បទយកការណ៍៖ សវនាការជនទាំង២៣ ក្រោមការព្រមាននិងការរិតត្បិត
- ដោយ: លោក គិន ដោយ គិន ង៉ុយ (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២០ ឧសភា ២០១៤
- កែប្រែចុងក្រោយ: May 21, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រោយពីសវនាការមានការរិតត្បិត ក្នុងការសួរ និងផ្តល់ចម្លើយ កាលពីថ្ងៃកន្លងមក សាលាដំបូងរាជធានីភ្នំពេញ បានបន្តបើកសវនាការករណី ជនជាប់ឃុំ ២៣នាក់ នៅក្នុងហេតុការណ៍ប៉ះទង្គិចគ្នា រវាងកម្មករនិងសមត្ថកិច្ច នៅមុខរោងចក្រយ៉ាកជីង និងសួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវ៉េងស្រេង ដែលបានបែងចែកចេញជាពីរបន្ទប់ នៅថ្ងៃនេះបន្តទៀត។ បទយកការណ៍ខាងក្រោមនេះ ជាភាពលំអិតមួយចំនួន ស្ដីពីសសវនាកាកាត់ទោស ទៅលើជនទាំង២៣នាក់ ដែលបើទោះខ្លួននៅមិនទាន់តុលាការសម្រេចថា មានទោសនោះក៏ដោយ តែបានជាប់ទោសក្នុងពន្ធនាគារ ជិត៥ខែមកហើយ។
អាគារសាលាដំបូងរាជធានីភ្នំពេញ ក្នុងទីតាំងថ្មី។ (រូបថត ឯកសារ)
ប្រព័ន្ធយុត្តិធម៌ - ក្រោយពីសវនាការអស់រយៈពេល៧ម៉ោង លោកចៅក្រមជម្រះ លោក កែវ មុន្នី បានប្រកាសថា សវនការនេះ នឹងបន្តសួរដេញដោលនៅថ្ងៃនេះ ម៉ោង ៨ ព្រឹកដោយសារតែបញ្ហាពេលវេលា។
នៅក្នុងបន្ទប់សវនាការទីមួយ ជំនុំជម្រះលើករណីជនជាប់ចោទចំនួន ១០នាក់ ដែលចាប់ខ្លួននៅមុខរោងចក្រយ៉ាកជីង ត្រូវបានព្រះរាជអាជ្ញា និង មេធាវីជនសង្ស័យបានជជែកគ្នាយ៉ាងតឹងសសៃរក បន្ទាប់ពីក្រឡាបញ្ជីរបានអានវត្តមានសាក្សី ប៉ុន្តែអវត្តមានរបស់សាក្សីដាក់បន្ទុក ដែលជាមន្ត្រីសមត្ថកិច្ច ដែលមេធាវីជនសង្ស័យទាមទារមិនឲ្យអានចម្លើយ និងពិចារណានៅក្នុងដំណាក់កាលចៅក្រមស៊ើបសួរ។
នៅក្នុងបន្ទប់សវការទីមួយនោះ ដែលបានកំពុងដំណើរការសាកសួរជនជាប់ចោទមួយរូបមុនគេ ឈ្មោះ សុគន្ធ សម្បត្តិពិសិដ្ឋ អាយុ ៣១ឆ្នាំ ដែលជាមន្ត្រីចងក្រងនៃអង្គការក្លារីនេះ ត្រូវបានចំណាយពេលមួយព្រឹក ហើយត្រូវបានលោក ចៅក្រម លោក កែវ មុន្នី បានព្រមាន ទៅលើយុវជនរូបនោះថា នឹងមិនបន្តសួរដេញដោលទៀតទេប្រសិនបើចម្លើយឆ្លើយមកអសុរស។ លោកចៅក្រម បាននិយាយព្រមានថា ៖«ខ្ញុំស្នើឲ្យជនជាប់ចោទសម្រួលអារម្មណ៍ ជៀសវាងការឆ្លើយទាំងអារម្មណ៍ក្រេវក្រោធ នៅក្នុងសវនការ បើមិនដូច្នេះទេខ្ញុំនឹងបញ្ចប់ការសួរដេញដោល»។
លោក សុគន្ធ សម្បត្តិពិសិទ្ធិ បាននិយាយខ្លាំងៗ ទាំងអារម្មណ៍ខឹងសម្បានៅក្នុងអង្គសវនាការថា លោកត្រូវបានកម្លាំងសមត្ថកិច្ចទាហានបានចាប់វាយពីក្នុងរោងចក្រយ៉ាកជីង រហូតទៅដល់កន្លែងកត់កំណត់ហេតុ ហើយប្រសិនបើពុំមានមន្ត្រីប៉េអឹមហាមទេនោះ លោកប្រហែលជាស្លាប់បាត់ទៅហើយ។ លោកបានថ្លែងឲ្យដឹងថា ៖ «នៅពេលខ្ញុំត្រូវសមត្ថកិច្ចចាប់វាយដុំយើងដូចឆ្កែ អូសចេញពីរោងចក្រយ៉ាកជីងនោះ ទៅដល់មានទាហានហ្នឹងធំក្លិនស្រា ហើយមើលមុខដូចចង់ស៊ីសាច់មនុស្ស ខ្ញុំគិតខ្លួនឯងថាប្រហែលជាអូសទៅឲ្យក្រពើស៊ីហើយ»។
លោកតាដំបងគ្រញូង ...
ចំណែកឯលោក លោក ចាន់ ពុទ្ធិស័ក្តិ សកម្មជាដីធ្លីបឹងកក់ បានថ្លែងឲ្យដឹងថា លោកស្រេកឃ្លាននូវយុត្តិធម៌ ពីព្រោះកំលាំងទាហាន៩១១វាយលោក ហើយបែរជាចាប់ពួកលោកជាជនរងគ្រោះ យកទៅដាក់ចោលនៅឯងត្រពាំងផ្លុង។ នៅថ្ងៃកើតហេតុនោះ នៅពេលលោកកំពុងនិយាយទៅកម្មករកុំប្រើហឹង្សា ស្រាប់តែលោកដើរត្រូវបានកំលាំងទាហាន ប្រមាណ១០នាក់ មកចាប់វាយលោកតែម្តង។ លោកបានថ្លែងថា៖ «ខ្ញុំស្បថខ្ញុំនិយាយពាក្យពិត ដើម្បីរកយុត្តិធម៌ដល់រូបខ្ញុំ ទាហានជាអ្នកវាយខ្ញុំ ខ្ញុំសុំឲ្យអ្នកតាដំបងក្រញូងវាយខ្ញុំបំបាក់កខ្ញុំ បើខ្ញុំនិយាយមិនពិត ប៉ុន្តែប្រសិនតុលាការកាត់ទោសមិនយុត្តិធម៌ ខ្ញុំសុំឲ្យអ្នកតាដំបងក្រញូងវាយកំបាក់កដូចខ្ញុំ»។
មិនខុសគ្នាប៉ុន្មាន លោក ថេង សាវឿន មន្ត្រីសម្របសម្រួលសហព័ន្ធសហគមន៍កសិករកម្ពុជា ដែលត្រូវបានរងរបួសដោយការបង្ក្រាបរបស់កំលាំងទាហានឆ័ត្រយោង បានថ្លែងនៅក្នុងសវនាការថា នៅក្នុងថ្ងៃនោះ លោកគ្រាន់តែទៅថតរូបប៉ុណ្ណោះ ហើយក្រោយពេលដែលលោកឃើញសមត្ថកិច្ច វាយលោក វ៉ន ពៅ លោកក៏បានលុតជង្គង់អង្វរកគេកុំឲ្យវាយ បែរជាត្រូវគេចាប់ខ្លួនទៅវិញ។ លោកបានថ្លែងថា៖ «ខ្ញុំឃើញសមត្ថកិច្ចជាច្រើនអ្នកវាយបងពៅ។ ខ្ញុំឈប់ថត ហើយលុតជង្គង់អង្វរទាហានទាំងនោះ ស្រាប់តែមកវាយខ្ញុំ នឹងចាប់ខ្លួនខ្ញុំតែម្តង»។
ទាហានបាញ់ជំពាមកៅស៊ូ ...
លោកបានថ្លែងថា ចាប់តាំងពីថ្ងៃចាប់ខ្លួនរហូតមកដល់ថ្ងៃនេះ ខាងទាហានពុំបានប្រាប់លោកថា តើលោកត្រូវចាប់ខ្លួនដោយសាររឿងអីនោះទេ ហើយនៅថ្ងៃនោះ លោកបានឃើញពួកទាហានរត់វាយមនុស្សមិនរើសមុខ ហើយខ្លះបានបាញ់ជំពាមកៅស៊ូទៀតផង។
ចំនែកឯលោក វ៉ន ពៅ ជាអ្នកដែលត្រូវបានសួរប្រមាណជា ៣០ នាទីចុងក្រោយគេ ហើយបានផ្អាកបន្តនៅថ្ងៃនេះទៀត បានថ្លែងឲ្យដឹងថា នៅក្នុងថ្ងៃនោះ លោកគ្រាន់តែឃ្លាំមើលកម្មករធ្វើការទាមទារ ១៦០ដុល្លារប៉ុណ្ណោះ ហើយលោកក៏បានស្រែកតាមឃោសនស័ព្ទ អង្វរកទាំងសមត្ថកិច្ច និងកម្មករ កុំឲ្យប្រើហឹង្សាលើខ្មែរគ្នាឯង។ លោកបានថ្លែងឲ្យដឹងទៀតថា៖ «ខ្ញុំគ្រាន់តែអង្វរកគេ កុំប្រើហឹង្សាឲ្យសោះ បែរជាប្រើហឹង្សាវាយមកលើខ្ញុំស្ទើរបាត់បង់ជីវិត។ អ្នកវាយដំពួកខ្ញុំបែរក្លាយជាអ្នកប្តឹងខ្ញុំ ពីបទញុះញង់ និងប្រើហឹង្សាទៅវិញ។ ខ្ញុំអង្វរកទៅបងៗទាហានឆ័ត្រយោង ឈប់ប្រើហឹង្សារវាយលើពលរដ្ឋខ្មែរទៀត។»។
កុំសួរសំនួរដឹកមុខ ....
នៅខណៈ ដែលមេធាវីការពារក្តីឲ្យជនសង្ស័យ ទាមទារបង្ហាញភស្តុតាង ដូចជាបង្ហាញរូបភាព វីដេអូក្លីប រឺក៏និយាយទាក់ទិនទៅនឹងកំលាំងសមត្ថកិច្ច វាយមកលើកម្មករត្រូវបានលោកព្រះរាជអាជ្ញា លី សុផាណ្ណា បានកាត់នឹងសំណូរ ដោយមិនអនុញ្ញាតិឲ្យសួរសំណូរដឹកមុខ បើទោះបីជាមេធាវីព្យាយាមសួរសំណួរមិនដឹកមុខក៏ដោយ។ លោកបានថ្លែងថា៖ «ភស្តុតាងអាចបង្ហាញនៅពេលសន្និដ្ឋាន ហើយកុំសួរសំណួរដដែលៗ រឺដឹកមុខ ដើម្បីកុំឲ្យខាតពេលវេលា»។
លោក មេធាវី សំ សុគង់ ការពារក្តីឲ្យជនសង្ស័យបានថ្លែងឲ្យដឹងថា អ្វីដែលលោកសួរ និងចង់សុំបង្ហាញរូបភាព ព្រមទាំងវីដេអូក្លីប គឺលោកគ្រាន់តែចង់ដឹងអ្នកណាជាអ្នកបង្ករអំពើរហឹង្សារតែប៉ុណ្ណោះ។ លោកបានថ្លែងថា៖ «ការដែលដាក់កំហិតឲ្យសួរនោះ គឺវាប៉ះពាល់សិទ្ធិរបស់ជនជាប់ចោទ»។
លោក អំ សំអាត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់អង្គការការពារសិទ្ធិមនុស្សលីកាដូ ដែលបានតាមដានសវនាការបានថ្លែងឲ្យដឹងថា ការដំណើរការសវនាការនៅថ្ងៃនេះគឺនិតិវិធីដំណើរការ ប៉ុន្តែអ្វីដែលចម្លែកនោះទាក់ទងសិទ្ធិសេរីភាព របស់ជនជាប់ចោទនិងមេធាវីហាក់ដូចជាកំរិតសិទ្ធិ ពីព្រោះនៅពេលណាដែលជនជាប់ចោទ រឺក៏មេធាវីសួររឺឆ្លើយទាក់ទិនទៅនឹងហឹង្សារ ដែលទាក់ទងសមត្ថកិច្ចត្រូវបានព្រះរាជអាជ្ញាបត់បែន និងមិនឲ្យសួរ ដោយលើកថាមិនទាក់ទងនិងអង្គហេតុ តែបើមិនទាក់ទងនឹងទាហាន៩១១ទេ ក៏អ្នកទាំងអស់គ្នានោះជាប់ពន្ធនាគារដែរ។ លោកបានថ្លែងឲ្យដឹងថា ៖ «យើងសោកស្តាយចំពោះការព្រមានរបស់ចៅក្រម និងការហាមសួររបស់ព្រះរាជអាជ្ញា ដែលអាចធ្វើឲ្យប៉ះពាល់ដល់យុត្តិធម៌ សម្រាប់ជនជាប់ចោទ»។
ក្រុមសន្តិសុខ រងរបួសម្ដង ...
នៅឯខាងក្រៅរបងតុលាការវិញ នៅខាងពហុកីឡាដ្ឋានអូឡាំពិក កងសន្តិសុខប្រមាណជា៤០០នាក់ ប្រដាប់ដោយដំបងឆក់ យាមកាមនៅទីនោះ ដោយបានដាក់ពង្រាយនៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ តាមបណ្តោយផ្លូវព្រះមុន្នីរ៉េត ត្រង់ស្តុបអាងទឹក និង ស្តុបវត្តព្រះពុទ្ធ ដោយមានរបាំង អមដោយរថយន្តពន្លត់អគ្គិភ័យ (ចាំបាញ់ទឹក) ចំនួនបីគ្រឿង។ ហើយនៅក្នុងការរារាំងនោះ កងកម្លាំងសន្តិសុខខណ្ឌនៅរាជធានីភ្នំពេញ៤នាក់ បានរងរបួសក្នុងហេតុការណ៍ ប៉ះទង្គិចជាមួយប្រជាពលរដ្ឋ ដែលតវ៉ាទាមទារឲ្យដោះលែងអ្នកទាំង២៣ ដោយសារកងកម្លាំងសន្តិសុខចម្រុះមកពីខណ្ឌចំនួន៣ គឺខណ្ឌ៧មករា ដូនពេញ និងចំការមន បានព្យាយាមហាមព្រះសង្ឃ និងប្រជាពលរដ្ឋមិនឲ្យចូលតវ៉ា ក្នុងការទាមទារដោះលែងអ្នកទាំង២៣។
លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងជនជាប់ចោទទាំង ២២នាក់ ត្រូវបានអាជ្ញាធរចាប់ខ្លួនក្នុងហេតុការណ៍ប៉ះទង្គិចរវាងកម្មករ និងសមត្ថកិច្ច កាលពីថ្ងៃទី០២ និងទី០៣ ខែមករា នៅមុខរោងចក្រយ៉ាកជីង និងសួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវ៉េងស្រេង នៅពេលដែលកម្មករធ្វើបាតុកម្មទាមទារ ដំឡើងប្រាក់ឈ្នួលកម្មករ ១៦០ដុល្លារក្នុងមួយខែ។ អ្នកទាំងអស់ត្រូវបានចោទប្រកាន់ពីបទញុះញង់ ឲ្យប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម៕