ពូទីន បង្ហាញយន្ដហោះប្រដេញ «MiG-35» ថាខ្លាំងជាងគេក្នុងលោក
- ដោយ: ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី២៨ មករា ២០១៧
- កែប្រែចុងក្រោយ: January 28, 2017
- ប្រធានបទ: សម្ភារៈសិក
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រធានាធិបតីរ៉ូស្ស៊ី លោក វ្លាឌីមៀរ ពូទីន (Vladimir Poutine) បានប្រកាសជាផ្លូវការ កាលពីថ្ងៃព្រហស្បត្តិ៍នេះ នូវការសាកល្បងយន្ដហោះ ប្រភេទប្រដេញថ្មីមួយ របស់កងទ័ពរ៉ូស្ស៊ី ឈ្មោះ «MiG-35»។ ការសាកល្បង ត្រូវបានធ្វើឡើង នៅក្នុងព្រលានយន្ដហោះក្រុង «Loukhovitsy» ដែលស្ថិតនៅភាគអាគ្នេយ៍ នៃរដ្ឋធានី ម៉ូស្គូ។ នេះ បើតាមសេចក្ដីរាយការណ៍ កាលពីម្សិលម៉ិញ របស់សារព័ត៌មាន «La Vanguardia» នៃប្រទេសអេស្ប៉ាញ។
បង្កើតចេញពីយន្ដហោះ«MiG-29» (ជំនាន់មុន) យន្ដហោះទើបនឹងចេញក្រោយ ឈ្មោះ «MiG-35» មានសមត្ថភាព អាចធ្វើការវាយប្រហារ ទាំងនៅលើអាកាស ទាំងនៅលើដី និងទាំងនៅក្នុងទឹក។ វាអាចផ្ទុក គ្រាប់បែកគ្រប់ប្រភេទ រួមនឹងកាំភ្លើងប្រតិកម្ម ដែលមានទំងន់សរុប រហូតដល់ទៅ ៧តោន។ ល្បឿនហោះហើររបស់វា មានកម្រិតដល់ «Mach 2,25» ដែលត្រូវនឹងល្បឿន ២៧០០០គីឡូម៉ែត្រ ក្នុងមួយម៉ោង។
លោក ពូទីន បានថ្លែង តាមរយៈវីដេអូ (Vidéoconférence) មួយថា៖ «ជាបថម ខ្ញុំសូមសំដែងការសរសើ ជូនទៅលោកអ្នកទាំងអស់ សម្រាប់ឱកាសថ្មី ដ៏សំខាន់ នៃការចាប់ផ្ដើម ដាក់ឲ្យហោះសាកល្បង នូវយន្ដហោះប្រដេញ ប្រភេទ "MiG-35"»។
នាយកសហគ្រាស ដែលជំនាញខាងការសាងសង់យានយន្ដ ទាំងនៅលើអាកាស ទាំងនៅក្នុងទឹក លោក «Iouri Slusar» បានប្រកាសឲ្យដឹងទៀតថា យន្ដហោះ «MiG-35» ត្រូវបានបង្កើតឡើង ដើម្បីធ្វើប្រតិបត្តិការ នៅក្នុងសមរភូមិក្ដៅ ជាពិសេស ដើម្បីប្រឆាំង នឹងប្រព័ន្ធការពារដែនអាកាស ដ៏ស្មុគ្រស្មាញបំផុត របស់សត្រូវ។
លោក «Iouri Slusar» បានថ្លែងបន្តថា៖ «នៅថ្ងៃនេះ យើងបានចាប់ផ្ដើម ធ្វើការសាកល្បងបង្ហោះ ទៅក្នុងលំហអាកាស នូវយន្ដហោះ "MiG-35" ដែលមានសមត្ថភាពច្រើនយ៉ាង»។
បន្ថែមពីលើសមត្ថភាព ដូចបានរៀបរាប់ខាងលើ យន្ដហោះនៅមានបំពាក់ ដោយប្រព័ន្ធត្រួតពិនិត្យដែនអាកាស (Radar) ដ៏ទំនើបនោះទៀត។ តែនៅមិនទាន់អស់នៅឡើយ... លោក «Iouri Slusar» បានបញ្ជាក់ថា សហគ្រាសបានត្រៀមលក្ខណៈសម្បត្តិមួយចំនួនទៀត ដើម្បីអាចឲ្យយន្ដហោះនេះ មានបំពាក់ដោយកាំភ្លើងប្រភេទថ្មី ឬប្រភេទ ដែលនឹងត្រៀមចេញប្រើ នៅក្នុងអានាគត ដូចជាកាំភ្លើងឡាស៊ែរ (Laser) ជាដើម៕
» វីដេអូបង្ហាញ ពីការហោះសាកល្បង យន្ដហោះប្រភេទថ្មីរ៉ូស្ស៊ី៖