភាព កាន់តែទន់ខ្សោយ និងមានជំងឺប្រចាំកាយ ជាច្រើន ដូច​ជាជំងឺឈឺភ្នែក តឹងច្រមុះ ឈឺក្រពះ ឈឺធ្មេញ...។ លោកស្រីបានបន្តថា ប្រធានពន្ធនាគារ បានដាក់ពាក្យស្នើរសុំទៅ​ថ្នាក់​លើហើយ ពីបញ្ហាសុខភាពនេះ តែជាងពីរសប្តាហ៍ហើយ ពុំមានការឆ្លើយតបអ្វីទេ។

ទាក់ទងនឹងករណីនេះ មន្រ្តីរដ្ឋាភិបាល បានអះអាងរួចហើយថា «នៅកម្ពុជាមិនមានអ្នកទោសនយោបាយទេ មានតែអ្នក​នយោបាយ ជាប់ទោសដោយ សារប្រ ព្រិត្តបទល្មើស» ។ ឯការចាប់ខ្លួន លោក ម៉ម សូណង់ដូ ជានីតិវិធី និងជាអំណាច​របស់តុលាការ ៕

---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី១៦ មករា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...