យន្ដហោះម៉ាឡេស៊ីបាត់ខ្លួន ត្រូវបានកងទ័ពអាមេរិកច្រឡំបាញ់ធ្លាក់?
- ដោយ: សេក មនោរកុមារ ដោយ សេក មនោរកុមារ (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី២០ ឧសភា ២០១៤
- កែប្រែចុងក្រោយ: May 21, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អ្នកនិពន្ធនិងជាអ្នកការសែតជាតិ អូស្ត្រាលី មួយរូប បានសរសេរចេញជាស្នាដៃ នៅក្នុងសៀវភៅមួយរបស់លោក មានចំណងជើងថា «យន្ដហោះ MH370៖ អាថ៌កំបាំង» ដែលរៀបរាប់យ៉ាងក្បោះក្បាយ ពីការបាត់ខ្លួនរបស់យន្ដហោះ និងបានលើកឡើងពីករណីការច្រឡំ បាញ់យន្ដហោះឲ្យធ្លាក់ របស់កងទ័ពជើងទឹករបស់អាមេរិក។
យន្ដហោះប៊ូអ៊ីង ៧៧៧ របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ។ (រូបថតក្រុមហ៊ុន)
បាត់យន្ដហោះ - ជាង៧០ថ្ងៃកន្លងទៅ បន្ទាប់ពីការបាត់ខ្លួនយ៉ាងចម្លែក នៃយន្ដហោះប៊ូអីង ៧៧៧ របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែឡាញ ស្នាដៃសៀវភៅដំបូងគេមួយ ទាក់ទងនឹងប្រធានបទនេះ ត្រូវបានបោះពុម្ភចេញផ្សាយ កាលពីថ្ងៃចន្ទទី១៩ ខែឧសភាកន្លងមកនេះ ប៉ុន្តែបានធ្វើឲ្យផ្ទុះនូវការភ្ញាក់ផ្អើលមួយឡើង។
តាមពិត លោក នីជេល ខាវថន (Nigel Cawthorne) ដែលជាអ្នកសារព័ត៌មាន និងជាអ្នកនិពន្ធសៀវភៅ «យន្ដហោះ MH370៖ អាថ៌កំបាំង» មិនព្យាយាមបង្ហាញថា អ្វីដែលលោកសរសេរ សុទ្ធតែជាការពិតទាំងស្រុងនោះទេ។ ប៉ុន្តែអ្នកនិពន្ធរូបនេះ បានបង្ហាញការគាំទ្រ នូវការរកឃើញរបស់លោក ដែលនិយាយថា ការបាត់ខ្លួនរបស់យន្ដហោះ កាលពីថ្ងៃទី៨ ខែមីនា កន្លងទៅនេះ មានជាប់ទាក់ទងនឹងការច្រឡំបាញ់ទម្លាក់ នៅក្នុងសមយុទ្ធយោធាមួយ ដែលធ្វើរួមគ្នារវាងប្រទេសថៃ និងសហរដ្ឋអាមេរិក នៅក្នុងសមុទ្រចិនខាងត្បូង។
សារព័ត៌មាន ស៊ីដនី ម័រនីង ហេរៀដ (Sydney Morning Herald) របស់ប្រទេសអូស្ត្រាលី បានលើកយកអត្ថន័យមួយចំនួនរបស់សៀវភៅ ដោយចាប់ផ្ដើមពីក្រុមអ្នកស៊ើបអង្កេត ដែលបានដាក់ទិសដៅទៅរកការ«សង្ស័យ»ដែលមិនត្រឹមត្រូវ បង្កឲ្យការច្រឡំបាញ់យន្ដហោះនេះ មិនដែលត្រូវបាននរណាម្នាក់ចាប់អារម្មណ៍ លើកយកមកនិយាយនោះទេ។ លោក ខាវថន បានសរសេរនៅក្នុងសេចក្ដីផ្ដើមថា «គ្រួសារជនរងគ្រោះ នឹងមិនអាចដឹងជារៀងរហូត ពីអ្វីដែលបានកើតឡើង ចំពោះគ្រួសាររបស់ពួកគេ»។
លោក បានសរសេរថា «តើពួកគេបានស្លាប់ទៅ ដោយក្ដីឈឺចាប់ ឬស្លាប់ទៅទាំងមិនដឹងខ្លួន? ឬពួកគេបានស្លាប់នៅក្នុងភាពដង្ហក់ ជាមួយនឹងអណ្ដាតភ្លើងដែលឆេះបំផ្ទុះយន្ដហោះ នៅលើមេឃ ដោយសារមនុស្សឆ្កួតណាម្នាក់ ជាអ្នកប្រព្រឹត្តិ?»
បាញ់ច្រឡំ រួចបំបិទសំនុំរឿង ...?
នៅក្នុងសៀវភៅ បានលើកយកសម្ដីសាក្សីមួយរូប លោក ម៉ៃ ម៉ាកខេ (Mike McKay) ជនជាតិញ៉ូហ្សេឡេន ដែលបានស្ថិតនៅក្នុងមូលដ្ឋានចម្រាញ់ប្រេងមួយ នៅក្នុងឈូងសមុទ្រថៃ ថាបានឃើញតួយន្ដហោះ បានឆេះនៅលើមេឃ នៅក្នុងពេលតែមួយ ដែលយន្ដហោះបានដាច់ទំនាក់ទំនង មកផែនដី។ អ្នកនិពន្ធបានភ្ជាក់ហេតុការណ៍នេះ ទៅនឹងសមយុទ្ធយោធា ដែលបានរៀបចំធ្វើរួមគ្នា រវាងប្រទសថៃ និងសហរដ្ឋអាមេរិក នៅក្នុងសមុទ្រចិនខាងត្បូង នៅពេលនោះ។
លោក ខាវថន បានសរសេរទៀតថា៖ «សមាជិកម្នាក់នៅក្នុងសមយុទ្ធ ទំនងជាបានបាញ់ដោយច្រឡំ ចំយន្ដហោះដែលភ្ជាប់ជើងហោះហើរ MH370 ពីរដ្ឋធានីកូឡាឡំពួរ ឆ្ពោះទៅកាន់រដ្ឋធានីប៉េកាំង។ រឿងបែបនេះធ្លាប់កើតមានរួចហើយ នៅក្នុងករណីឡុកខេប៊ី (Lockerbie ទីក្រុងមួយ នៅភាគខាងជើងនៃប្រទេសអង់គ្លេស) តែគ្មាននរណាចង់ឲ្យករណីនេះ កើតមានឡើងវិញនោះទេ។ ដូច្នេះ អ្នកដែលជាប់ពាក់ព័ន្ធនឹងការបាញ់ច្រឡំនេះ អាចនឹងស្ងាត់មាត់ ដោយសារតែមូលហេតុនេះ។»
ទីក្រុង ឡុកខេប៊ី ជាទីក្រុងតួចមួយរបស់ប្រទេសអង់គ្លេស ដែលត្រូវបានគេស្គាល់ពេញពិភពលោក នៅឆ្នាំ១៩៨៨ បន្ទាប់ពីយន្ដហោះ ប៉ានអាម 103 (Pan Am) ត្រូវបានក្រុមភេវរករវាយប្រហារឲ្យធ្លាក់នៅលើទីក្រុងនោះ ដើម្បីជាការសងសឹកទៅនឹងការបាញ់ដោយច្រឡំ របស់កងទ័ពជើងទឹកអាមេរិក ទៅលើយន្ដហោះដឹកទំនិញមួយនៃប្រទេសអៀរ៉ង់។
អ្នកនិពន្ធរូបនេះ បានបន្ទោសអ្នកសើបអង្កេតករណី នៃការធ្លាក់យន្ដហោះរបស់ក្រុមហ៊ុនម៉ាឡេស៊ី ថាបានផ្ដោតការសង្ស័យ ទៅក្នុងទិសដៅមួយដែលខុស។ ជាពិសេស «បន្ទាប់ពីគ្មានបំណែកណាមួយ ត្រូវបានរកឃើញ នៅក្នុងលំហខាងត្បូងនៃមហាសមុទ្រឥណ្ឌានោះ តែវាកាន់តែធ្វើឲ្យ មានការសង្ស័យខ្លាំងឡើង»៕