បណ្ឌិតឡៅ ម៉ុងហៃ៖ កម្ពុជាមិនពូកែខាងពន្យល់ តែនិយមតែការបង្រ្កាប
- ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ២០ ឧសភា ២០១៤
- កែប្រែចុងក្រោយ: May 21, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«ឥលូវនេះ គេនិយមតែការបង្រ្កាបអញ្ចឹង មិនពូកែខាងពន្យល់ទេ!» នេះជាការយល់ឃើញ របស់លោកបណ្ឌិត ឡៅ ម៉ុងហៃ បង្ហាញពីការកត់សម្គាល់របស់លោក ក្នុងពេលកន្លងមក ដែលតែងតែមានការបង្រ្កាប ទៅលើប្រជាពលរដ្ឋ ពេលមានការជួបជុំសម្តែងមតិម្ដងៗ។
ក្រុមសន្តិសុខបិទមុខ ត្រូវបានយកមកពង្រាយ នៅក្បែរទីលានប្រជាធិបតេយ្យ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ C. Nita)
ការបង្រាប - លោក ឡៅ ម៉ុងហៃ អ្នកឃ្លាំងមើលស្ថានការ និងវិភាគសង្គម-នយោបាយឯករាជ្យ បានរិះគន់ទៅលើក្រុមសមត្ថកិច្ចចម្រុះ ដែលមានតួនាទីរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមថា មិនបានប្រើមូលហេតុសមរម្យ និងសមហេតុផលពន្យល់ ប្រាប់ដល់ក្រុមអ្នកតវ៉ានោះទេ។ ផ្ទុយទៅវិញ ក្រុមអាជ្ញាធរទាំងនោះ មិនមានឆន្ទះនឹងការដោះស្រាយដោយសន្តិវិធី តែគិតតែរកវិធីក្នុងការបង្រ្កាប។
ការថ្លែងខាងលើ បានធ្វើឡើងបន្ទាប់ពីអ្នកវិភាគឯករាជ្យល្បីឈ្មោះរូបនេះ បានទៅមើលស្ថានភាពផ្ទាល់ នៅក្រៅរបងសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែឧសភានេះ ជាពិសេសនៅពេលកំពុងមានការប៉ះទង្គិចគ្នា រវាងក្រុមសមត្ថកិច្ចចម្រុះ ជាមួយប្រជាពលរដ្ឋ។
ការប្រើប្រាស់កម្លាំងបង្រ្កាបលើប្រជាពលរដ្ឋ ពីសំណាក់កងកម្លាំងអាជ្ញាធរ អ្នកវិភាគបញ្ហាសង្គមរូបនេះ ពន្យល់ថា៖ «មានន័យថា ខ្លួនឯងហ្នឹងអត់មានការទុកចិត្តលើខ្លួនឯង ឬក៏អត់មានមូលហេតុអ្វីត្រឹមត្រូវ ដើម្បីពន្យល់ឱ្យយល់ ឱ្យស្របតាម ហើយមានការស្ងៀមស្ងាត់ ទុកឱ្យតុលាការធ្វើការកាត់ក្តី។ ហើយមួយវិញ ឆ្លុះបញ្ចាំងថាតុលាការខ្លួនឯង ធ្វើឱ្យប្រជាពលរដ្ឋមិនទុកចិត្ត។»
ខណៈពេល ដែលតុលាការកំពុងបើកសវនាកាទៅលើជនជាប់ចោទ២៣ ក្រុមអ្នកតវ៉ាបានប៉ះទង្គិចគ្នា ជាក្រុមសមត្ថកិច្ចចម្រុះ ក្នុងពេលហាមឃាត់មិនឱ្យចូល ទៅក្នុងរបងហាមឃាត់។ ក្នុងការប៉ះគ្នានេះដែរ បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់៦នាក់ បានរងរបួស ទាំងខាងក្រុមសន្តិសុខ និងប្រជាពលរដ្ឋរួមទាំងព្រះសង្ឃ។
ចំណែកក្រុមអ្នកគាំទ្រ ដែលរួមមានប្រជាពលរដ្ឋមកពីបឹងកក់ និងមជ្ឈដ្ឋានមួយចំនួនទៀត បាននាំគ្នាធ្វើពិធីបន់ស្រន់ តាមបែបព្រហ្មញ្ញសាសនា ដោយមានរៀបចំជាបាយសី កញ្ច្រែងមានដាក់ផ្កាជាច្រើនគូរ និងមាន់ងាប់មួយគូរ ដាក់តំរៀនៅមុខសាលាដំបូងរាជធានីភ្នំពេញ ដើម្បីឲ្យវត្ថុស័ក្កិសិទ្ធិជួយបន្ទន់ចិត្តឱ្យតុលាការ និងបន់ស្រន់សុំឱ្យតុលាការជំនុំជម្រះដោយឯករាជ្យ និងដោះលែងជនជាប់ចោទទាំង២៣នាក់ដោយគ្មានលក្ខខណ្ឌ។ ក្រុមអ្នកគាំទ្រខ្លះបានស្លៀកក្បិន សៀតផ្កាចំប៉ីនៅត្រចៀក ដែលមានចងក្រណាត់ក្រមមនៅលើក្បាល សរសេរអក្សរដោះលែង២៣នាក់ ឬដាក់រូបជញ្ជីងយុត្តិធម៌ ដើម្បីធ្វើយ៉ាងណាទាមទារឲ្យតុលាការផ្តល់ភាពយុត្តិធម៌ ដល់ជនត្រូវចោទទាំងនោះ៕