យន្ដហោះបាត់ខ្លួន៖ រុករក១ខែ ចំណាយអស់ជាង ៥០លានដុល្លា!
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: April 08, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ដំណើរការរុករកប្រអប់ខ្មៅ បានកំពុងធ្វើយ៉ាងខ្លាំងក្លានៅឡើយ ដើម្បីចង់ដឹងពីអាថ៌កំបាំងនៃការបាត់ខ្លួន កាលពីមួយខែមុនរបស់យន្ដះហោះ ប៊ូអ៊ីង ៧៧៧ នៃក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ។ ប៉ុន្តែតម្លៃនៃការរុករក បានឈានដល់ដំណាក់កាលដ៏ខ្ពស់មួយ មិនធ្លាប់មាននៅក្នុងប្រវត្តិគ្រោះថ្នាក់យន្ដហោះ។ តម្លៃនៃការរុករក សម្រាប់រយៈពេលមួយខែនៅពេលនេះ មានតម្លៃស្មើនឹងការរុករកនៃការរុករក ក្នុងរយៈពេលពីរឆ្នាំ នៃគ្រោះថ្នាក់យន្ដហោះ អែរប៊ូស ដែលភ្ជាប់ការហោះបើរពីទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីល មករដ្ឋធានីប៉ារីស ប្រទេសបារាំង កាលពីឆ្នាំ២០០៩។
ការបន់ស្រន់ឧទ្ទិសទៅដល់ជនរងគ្រោះ នៅលើយន្ដហោះនៃជើងហោះហើរ MH370។ (រូបថត lnanews.com)
បាត់យន្ដហោះ - ជាការរុករកដែលថ្លៃជាងគេ នៅក្នុងប្រវត្តិគ្រោះថ្នាក់យន្ដហោះ ពីមុនមក។ ត្រឹមតែបួនសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីការបាត់ខ្លួននៃយន្ដហោះ ភ្ជាប់ជើងហោះហើរ MH370 ការចំនាយទៅលើការុករក បានកើនឡើងហួស៥០លានដុល្លា (ជាង៣៦លានអ៊ឺរ៉ូ)។ ការចំណាយនេះ បានបំបែកឯកត្តកម្មនៃការចំណាយក្នុងរយៈពេល២ឆ្នាំ ទៅលើការរុករកយន្ដហោះ របស់ក្រុមហ៊ុនអាកាសចរណ៍បារាំង អែរហ្វ្រង់ (Air France)ភ្ជាប់ការហោះហើរពីទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីល មករដ្ឋធានីប៉ារីស ប្រទេសបារាំង ដែលបានជួបគ្រោះថ្នាក់ធ្លាក់ នៅកណ្ដាលមហាសមុទ្រអាត្លង់ទិក កាលពីឆ្នាំ២០០៩កន្លងទៅ។
ការប៉ាន់ប្រមាណនៃការចំណាយនេះ ត្រូវបានលើកមកគណនា និងបង្ហាញដោយប្រព័ន្ធផ្សព្វផ្សាយជាតិមួយ របស់ប្រទេសអូស្ត្រាលី មានឈ្មោះថា ហ្វែរហ្វេក ម៉េឌៀ (Fairfax Media)។ ប្រទេសអូស្ត្រាលី ដែលនៅជិតនឹងទីកន្លែងដែលគេសង្ស័យថាយន្ដហោះបានធ្លាក់នោះ បានក្លាយជាប្រទេសជាប់ចំណាត់ថ្នាក់លេខពីរ ដែលបានចំណាយប្រាក់ច្រើនជាងគេ បន្ទាប់ពីប្រទេសចិន។ សារព័ត៌មាន ស៊ីនី ម័រនីង ហេរៀដ (Sydney Morning Herald) បានដកស្រង់ការប៉ាន់ប្រមាណនោះ មកផ្សាយថា ការចេញនាវាទាំងពីររបស់ប្រទេសអូស្ត្រាលី មកដល់ថ្ងៃនេះ បានចំណាយប្រាក់ច្រើនជាង១០លានដុល្លា (ជាង៧លានអ៊ឺរ៉ូ) រួចទៅហើយ។
ប្រទេសចិន ចាយលុយច្រើនជាងគេ
ប្រទេសដែលមានអ្នករងគ្រោះ ជាជនជាតិខ្លួនច្រើនជាងគេ (១៥៣នាក់) បានក្លាយជាអ្នកចូលរួមជួយរកយន្ដហោះ ដែលបានចំណាយប្រាក់ច្រើនជាងគេបំផុត។ អ្នកជំនាញមួយរូប ស្រង់សម្ដីដោយសារព័ត៌មាន ឆាណាថែម (China Times) បានអះអាងថា ការប្រើប្រាស់ប្រព័ន្ធផ្កាយរណបទាំង១២ របស់ប្រទេសចិន បានចំណាយអស់ប្រាក់ប្រមាណជា១៦លានដុល្លា (១២ លានអ៊ឺរ៉ូ)។ រដ្ឋាភិបាលចិនបានដាក់ពង្រាយ នៅក្នុងតំបន់រុករកផ្នែកខាងត្បូងនៃមហាសមុទ្រឥណ្ឌា នូវនាវាចំនួន៣គ្រឿង នាវាជ្រមុជទឹកមួយគ្រឿង យន្ដហោះ២គ្រឿង ដែលធ្វើឲ្យការចំណាយកាន់តែមានការកើនឡើងយ៉ាងសម្បើម។ នេះគេនៅមិនទាន់គិត ពីប្រេងឥន្ធនៈ ទឹក ចំណី និងប្រាក់ខែរបស់ក្រុមអ្នករុករកទាំងនោះនៅឡើយ។
ប្រទេសដែលជាប់ចំណាត់ថ្នាក់ទីបី ជាអ្នកចំណាយលុយជួយឈឺឆ្អាលក្នុងការរុករកនេះដែរនោះ គឺសហរដ្ឋអាមេរិក។ សារព័ត៌មាន ស៊ីនី ម័រនីង ហេរៀដ បានសរសេរទៀតថា កងទ័ពជើងទឹករបស់អាមេរិក (US Navy) បានចំណាយប្រាក់៣,៦លានដុល្លា (២,៦លានអ៊ឺរ៉ូ) ក្នុងការដាក់ពង្រាយឧបករណ៍មួយ និងនាវាយន្ដជ្រមុជទឹកមួយ ដើម្បីតាមរកប្រអប់ខ្មៅរបស់យន្ដហោះបាត់ខ្លួន។ ចំណែកឯមន្ទីរប៉ង់តាហ្គោន (ក្រសួងការពារជាតិអាមេរិក) ក៏បានប្រកាសកាលពីថ្ងៃពុធដែរ ថាបានចំណាយប្រាក់ចំនួន ៣,៣លានដុល្លា (២,៤លានអ៊ឺរ៉ូ) ផ្សេងទៀត ទៅលើនាវា និងយន្ដហោះ របស់ខ្លួន ក្នុងការជួយរុករកនេះរ។
ការចំណាយដែលអាចច្រើន«ខ្លាំង»ជាងនេះ
សារព័ត៌មានដដែល បានគណនាផងដែរ ពីទឹកប្រាក់ចំនួន ២៥លានដុល្លា (១៨លានអ៊ឺរ៉ូ) ដែលចំណាយទៅលើការហោះហើរ (នៃយន្ដហោះទាំងអស់ តែមិនមែនយន្ដហោះអាមេរិកទេ) ដែលមានរយៈពេល១០ម៉ោង ជារៀងរាល់សប្ដាហ៍ តាំងពីបាត់យន្ដហោះប៊ូអីញនោះមក។ ប្រទេសវៀតណាម ក៏បានចំណាយប្រាក់ ប្រមាណជា៨លានដុល្លា (៦លានអ៊ឺរ៉ូ) ដើម្បីតាមរកយន្ដហោះ នៅក្នុងសមុទ្រចិនខាងត្បូងនោះដែរ។
ប្រាក់ចំណាយខាងលើ ដែលបានដាក់បង្ហាញមកនេះ នៅមិនទាន់គិតពីសេវាស៊ើបអង្កេត របស់នគរបាល អ្នកស៊ើបអង្កេត និងអ្នកជំនាញ មកពីប្រទេសម៉ាឡេស៊ី អាមេរិក បារាំង និងអង់គ្លេស នោះផងទេ។ ដូច្នេះបើគិតមកដល់ពេលនេះ និងទៅក្នុងអនាគត ការចំណាយអាចនឹងមានចំនួនទ្វេដង ឬច្រើនជាងនេះមិនអាចស្មានដល់។ ជាងនេះទៅទៀត ក្ដីសង្ឃឹមក្នុងការរកឃើញប្រអប់ខ្មៅ ដើម្បីជាពន្លឺនៃការបាត់ខ្លួនរបស់យន្ដហោះប៊ូអីង របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអែរឡាញ ហាក់ដូចនៅឆ្ងាយនៅឡើយ បើទោះជាថ្មីនេះ នាវាចិននិងអូស្ត្រាលី ទើបនឹងបានទទួលរលកសញ្ញា សង្ស័យពីវត្តមានប្រអប់ខ្មៅក៏ដោយ៕
----------------------------------
ដោយ សេក មនោរកុមារ (ទំនាក់ទំនង៖ [email protected]) - ប៉ារីស ថ្ងៃទី០៧ មេសា ២០១៤