បក្សប្រជាជន និងបក្សសង្រ្គោះជាតិ ត្រៀមការជួបចរចាជាថ្មី?
- ដោយ: អ៊ុំ បូរី ដោយ អ៊ំ បូរី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២០ ឧសភា ២០១៤
- កែប្រែចុងក្រោយ: May 21, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បន្ទាប់ពីអាក់ខានមួយរយៈមកនោះ គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ ទំនងជាផ្តើមចរចានយោបាយជាមួយគ្នាជាថ្មី ក្នុងពេលដ៏ខ្លីខាងមុខនេះ ព្រោះមន្រ្តីជាន់ខ្ពស់របស់គណបក្សទាំងពីរ បានព្រលយឲ្យដឹងដូចគ្នាថា ពួកគេពិតជាមានឆន្ទៈពិតប្រាកដ ក្នុងការចរចាដើម្បីបញ្ចប់ជម្លោះនយោបាយឲ្យបានឆាប់។
លោក សម រង្ស៊ី (ខាងឆ្វេង) និងលោក ហ៊ុន សែន ចាប់ដៃគ្នានៅមន្ទីរដ្ឋសភាជាតិ ថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)
នយោបាយ - មន្រ្តីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជាលោក ស ខេង បានបង្ហើបប្រាប់ក្រុមអ្នកសារព័ត៌មាន នៅមន្ទីររដ្ឋសភាជាតិ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៤ នេះថា គណបក្សប្រជាជនកម្ពុជា មិនមានហេតុផលបោះបង់ការចរចា ជាមួយគណបក្សសង្រ្គោះជាតិនោះទេ។
លោកស ខេង ពន្យល់ថា៖ «ខ្ញុំដឹងតាមសារព័ត៌មានទេ មិនទាន់មានអីជាជាក់លាក់ កំណត់ថា ពេលណា អីពេលណាទេ។ ប៉ុន្តែជាជំហររបស់គណបក្សប្រជាជន អត់មានអីប្រែប្រួលទេ។ ជានិច្ចជាកាល ហូរហែមក តែងតែបើកចំហរ និងជជែកពិភាក្សា ប្រកបដោយការទទួលខុសត្រូវ ជាពិសេសទទួលខុសត្រូវ ទៅលើជោគវាសនាប្រទេសជាតិ ហើយក៏ដូចជាម្ចាស់ឆ្នោត។»
ការព្រលយឲ្យដឹង ពីគោលជំហរចរចាដោយមន្រ្តីជាន់ខ្ពស់របស់គណបក្សប្រជាជនរូបនេះ បានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយការបង្កើបឲ្យដឹងពីចេតនាផ្តើមចរចាឡើងវិញ ពីសំណាក់លោកសម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ។
លោកសម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅទីស្នាក់ការកណ្តាលគណបក្ស ថ្ងៃទី១៨ ខែឧសភាថា៖ «ដើម្បី ដំណោះស្រាយភាពទាល់ច្រកនយោបាយ យើងនឹងចាត់គណៈប្រតិភូយើង តំណាងយើងតាមបែបបទសមរម្យ មានទំនាក់ទំនងជាមួយគណបក្សមួយទៀត ដើម្បីរកដំណោះស្រាយមួយឲ្យបានយុត្តិធម៌ ស្របតាមឆន្ទៈប្រជារាស្រ្ត។»
ការបង្ហើបឲ្យដឹងពីចេតនាផ្តើមចរចាឡើងវិញ រវាងគណបក្សសង្រ្គោះជាតិ និងគណបក្សប្រជាជនកម្ពុជា ដោយមិនបានកំណត់កាលបរិច្ឆេទច្បាស់លាស់ ត្រូវបានលោក គល់ បញ្ញា នាយកប្រតិបត្តិ គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា អត្ថាធិប្បាយប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូនៅថ្ងៃទី២០ ខែឧសភា នេះថា៖ «គណបក្សទាំងពីរ អាចជជែកគ្នាបន្ត។ (...) ហើយពួកគេអាចរកដំណោះស្រាយផ្សេងទៀត ទាំងការកែទម្រង់ការបោះឆ្នោត និងបញ្ហានយោបាយ៕»